31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង វៀតណាម​នឹង​បញ្ជូន​ទ័ព​ឱ្យ​ទៅ​កាន់កាប់​ដី​ជួល​ពី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ឬ​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា នោះ​វៀតណាម នឹង​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​កម្លាំង​ទ័ព​របស់​ពួកគេ​ឱ្យ​ទៅ​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ និង​ដី​ដែល​ក្រុមហ៊ុន​វៀតណាម បាន​ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ម៉ឺន​ហិកតា ដោយ​យក​លេស​ការពារ​សន្តិសុខ និង​ផល​ប្រយោជន៍​របស់​គេ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​មេសា ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​ជួល​ដី​ឱ្យ​បរទេស​ជិតខាង​ក្នុង​រយៈពេល​វែង គឺជា​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​កម្ពុជា ព្រោះ​ការ​ជួល​ទឹកដី​របស់​ខ្លួន​ឱ្យ​បរទេស​ជិតខាង​បែប​នេះ ប្រទេស​នៅ​ជុំវិញ​ពិភពលោក​គេ​កម្រ​នឹង​ធ្វើ​ដូច្នេះ​ណាស់ ពីព្រោះ​វា​ជា​ហានិភ័យ​លើ​ដែន​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ។

បណ្ឌិត មាស នី លើកឡើង​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ជួល​ដី​ឱ្យ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​វែង ដូចជា ៥០​ឆ្នាំ ជាដើម ប៉ុន្តែ​ក្នុង​ពេល​ណា​មួយ​ស្រាប់តែ​កម្ពុជា​មាន​ជម្លោះ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​ដល់​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ដូច្នេះ​សំណួរ​ដែល​ត្រូវ​ចោទ ថា​តើ​វៀតណាម​នឹង​មាន​សិទ្ធិ​ស្រប​ច្បាប់​បញ្ជូន​កម្លាំង​ទ័ព​របស់​គេ​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​ការពារ​ដី​ដែល​ពួកគេ​បាន​ជួល​ពី​រដ្ឋាភិបាល​កម្ពុជា និង​ដី​ចំនួន ៤​ខេត្ត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែរ​ឬ​ទេ?

បណ្ឌិត មាស នី បាន​ដាស់តឿន​ថា កម្ពុជា​មិន​អាច​ផ្ដេកផ្ដួល​ទៅ​លើ​បរទេស​ជ្រុល​ពេក​នោះ​ទេ ព្រោះ​ការ​ពឹង​ផ្អែក​លើ​បរទេស​ហួសហេតុ ទោះជា​វៀតណាម ចិន ឬ​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​កម្ពុជា​គ្មាន​ចំណេញ​អ្វី​នោះ​ដែរ ផ្ទុយទៅវិញ កម្ពុជា​អាច​នឹង​ក្លាយ​ជា​ទីលាន​សង្គ្រាម​ក្នុង​ការ​ផ្លោង​គ្រាប់​មីស៊ីល​ដាក់​គ្នា​របស់​បរទេស​ទាំងនោះ​ទៅវិញ​តែប៉ុណ្ណោះ ប្រសិនបើ​សន្តិសុខ​ក្នុង​តំបន់​ប្រែ​ទៅ​រក​ភាព​អាក្រក់​ក្នុង​ពេល​ចៃដន្យ​ណា​មួយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម មិន​សូវ​ស៊ីសង្វាក់​គ្នា​ដូច​ពេល​កន្លង​មក​នោះ​ទេ បន្ទាប់ពី​វៀតណាម សង្ស័យ​មក​លើ​កម្ពុជា ជុំវិញ​ការ​សាងសង់​ព្រែកជីក​ហ្វូណន និង​សង្ស័យ​ពី​ការ​ផ្តល់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ទៅ​ឱ្យ​ចិន ធ្វើ​ជា​មូលដ្ឋាន​យោធា​នៅ​ពេលនេះ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ការ​ជួល​ដី​ខ្មែរ​រាប់​ម៉ឺន​ហិកតា​ឱ្យ​វៀតណាម កន្លង​មក គឺជា​ទង្វើ​ដ៏​ខុសឆ្គង​ធ្ងន់ធ្ងរ​ជាទីបំផុត ពីព្រោះ​កិច្ចសន្យា​ជួល​ដី​ទាំងនោះ វៀតណាម​មិនមែន​សម្លឹង​ឃើញ​ត្រឹមតែ​ដើម្បី​បម្រើ​សេដ្ឋកិច្ច​ជាតិ​របស់​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វៀតណាម ក៏​បាន​សម្លឹង​ឃើញ​ពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​រួច​ទៅ​ហើយ​ដែរ។

លោក ម៉ែន ណាត បញ្ជាក់​ថា ប្រសិនបើ​ស្ថានភាព​នោះ​កើតឡើង​មែន កម្ពុជា​មិន​អាច​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ឱ្យ​ជួយ​ការពារ​ទឹកដី​របស់​ខ្លួន​បាន​ទេ ដូច្នេះ​បើ​កម្ពុជា​មិន​ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ និង​បញ្ឈប់​ការ​ជួល​ដី​ឱ្យ​វៀតណាម ទេ នោះ​កម្ពុជា​ច្បាស់​ជា​ប្រឈម​នឹង​ការ​បាត់បង់​ទឹកដី​បន្ត​ទៀត​ក្រោម​កិច្ចព្រមព្រៀង​ដែល​លោក ហ៊ុន សែន អនុវត្ត​ជាមួយ​វៀតណាម​នា​ពេល​កន្លង​មក​នោះ​ជាមិនខាន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ថា ដី​ឯកជន​របស់​រដ្ឋ​ដែល​បាន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កន្លង​មក គឺ​មាន​រយៈពេល​មក​ត្រឹម ៥០​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​កាត់បន្ថយ​ពី​រយៈពេល ៩៩​ឆ្នាំ​ដែល​រដ្ឋាភិបាល​បាន​ជួល​ឱ្យ​ក្រុមហ៊ុន​វៀតណាម កន្លង​មក។

គិត​ត្រឹម​ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ​ឃើញ​ថា មាន​ក្រុមហ៊ុន​ឯកជន​ជាង ៦០​ក្រុមហ៊ុន (៦៤​ក្រុមហ៊ុន) ដែល​ជួល​ដី​រយៈពេល ៥០​ឆ្នាំ ក្នុង​ចំណោម​ក្រុមហ៊ុន​ជាង ២០០​ក្រុមហ៊ុន (២៣១​ក្រុមហ៊ុន) ដែល​បាន​ជួល​ដី​កម្ពុជា​ប្រមាណ​ជា ១​លាន ១​សែន​ហិកតា ក្នុង​នោះ រដ្ឋាភិបាល​បាន​យក​ថ្លៃ​ឈ្នួល​ដី​ត្រឹមតែ ៥​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង ១​ហិកតា ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​បាន​សម្អាត​ព្រៃ​ដោយ​ខ្លួនឯង។

ក្រៅពី​ជួល​ដី​ឱ្យ​ក្រុមហ៊ុន​វៀតណាម រដ្ឋាភិបាល​ក៏​បាន​ដាក់​ខេត្ត​របស់​ខ្លួន​ចំនួន ៤ ដូចជា​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ចូល​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​ឡាវ និង​វៀតណាម តាំងពី​ឆ្នាំ​១៩៩៩ មក​ផង​ដែរ ដែល​គេ​ហៅថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ឬ CLV ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បារម្ភ​ជា​ខ្លាំង​ពី​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​ដែល​អាច​នឹង​គំរាមកំហែង​ពី​ប្រទេស​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស