31 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន​ជឿ​ថា​ជំនួយ​អាមេរិក​ដែល​សភា​សម្រេច​អនុម័ត នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន​ឈ្នះ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​រយៈពេល ៦​ខែ​ចុងក្រោយ​នេះ សមរភូមិ​ជាច្រើន​ដែល​ទ័ព​អ៊ុយក្រែន វាយ​យក​បាន​ពី​រុស្ស៊ី កាលពី​ក្នុង​យុទ្ធនាការ​វាយបក​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣ កំពុង​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី វិញ​ហើយ។

អ៊ុយក្រែន បាន​ប្រាប់​ក្រុម​ផ្ដល់​ជំនួយ​ថា អ៊ុយក្រែន​កំពុង​ចុះ​ខ្សោយ​ខ្លាំង​ណាស់​នូវ​ការ​វាយបក​វិញ ដោយសារ​ខ្វះ​គ្រាប់កាំភ្លើង​ធំ មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស។

លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បាន​ទទូច​ទៅ​ក្រុម​សមាជិក​ណាតូ ក្រុម​បស្ចិម​ប្រទេស ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 ជាពិសេស​សហរដ្ឋ​អាមេរិក ត្រូវ​បន្ថែម​ជំនួយ​យោធា​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ ទីតាំង​ជាច្រើន​នឹង​បន្ត​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី។

លោក ហ្សេឡេនស្គី បាន​ថ្លែង​ដូចនេះ​ស្រប​ពេល​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ចេញ​បទបញ្ជា​ឱ្យ​កងទ័ព​របស់​លោក​វាយ​យក​ឱ្យ​បាន​ខេត្ត​ចំនួន ២ នៅ​ក្នុង​តំបន់​ដុនបាស ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដែល​មាន​ខេត្ត​ដូណេត និង​ខេត្ត​លូហាន។

តំបន់​ដុនបាស មាន​ផ្ទៃដី​ជិត ៦​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ តំបន់​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ដោយសារ​ក្រុម​កម្លាំង​បំបែក​រដ្ឋ​វាយ​យក​ទឹកដី​មក​គ្រប់គ្រង ដោយ​ក្រុង​មូស្គូ ជា​អ្នក​រៀបចំ​ជំនួយ​សព្វាវុធ​តាំងពី​ឆ្នាំ​២០១៤ នៅ​ពេល​ក្រុង​មូស្គូ កាត់​យក​បាន​ជ្រោយ​ឧបទ្វីប​គ្រីមៀរ តាមរយៈ​ប្រធានាធិបតី​អ៊ុយក្រែន លោក វិចទ័រ យ៉ាណាកូវិច បាន​ចុះហត្ថលេខា​យល់ព្រម​ប្រគល់​ដែនដី​នេះ​ឱ្យ​នៅ​ក្នុង​ចំណុះ​ប្រទេស​រុស្ស៊ី។

ប៉ុន្តែ​ភ្លាមៗ​នោះ ប្រជាជន​អ៊ុយក្រែន និង​កងទ័ព​របស់​ប្រទេស​នេះ បាន​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ដេញ​លោក វិចទ័រ យ៉ាណាកូវិច ចេញពី​តំណែង ហើយ​កាត់ទោស​ពី​ទោស​ក្បត់​ជាតិ។ លោក វិចទ័រ និង​គ្រួសារ​របស់​គាត់ បាន​រត់​ភៀសខ្លួន​ភ្លាម​ទៅ​នៅ​ប្រទេស​រុស្ស៊ី មក​ដល់​ពេលនេះ។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បង្កើន​កម្លាំង​ទ័ព និង​វាយលុក​យ៉ាង​ខ្លាំង​លើ​ទ័ព​អ៊ុយក្រែន ដោយ​បាញ់​កាំភ្លើង​ធំ​មួយ​ថ្ងៃ​ដល់​ទៅ​ជាង ៣​ម៉ឺន​គ្រាប់ និង​បាញ់​មីស៊ីល​រាប់​សិប​គ្រាប់​សឹង​រាល់​ថ្ងៃ ដែល​ធ្វើ​ឱ្យ​អ៊ុយក្រែន រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ។

ក្រុម​អ្នកវិភាគ​មកពី​វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន រួម​ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក ឡយ អូស្ទីន ព្រមាន​ថា បើ​សហរដ្ឋ​អាមេរិក ជាពិសេស​សភា​ជាន់​ទាប​របស់​អាមេរិក​នៅតែ​អូស​ពេលវេលា​ចំពោះ​ការ​អនុម័ត​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ឱ្យ​ទាន់​ស្ថានការណ៍ វា​គឺជា​ការ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី ឈ្នះ​សង្គ្រាម ហើយ​សហរដ្ឋ​អាមេរិក​នឹង​មាន​កំហុស​យ៉ាង​អាម៉ាស់។

ចំពោះ​លោក ចូ បៃដិន ដែល​ជា​ប្រធានាធិបតី​អាមេរិក ក៏​បាន​ថ្លែង​ថា បើ​អ៊ុយក្រែន ចាញ់​សង្គ្រាម អឺរ៉ុប​នឹង​ជួប​គ្រោះថ្នាក់ ហើយ​អាមេរិក​នឹង​អស់​ឥទ្ធិពល​ជា​ប្រទេស​មហាអំណាច​ដែល​ជួយ​រក​សន្តិភាព និង​យុត្តិធម៌​សម្រាប់​ប្រទេស​ទន់ខ្សោយ។

មិន​តែប៉ុណ្ណោះ ក្រុម​មេដឹកនាំ​បស្ចិម​ប្រទេស មេដឹកនាំ​ណាតូ ក៏​ព្រមាន​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ ប៉ុន្តែ​បាន​ស្នើ​បក្ស​នេះ​ឱ្យ​ឆាប់​ដូរ​ជំហរ​ជាបន្ទាន់​ចំពោះ​ការ​រាំង​ខ្ទប់​ជំនួយ​សម្រាប់​អ៊ុយក្រែន។ តែ​ពេលនេះ អ៊ុយក្រែន មាន​សង្ឃឹម​វិញ​ហើយ ព្រោះតែ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​២០ ខែ​មេសា បាន​អនុម័ត​កញ្ចប់​ជំនួយ​សរុប ៩៥​ពាន់​លាន​ដុល្លារ ទាំង​សម្រាប់​អ៊ុយក្រែន អ៊ីស្រាអែល និង​កោះ​តៃវ៉ាន់ ក្នុង​នោះ អ៊ុយក្រែន ទទួល​បាន​ជិត ៦១​ពាន់​លាន​ដុល្លារ។

ភ្លាមៗ​ក្រោយ​ទទួល​បាន​ដំណឹង​ដ៏​ល្អ ស្ដីពី​ការ​បោះឆ្នោត​យល់ព្រម​លើ​គម្រោង​កញ្ចប់​ថវិកា​ជួយ​អ៊ុយក្រែន ជិត ៦១​ពាន់​លាន​ដុល្លារ ដែល​អ៊ុយក្រែន​ទន្ទឹង​រង់ចាំ​ជា​យូរ​ខែ​មក​ហើយ​នេះ បាន​នាំ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​បង្ហោះ​សារ​វីដេអូ​មួយ​ភ្លាម ដោយ​ថ្លែង​អំណរគុណ​ដល់​សហរដ្ឋ​អាមេរិក។ លោក​បាន​លើកឡើង​ថា ថវិកា​នេះ​នឹង​មក​ជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​អ៊ុយក្រែន និង​ជួយ​ឲ្យ​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម ហើយ​លោក ពូទីន នឹង​ត្រូវតែ​បរាជ័យ។

កញ្ចប់​ថវិកា​នេះ​មាន​ទំហំ​ទឹកប្រាក់​ជិត ៦១​ពាន់​លាន​ដុល្លារ ដែល​ផ្ដោត​ខ្លាំង​លើ​ជំនួយ​សព្វាវុធ​ដែល​អ៊ុយក្រែន បាន​ទទូច​សុំ ហើយ​ក៏​មាន​ជំនួយ​ផ្សេង​ទៀត​ផង​សម្រាប់​ជួយ​ប្រជាជន និង​មន្ត្រី​រដ្ឋការ​នៃ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី។

ចំណែក​លោក ចូ បៃដិន បាន​អបអរ​ភ្លាមៗ​ដោយ​បាន​លើកឡើង​ថា សភា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​រឿង​មួយ​ដែល​ស័ក្តិសម​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

ប៉ុន្តែ​ចំពោះ​រុស្ស៊ី វិញ បាន​ប្រតិកម្ម​ថា ជំនួយ​ថវិកា​របស់​អាមេរិក​នេះ នឹង​មក​សម្លាប់​ប្រជាជន​អ៊ុយក្រែន កាន់តែ​ច្រើន​ជាង​មុន​ទៀត ហើយ​ប្រទេស​អ៊ុយក្រែន​កាន់តែ​វិនាស​ធ្ងន់ធ្ងរ។

អ្នក​នាំពាក្យ​របស់​វិមាន​ក្រឹមឡាំង បាន​ហៅ​ជំនួយ​របស់​អាមេរិក​ឱ្យ​អ៊ុយក្រែន ថា​ដូចជា​យក​សាំង​ទៅ​ជួយ​ពន្លត់​ភ្លើង​ទៅវិញ​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​រុស្ស៊ី ដក​ថយ​ការ​វាយលុក​នោះ​ដែរ។

កញ្ចប់​ថវិកា​ជំនួយ​ដែល​សភា​អាមេរិក​យល់ព្រម​អនុម័ត​នេះ មាន​ទំហំ​សរុប​រហូត​ដល់ ៩៥​ពាន់​លាន​ដុល្លារ។ ក្នុង​ចំណោម​ថវិកា​ជំនួយ ៩៥​ពាន់​លាន​ដុល្លារ​នោះ ៦០​ពាន់ ៨៤០​លាន​ដុល្លារ នឹង​ត្រូវ​ផ្ដោត​ទៅ​លើ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន ជា​ចម្បង ក្នុង​នោះ ២៣​ពាន់​លាន​ដុល្លារ សម្រាប់​បំពេញ​អាវុធ​របស់​យោធា​អាមេរិក​ឡើងវិញ។ ថវិកា ២៦​ពាន់​លាន​ដុល្លារ​សម្រាប់​វិបត្តិ​សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ក្នុង​នោះ ៩​ពាន់ ១០០​លាន​ដុល្លារ​សម្រាប់​តម្រូវការ​ផ្នែក​មនុស្សធម៌ និង ៨​ពាន់ ១២០​លាន​ដុល្លារ សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុង​នោះ​រួម​មាន​ទាំង​សម្រាប់​កោះ​តៃវ៉ាន់។

សហរដ្ឋ​អាមេរិក គឺជា​អ្នក​ផ្ដល់​សព្វាវុធ​ធំ​បំផុត​សម្រាប់​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដែល​បាន​ផ្ទុះឡើង​ចាប់តាំង​តែ​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក ប៉ុន្តែ​សភា​សហរដ្ឋ​អាមេរិក មិន​បាន​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​ទ្រង់ទ្រាយ​ធំ​ណា​មួយ​ឡើយ​សម្រាប់​អ៊ុយក្រែន គិត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២២ មក ដោយសារ​បញ្ហា​ខ្វែង​គំនិត​គ្នា​រវាង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ។

ឥឡូវ​នេះ មិនមែន​មាន​តែ​ប្រធានាធិបតី​អ៊ុយក្រែន នោះ​ទេ​ដែល​បាន​សម្ដែង​អរគុណ​សភា​សហរដ្ឋ​អាមេរិក គឺ​មេដឹកនាំ​ណាតូ លោក​អគ្គលេខាធិការ ជែនស្តូល ស្ទែនបឺក ក្រុម​មេដឹកនាំ​អឺរ៉ុប​ជាច្រើន បាន​ហៅ​សេចក្ដី​សម្រេច​របស់​សភា​សហរដ្ឋ​អាមេរិក គឺជា​សញ្ញា​វាយ​សំពង​ទៅ​លើ​របប​នៅ​ក្រុង​មូស្គូ ដែល​ជា​អ្នក​បញ្ឆេះ​សង្គ្រាម​នៅ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស