30 C
Phnom Penh

កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ពី​ស៊ុយអែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ Per Anger ពី​រដ្ឋាភិបាល​ស៊ុយអែត សម្រាប់​ឆ្នាំ​២០២៤ នេះ ក្នុង​នាម​កញ្ញា​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​ស្វិតស្វាញ​រហូត​ក្លាយ​ជា​អ្នកទោស​មនសិការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​រស់នៅ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

គេហទំព័រ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Forum For Levande Historia បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា ២០២៤ ឈឹម ស៊ីថរ។

គេហទំព័រ​នេះ​បាន​សរសេរ​ថា អ្នក​ឈ្នះ​រង្វាន់ Per Anger ឆ្នាំ​២០២៤ គឺ​កញ្ញា ឈឹម ស៊ីថរ ដោយសារតែ​អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បាន​ស៊ូទ្រាំ​នឹង​ការ​យាយី ព្រមទាំង​ការ​គំរាមកំហែង​ជាច្រើន​ឆ្នាំ រហូត​ជាប់​គុក​ដែល​មិន​អាច​មក​ប្រទេស​ស៊ុយអែត ដើម្បី​ទទួល​រង្វាន់​នេះ​បាន។

ប្រភព​ដដែល​លើកឡើង​ថា កញ្ញា ឈឹម ស៊ីថរ បាន​ក្លាយ​ជា​ឥស្សរជន​ឈាន​មុខ​គេ​ក្នុង​ការ​តស៊ូ​ដើម្បី​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​ច្បាប់​ការងារ ដែល​ត្រូវ​បាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដូច្នេះ​កញ្ញា​មាន​លក្ខណៈ​សម្បត្តិ​ស័ក្តិសម​ជា​អ្នក​ដឹកនាំ​ស្ត្រី​វ័យក្មេង និង​ជា​គំរូ​សម្រាប់​មនុស្ស​គ្រប់​រូប​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ជាង​នេះ​ទៀត កញ្ញា ឈឹម ស៊ីថរ ក៏​មាន​បំណង​ចង់​ឲ្យ​កម្មករ​ទាំងអស់​នៅ​កម្ពុជា យល់ដឹង​កាន់តែ​ច្បាស់​ថា ការ​តស៊ូ​មតិ​នានា គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ការ​តស៊ូ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​ធ្ងន់ធ្ងរ ខណៈ​ការ​ចាប់​ខ្លួន​អ្នក​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​ដាក់​ពន្ធនាគារ ការ​បំភិតបំភ័យ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេដឹកនាំ​សហជីព និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នានា ក៏​កាន់តែ​កើត​មាន​ខ្លាំង​ឡើង​ដែរ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ។

គេហទំព័រ​ដដែល​រៀបរាប់​ថា ជាច្រើន​ឆ្នាំ​មក​នេះ កញ្ញា ឈឹម ស៊ីថរ ទទួល​រង​នូវ​ការ​យាយី​ការ​គំរាមកំហែង និង​អំពើ​ហិង្សា​គ្រប់​រូបភាព ប៉ុន្តែ​កញ្ញា​នៅតែ​បន្ត​ការ​តស៊ូ​ដើម្បី​យុត្តិធម៌ ហើយ​ពេលនេះ កញ្ញា​ក៏​កំពុង​ជាប់​ពន្ធនាគារ​រង់ចាំ​ការ​កាត់ទោស​ថែម​ទៀត ប៉ុន្តែ​ទោះបីជា​ស្ថិត​ក្នុង​ជីវភាព​លំបាក​យ៉ាងណា​ក៏ដោយ ក៏​កញ្ញា ឈឹម ស៊ីថរ នៅតែ​បន្ត​លើក​ទឹកចិត្ត​ដល់​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត​ដែរ​សព្វថ្ងៃ​នេះ។

គេហទំព័រ​អន្តរជាតិ​ដដែល​នេះ បញ្ជាក់​ថា គណៈវិនិច្ឆ័យ​ពានរង្វាន់​អះអាង​ថា កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​រង្វាន់ Per Anger Prize នៅ​ឆ្នាំ​នេះ គឺ​ដោយសារតែ​ការ​ធ្វើ​ការងារ​មិន​ចេះ​នឿយហត់ និង​ការ​ប្ដេជ្ញាចិត្ត​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ភាព​ក្លាហាន និង​ការ​លះបង់​ដ៏​មហិមា​របស់​កញ្ញា គឺជា​ការ​បំផុស​គំនិត​ក្នុង​ការ​តស៊ូ​ដើម្បី​យុត្តិធម៌ ទោះ​ជាប់​គុក​ក៏​មិន​ព្រម​ចុះចាញ់​ដែរ។

កញ្ញា ឈឹម ស៊ីថរ ធ្លាប់​និយាយ​ថា «គេ​អាច​ដាក់​គុក​ខ្ញុំ​បាន ប៉ុន្តែ​គេ​មិន​អាច​បិទ​ស្មារតី​ប្រយុទ្ធ​របស់​ខ្ញុំ​បាន​ឡើយ»។

មន្ត្រី​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ការ​ផ្តល់​ជូន​ពានរង្វាន់ Per Anger Prize ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​របស់​ប្រទេស​ស៊ុយអែត គឺជា​កិត្តិយស ជា​សេចក្តី​ថ្លៃថ្នូរ និង​ជា​គុណ​តម្លៃ​សម្រាប់ ស៊ីថរ និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត ដែល​បាន​ចូលរួម​សកម្មភាព​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

លោក​បន្ត​ថា វា​គឺជា​លើកដំបូង​បង្អស់​ក្នុង​រយៈពេល ២០​ឆ្នាំ​ដែល​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​សកម្មជន​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​បង្ហាញ​ពី​ការ​គាំទ្រ​របស់​បណ្តា​ប្រទេស​លោក​សេរី ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

ក្នុង​ឱកាស​នេះ លោក​សូម​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិនិត្យ​ពិចារណា និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​កញ្ញា ឈឹម ស៊ីថរ និង​ថ្នាក់​ដឹកនាំ​សហជីព សកម្មជន​សហជីព និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត រួម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​សំណុំរឿង​វិវាទ​ការងារ​នេះ​ផង​ដែរ ក្នុង​បុព្វហេតុ​លើក​កម្ពស់​លំហ​សេរីភាព​ផ្នែក​សមាគម​នៅ​កម្ពុជា។

ពានរង្វាន់ Per Anger គឺជា​រង្វាន់​អន្តរជាតិ​មួយ​របស់​រដ្ឋាភិបាល​ស៊ុយអែត សម្រាប់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ដើម្បី​ជា​ការ​ចងចាំ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ការទូត​ឈ្មោះ Per Anger ដែល​គាត់​បាន​ធ្វើ​កិច្ចការ​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ ក្នុង​ការ​ជួយ​សង្គ្រោះ​ជនជាតិ​យូដា និង​ជនជាតិ​ហុងគ្រី ពី​អំពើ​ឃោរឃៅ​នានា​នៅ​ពេល​នោះ។

អង្គការ​អន្តរជាតិ​ចំនួន ៩ បាន​ចូលរួម​ក្នុង​ការងារ​ផ្តល់​ពានរង្វាន់ Per Anger នៅ​ឆ្នាំ​២០២៤ នេះ ដូចជា អង្គការ Civil Rights Defenders អង្គការ Kvinna Foundation អង្គការ We Effect អង្គការ Church of Sweden និង​អង្គការ​ចំនួន​ប្រាំ​ទៀត។

កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ធ្លាប់​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​សកលលោក ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ថា​ការ​ផ្ដល់​ពានរង្វាន់​នេះ ជា​ទង្វើ​ដែល​ជំរុញ ឬ​ផ្តល់​កម្លាំង​ដល់​ក្រុម​ជាក់លាក់​ដែល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​កេង​យក​ប្រយោជន៍​ពី​ស្ថានការណ៍ ដើម្បី​បម្រើ​របៀបវារៈ​លាក់​ពុត​របស់​ខ្លួន​ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទៅ​វិញ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យ៉ាង​ហិង្សា​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ អំឡុង​ពេល​កញ្ញា​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​កូដករ​ផ្សេង​ទៀត និង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ២​ខែ ប៉ុន្តែ​កញ្ញា​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ កាលពី​ខែ​មីនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​សាជាថ្មី​ទៀត កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​កញ្ញា​ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហព័ន្ធ​សហជីព​អន្តរជាតិ ITUC នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី។

ទាក់ទិន​នឹង​បញ្ហា​នេះ សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​សហព័ន្ធ​សហជីព​អន្តរជាតិ ITUC បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ពេល​កន្លង​ទៅ​ថា ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​លើ​កញ្ញា ឈឹម ស៊ីថរ ពី​ការ​អនុវត្ត​សិទ្ធិ​សហជីព និង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ​សម្រាប់​ការ​ចូលរួម​កិច្ចប្រជុំ​សហជីព គឺ​មិន​មាន​ភាព​ស្រប​គ្នា​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ដោយ​ស្ម័គ្រចិត្ត​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​១៩៩៩ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស