29 C
Phnom Penh

តុលាការ​ចេញ​ដីកា​បញ្ឈប់​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ សភា បន្ទាប់ពី​សុំ​អភ័យទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បញ្ឈប់​ឱ្យ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ចាប់ពី​ពេល​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត។

ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ នេះ ចេញ​ដីកា​បង្គាប់​ដល់​សមត្ថកិច្ច​ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ចាប់ពី​ពេលនេះ​តទៅ។ ការ​ចេញ​ដីកា​បញ្ឈប់​ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ត្រាស់​បង្គាប់​លើកលែង​ទោស​ឱ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ សភា ដែល​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ បន្ទាប់ពី​លោក គង់ សភា ទទួលស្គាល់​កំហុស និង​ស្នើសុំ​ឱ្យ​លោក ហ៊ុន ម៉ាណែត អន្តរាគមន៍​លើកលែង​ទោស ដើម្បី​ឱ្យ​លោក​អាច​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង លោក គង់ សភា បាន​ចេញ​លិខិត​មួយ​ដោយ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ​ជួយ​អន្តរាគមន៍​លើកលែង​ទោស​ឱ្យ​រូបលោក ដែល​តុលាការ​បាន​ផ្ដន្ទាទោស​កន្លង​មក ព្រមទាំង​សុំ​ឱ្យ​ទម្លាក់​ចោល​នូវ​បទ​ចោទប្រកាន់​ទាំងអស់​ផង​ដែរ។

ក្នុង​លិខិត​នោះ លោក គង់ សភា រៀបរាប់​ថា លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ធ្លាប់តែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក ខណៈ​លោក ហ៊ុន ម៉ាណែត ក៏​បាន​ទទួល​យក​ការ​ស្នើសុំ​នេះ​ដែរ។

លោក គង់ សភា គឺជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ទៀត ដូចជា លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង ជាដើម ដែល​ត្រូវ​បាន​កាត់ទោស​ដោយ​កំបាំង​មុខ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ បន្ទាប់ពី​លោក​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​បាន​ចូលរួម​ក្នុង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ។

ក្រៅពី​ជាប់​ទោស​ខាងលើ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ក៏​ត្រូវ​រង​ការ​ចោទប្រកាន់​ពី​បទល្មើស​ផ្សេង​ទៀត​ដែរ។ ជាក់ស្តែង កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ លោក គង់ សភា ក៏​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ (PEC) ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល ព្រមទាំង​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ចំនួន ២០​ឆ្នាំ​ថែម​ទៀត។ វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក គង់ សភា រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​ណែនាំ និង​ញុះញង់​ឲ្យ​អ្នក​បោះឆ្នោត​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូច​សន្លឹកឆ្នោត​ក្នុង​ដំណើរការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

ជាង​នេះ​ទៀត លោក គង់ សភា ក៏​រង​នូវ​ការ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ពី​សាលដីកា​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ក្នុង​ចំណោម​សកម្មជន​សង្គម​ជាង ១០​នាក់​ផ្សេង​ទៀត (១៥​នាក់) និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ដូចជា លោក ហូរ វ៉ាន់ និង​លោក អ៊ូ ច័ន្ទឫទ្ធិ ជាដើម ដែល​ត្រូវ​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ កន្លង​ទៅ។

ក្រៅពី​ការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ក៏​ធ្លាប់​រង​ការ​វាយដំ​ពី​សមាជិក​នៃ​កង​អង្គរក្ស​លោក ហ៊ុន សែន នៅ​ក្រៅ​រដ្ឋសភា​កាលពី​ឆ្នាំ​២០១៥ ដែរ ខណៈ​ជន​ដៃ​ដល់​បាន​រង​នូវ​ការ​ផ្ដន្ទាទោស​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ពួកគេ​បែរ​ជា​ទទួល​បាន​ការ​តែងតាំង​តួនាទី​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅវិញ។

រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ លោក គង់ សភា បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ ប៉ុន្តែ​ពួកគេ​ក៏​បាន​រង​នូវ​ការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ទៀត​ដែរ ក្រោយ​ពេល​ដែល​លោក​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​កន្លង​មក​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​បាន ២​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១៩ មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​គណបក្ស​នេះ បាន​ស្នើសុំ​ការ​លើកលែង​ទោស និង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់ ក្នុង​ចំណោម​នោះ មន្ត្រី​ខ្លះ​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បើក​គណបក្ស​នយោបាយ​ដោយ​ខ្លួនឯង ខណៈ​មន្ត្រី​ខ្លះ​ទៀត​ក៏​បាន​ស្នើសុំ​ការ​លើកលែង​ទោស​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ជាក់ស្តែង លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ឪពុក និង​បងប្រុស​របស់​លោក គង់ សភា ក៏​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​ដែរ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដូចជា អ្នកស្រី លី ស្រីវីណា អ្នកស្រី ថាក់ ឡានី លោក សុន ឆ័យ ជាដើម ក៏​បាន​នាំគ្នា​សុំ​ការ​លើកលែង​ទោស និង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៀត ខណៈ​លោក ជា ប៉ូច ក៏​បាន​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស