37 C
Phnom Penh

អ៊ីស្រាអែល​ចាប់ផ្ដើម​វាយ​សងសឹក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មីស៊ីល​របស់​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​ជាច្រើន​ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា នេះ បន្ទាប់ពី​អ៊ីស្រាអែល ព្រមាន​ថា​នឹង​សងសឹក​ចំពោះ​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់ កាលពី​សប្ដាហ៍​មុន ដែល​បាន​បាញ់​មក​លើ​អ៊ីស្រាអែល។

ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​ជាច្រើន​ក៏​បាន​ឱ្យ​ដឹង​ថា ស្នូរ​ផ្ទុះ​បាន​ផ្ទុះ​លាន់​ឮ​នៅ​ឯ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង Isfahan នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ីរ៉ង់។ ចំណែក​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN របស់​សហរដ្ឋ​អាមេរិក​វិញ ក៏​បាន​រាយការណ៍​ដែរ​ថា អ៊ីស្រាអែល​បាញ់​រយៈពេល​ខ្លី​ដោយ​វាយប្រហារ​ពី​យន្តហោះ​ដ្រូន និង​បាញ់​មីស៊ីល​លើ​អ៊ីរ៉ង់។

កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ថ្ងៃទី​១៣ ចូល​ដល់​ថ្ងៃ​អាទិត្យ ទី​១៤ មេសា អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល និង​ដ្រូន​ជាង ៣៥០​គ្រាប់​លើ​អ៊ីស្រាអែល។ ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ នេះ គឺជា​ការ​សងសឹក​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល លើ​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់ ក្នុង​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី​១ មេសា ដោយ​សម្លាប់​មនុស្ស ១៣​នាក់ ក្នុង​នោះ​មាន​ឧត្ដមសេនីយ៍​អ៊ីរ៉ង់ ២​នាក់​ផង​ដែរ។

ប៉ុន្តែ​ការ​វាយប្រហារ​សងសឹក​របស់​អ៊ីរ៉ង់ នេះ មិន​បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​មីស៊ីល និង​ដ្រូន​ភាគច្រើន​របស់​អ៊ីរ៉ង់ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ីស្រាអែល ដោយ​មាន​ការ​ជួយ​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង និង​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

តាម​គេហទំព័រ​អាកាសចរណ៍ FlightRadar24 បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍​នានា ផ្លាស់ប្ដូរ​ផ្លូវ​ហោះហើរ​ភ្លាមៗ​ដែល​ត្រូវ​ឆ្លងកាត់​ដែនអាកាស​អ៊ីរ៉ង់ តាមរយៈ​ការ​បង្វែរ​ទិសដៅ​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន​ផ្សេង ឬ​ត្រឡប់​ទៅ​កាន់​ទី​ចេញ​ដំណើរ​របស់​ខ្លួន​វិញ។

គេហទំព័រ​តាមដាន​ការ​ហោះហើរ FlightRadar24 បាន​ឱ្យ​ដឹង​ទៀត​ថា អ៊ីរ៉ង់​បាន​បិទ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Tehran, Shiraz និង Isfahan ហើយ​ត្រូវ​លុបចោល​នូវ​ជើងហោះហើរ​មកពី​តំបន់​ភាគ​ខាងលិច។

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ Flydubai បាន​ឱ្យ​ដឹង​ថា គណៈអភិបាល​ក្រុមហ៊ុន​បាន​លុបចោល​ជើងហោះហើរ​ទាំងអស់​ទៅ​កាន់​អ៊ីរ៉ង់ ដោយ​ចាប់ពី​ម៉ោង​នេះ​តទៅ។

តែ​ជាមួយ​គ្នា​នេះ កងទ័ព​អ៊ីរ៉ង់ បាន​ឱ្យ​ដឹង​ថា កងកម្លាំង​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ជាច្រើន​គ្រឿង បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ពី​ស្នូរ​ផ្ទុះ​នៅ​ក្បែរ​ទីក្រុង Isfahan ស្ថិត​នៅ​ភាគ​ខាង​កណ្ដាល​នៃ​ប្រទេស។

អ្នក​នាំពាក្យ​កងទ័ព​អាកាស​អ៊ីរ៉ង់ Hossein Dalirian បាន​និយាយ​ថា ដ្រូន​ជាច្រើន​គ្រឿង​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីរ៉ង់ បាញ់​ទម្លាក់​ដោយ​ជោគជ័យ។

ប៉ុន្តែ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់ ការ​ផ្ទុះ​ចំនួន ៣​លើក​បាន​កើតឡើង​នៅ​ក្បែរ​មូលដ្ឋាន​ទ័ព​អាកាស Shekari ស្ថិត​ក្បែរ​ទីក្រុង Isfahan ប៉ុន្តែ​មិន​បាន​បង្ក​ការ​ខូចខាត​អ្វី​ដល់​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង Isfahan ឡើយ។

ពី​បុរី​ញូវយ៉ក​ឯណោះ​វិញ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Hossein Amirabdollahian បាន​ទទូច​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចាប់​បង្ខំ​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​សកម្មភាព​កងទ័ព​វាយប្រហារ​លើ​អ៊ីរ៉ង់ តែ​បើ​មិន​បញ្ឈប់​ទេ អ៊ីរ៉ង់​នឹង​វាយប្រហារ​បក​វិញ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ បន្ត​ថា អ៊ីរ៉ង់​មាន​សិទ្ធិ​វាយ​ការពារ​ខ្លួន ហើយ​ក៏​មាន​សិទ្ធិ​វាយបក​ភ្លាមៗ​លើ​អ៊ីស្រាអែល។

ពិភពលោក​កំពុង​ដាក់​ការ​ព្រួយបារម្ភ​ថា បើ​អ៊ីស្រាអែល នៅតែ​បន្ត​វាយប្រហារ​លើ​អ៊ីរ៉ង់ ថែម​ទៀត ហើយ​បែរ​ជា​អ៊ីរ៉ង់ វាយបក​វិញ វា​នឹង​ទាញ​ទៅ​រក​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ហើយ​នឹង​ក្លាយ​ជា​សង្គ្រាម​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញូ ហ្គូតារ៉េ បាន​ថ្លែង​ពី​ទីក្រុង​ញូវយ៉ក ដោយ​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឆាប់​បន្ថយ​ភាព​តានតឹង​ជាបន្ទាន់ ខណៈ​ប្រទេស​ឧស្សាហកម្ម G-7 និង​សហភាព​អឺរ៉ុប ក៏​បាន​ប្រាប់​ទៅ​អ៊ីស្រាអែល បញ្ឈប់​ជាបន្ទាន់​ពី​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស