មន្ត្រីគណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ចាម ដែលកំពុងជាប់ពន្ធនាគារ បានអំពាវនាវចេញពីពន្ធនាគារ ឱ្យមន្ត្រី និងសមាជិកគណបក្សកម្លាំងជាតិទាំងអស់ រក្សាស្មារតីសាមគ្គីរួបរួម ស្មោះត្រង់នឹងគណបក្សបន្តទៀត ជាពិសេសក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តនៅចុងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបន្តវេនរបស់អ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាទៅថ្ងៃមុខ។
អនុប្រធានក្រុមការងារបណ្ដោះអាសន្នរបស់គណបក្សកម្លាំងជាតិខេត្តកំពង់ចាម និងជាបេក្ខជនក្រុមប្រឹក្សាខេត្តលេខរៀងទី១ គឺលោក មី សេងហ៊ ហៅ គា វិសាល បានចេញលិខិតមួយពីពន្ធនាគារដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៩ មេសា នេះ បានអំពាវនាវឱ្យអង្គបោះឆ្នោតទាំងអស់ដែលត្រូវចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តនៅអំឡុងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ បោះឆ្នោតគាំទ្រគណបក្សកម្លាំងជាតិគ្រប់ៗគ្នា ដើម្បីបន្តវេនរបស់អ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាទៅថ្ងៃមុខតទៅទៀត។
លិខិតរបស់លោក មី សេងហ៊ លើកឡើងថា គណបក្សកម្លាំងជាតិ គឺជាបក្សដែលត្រូវបន្តបេសកកម្មពីគណបក្ស សម រង្ស៊ី ដែលក្លាយមកជាគណបក្សភ្លើងទៀន នៅពេលនេះ ដូច្នេះសមាជិកគណបក្សកម្លាំងជាតិទាំងអស់ ត្រូវតែរក្សាភាពស្មោះត្រង់ រឹងមាំ និងក្លាហានជាមួយគណបក្សកម្លាំងជាតិជានិច្ចតទៅថ្ងៃមុខ ជាពិសេសក្រុមប្រឹក្សាជាប់ឆ្នោតដែលកើតចេញពីគណបក្សភ្លើងទៀន សព្វថ្ងៃនេះ។
មន្ត្រីគណបក្សកម្លាំងជាតិរូបនេះបញ្ជាក់ថា គុកអាចឃុំឃាំងបានត្រឹមតែខ្លួនប្រាណរបស់លោកប៉ុណ្ណោះ ប៉ុន្តែគុកមិនអាចឃុំឃាំងមនសិការ និងឧត្ដមគតិរបស់លោកបានទេ ដូច្នេះឧបសគ្គដែលកំពុងកើតមានចេញពីការតស៊ូដើម្បីសេរីភាព ដើម្បីប្រជាធិបតេយ្យរបស់លោកនៅពេលនេះ គ្រាន់តែជាសុបិនអាក្រក់ដូចលោកដេកលក់មួយពេលតែប៉ុណ្ណោះ ព្រោះលោកដឹងថា ការងារនយោបាយនៅកម្ពុជា គឺត្រូវតែដាក់ជីវិតជាដើមទុន។
លោក គា វិសាល បញ្ជាក់ថា ប្រសិនបើលោកគ្មានការលះបង់ធំដើម្បីចាញ់ទេ នោះក៏មានការលះបង់ធំគ្រប់គ្រាន់ដើម្បីឈ្នះដែរ ព្រោះបើអ្នកនយោបាយអាចយកឈ្នះនយោបាយអាក្រក់ នោះគេនឹងមានកេរ្តិ៍ឈ្មោះល្អរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រខ្មែរ ប៉ុន្តែបើអ្នកនយោបាយចុះចាញ់នឹងនយោបាយអាក្រក់ នោះគេក៏ច្បាស់ជាមានកេរ្តិ៍ឈ្មោះអាក្រក់រាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រខ្មែរដូច្នោះដែរ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក មី សេងហ៊ ហៅ គា វិសាល នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈតាមបណ្តឹងសមាជិកគណបក្សប្រជាជនកម្ពុជា លោក ម៉ៃ ហុងស្រៀង និងត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារម១ ឬពន្ធនាគារព្រៃស កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។
ទាក់ទិននឹងបញ្ហានេះ អតីតសកម្មជនគណបក្សសង្គ្រោះជាតិលោក មី សេងហ៊ ហៅ គា វិសាល ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារម្ដងរួចមកហើយអំពីបទញុះញង់ ក្រោយរងនូវការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីឆ្នាំ២០១៩ កន្លងទៅនោះ ប៉ុន្តែលោកត្រូវបានដោះលែងវិញកាលពីខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ចំនួនរយៈពេល ១ឆ្នាំពេញនៅក្នុងពន្ធនាគារ។
កន្លងមក មន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ពីបទ «រួមគំនិតក្បត់» ក្រោយប្រកាសគាំទ្រមាតុភូមិនិវត្តន៍ ០៩ វិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី ហើយមកទល់នឹងពេលនេះ មានមន្ត្រីគណបក្សសង្គ្រោះជាតិខ្លះនៅជាប់ឃុំក្នុងពន្ធនាគារនៅឡើយ និងមានខ្លះទៀតត្រូវបានតុលាការសម្រេចដោះលែង ក្រោយពេលពួកគេសុំទោស និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា សព្វថ្ងៃនេះមានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលប្រមាណជា ៥០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេហ៊ានបញ្ចេញមតិស្របតាមស្មារតីរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈគណបក្សនយោបាយដែលចូលរួមមានតែ ៣គណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ មន្ត្រី សមាជិក និងសកម្មជនរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បានរងនូវការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរពីគណបក្សប្រជាជនកម្ពុជា ដូចជា ការចោទប្រកាន់ និងការចាប់ខ្លួន ជាដើម៕