អតីតតារាចម្រៀងផលិតកម្មហង្សមាស លោក សាពូន មីដាដា ក្រឡាស់សម្ដីថាខ្លួនធ្លាប់ទទួលបានលុយពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែជិតកន្លះលានដុល្លារអាមេរិក (៤២ម៉ឺនទៅ ៤៣ម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះ មិនមែនជិត ៧លានដុល្លារអាមេរិកទេ បន្ទាប់ពីលោក ហ៊ុន សែន ចេញសារព្រមានភ្លាមៗកាលថ្ងៃពុធ។
យ៉ាងណាក៏ដោយ អ្នកគាំទ្របក្សកាន់អំណាចរូបនេះមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ពីចំនួនលុយជាង ៦លានដុល្លារអាមេរិក (៦,៧លានដុល្លារ) ដែលខ្លួនបានអះអាងថា ទទួលបានពីលោក ហ៊ុន សែន កាលពីជាង ១០ឆ្នាំមុននោះ ថាជាការសរសេរដោយការភាន់ច្រឡំ ឬជាការគំរាមមិនឱ្យលោកនិយាយយ៉ាងណានោះទេ ហើយលោក សាពូន មីដាដា បានបិទរឿងនេះចោលមិនបកស្រាយតែម្តង។
អតីតតារាចម្រៀង និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាលោក សាពូន មីដាដា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មេសា នេះថា លោកសូមខមាទោសលោក ហ៊ុន សែន ជុំវិញការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកពីអំពីចំនួនលុយ ៦,៧លានដុល្លារអាមេរិកកាលពីថ្ងៃពុធ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក ហ៊ុន សែន។ ជាងនេះទៀត លោកថាការសរសេររបស់លោក ក៏បានធ្វើឲ្យមហាជនមានការភាន់ច្រឡំលើមេដឹកនាំបក្សកាន់អំណាចដែរ។
អតីតតារាចម្រៀងរូបនេះលើកឡើងថា សំណេរនោះត្រូវបានក្រុមប្រឆាំងមួយក្តាប់តូចយកទៅវាយប្រហារលើកិត្តិយសរបស់លោក ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលោក សាពូន មីដាដា បានបង្ហាញចំនួនលុយសាជាថ្មីថា លោក ហ៊ុន សែន ធ្លាប់បានផ្តល់លុយឱ្យខ្លួនពិតមែន ប៉ុន្តែមានចំនួនតែជាង ៤០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ មិនមែនជាង ៦លានដុល្លារអាមេរិកនោះទេ។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សាពូន មីដាដា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា សម្ពាយបុណ្យកុសលលាភជ័យព្រះឥន្ទប្រទានកាលពីជាង ១១ឆ្នាំមុន នូវទឹកប្រាក់ចំនួន ៦លាន ៧សែនដុល្លារអាមេរិក ព្រមទាំងផ្ទះវីឡានៅបុរី ប៉េងហួត បឹងស្នោ និងឡានម៉ាកសឺដេស ពណ៌ក្រហម ខ្សែកប្រាំតម្លឹងស្រោបពេជ្រ ១២ការ៉ាត់ដែលលោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ផ្តល់ឱ្យរូបលោក។
លោក សាពូន មីដាដា បញ្ជាក់ថា ទ្រព្យសម្បត្តិទាំងនោះត្រូវបានរលាយក្រោមស្នាដៃលោកទាំងអស់ ដោយមិនពាក់ព័ន្ធនឹងភរិយារបស់លោក គឺអ្នកស្រី សឿ សុធារ៉ា ដែលកំពុងមានស្មារតីមិនប្រក្រតីនៅពេលនេះឡើយ ហើយការរលាយទ្រព្យសម្បត្តិនេះ ក៏អាចបញ្ជាក់បានថា លោកគឺជាមនុស្សកញ្ជើធ្លុះបំផុតម្នាក់ដែរ។
យ៉ាងណាក៏ដោយ បន្ទាប់ពីលោក សាពូន មីដាដា បង្ហោះសារនេះបានតែ ៣ម៉ោងប៉ុណ្ណោះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក៏បានឆ្លើយតបទៅវិញភ្លាមៗថា លុយជិត ៧លានដុល្លារវាច្រើនណាស់ លោកគ្មានលទ្ធភាពផ្តល់ឱ្យលោក សាពូន មីដាដា នោះទេ ប៉ុន្តែលោកធ្លាប់ផ្តល់លុយឱ្យលោក សាពូន មីដាដា មែន តែត្រឹម ៣០ម៉ឺនដុល្លារប៉ុណ្ណោះ ដើម្បីឱ្យអតីតតារាចម្រៀងរូបនេះទៅទិញផ្ទះរស់នៅ។
លោក ហ៊ុន សែន បញ្ជាក់ថា ការសរសេររបស់លោក សាពូន មីដាដា បែបនេះ មិនត្រឹមតែបង្ហាញពីទង្វើបំផ្លាញខ្លួនឯងទេ តែក៏បង្ហាញពីការចង់បំផ្លាញរូបលោក និងភរិយារបស់លោកដែរ។
ទាក់ទិននឹងបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា នេះថា លោក ហ៊ុន សែន តែងតែយកលុយដែលបានមកពីការលួចទ្រព្យសម្បត្តិជាតិ ទៅទិញមនុស្សឱ្យបម្រើខ្លួន ដោយការជេរប្រមាថ និងលាបពណ៌បក្សប្រឆាំងអស់រាប់លានដុល្លារអាមេរិកកន្លងមក ហើយលុយដែលគាត់យកទៅទិញមនុស្សទាំងនោះ បើយកទៅអភិវឌ្ឍ និងសាងសង់ស្ពានវិញ គឺបានរាប់រយស្ពានឯណោះ។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយរូបដែលមានគណនីឈ្មោះ អេង ពន្លក បានសរសេររៀបរាប់កាលពីថ្ងៃពុធ ទី២៤ មេសា នេះថា ការបដិសេធរបស់លោក ហ៊ុន សែន ទៅកាន់លោក សាពូន មីដាដា ដែលថាលោកបានផ្តល់លុយត្រឹមតែ ៣០ម៉ឺនដុល្លារ មិនមែនជាង ៦លានដុល្លារអាមេរិកនោះ ក៏ជាចំនួនលុយច្រើនដែរ។
ប្រភពដដែលលើកជាសំណួរថា តើជាការពិតទេដែលលោក សាពូន មីដាដា អះអាងថាលោក ហ៊ុន សែន បានផ្តល់លុយឱ្យរូបលោកជាង ៦លានដុល្លារអាមេរិក។
លោកបន្ថែមថា បើជាការពិត តើលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោក ហ៊ុន សែន បានមកពីណា។ ជាងនេះទៀត តើអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហ៊ានបើកការស៊ើបអង្កេតពីប្រភពលុយនេះដែរឬទេ?
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការផ្តល់លុយរបស់លោក ហ៊ុន សែន ឱ្យលោក សាពូន មីដាដា ក្នុងទំហំទឹកប្រាក់ជិត ៧លានដុល្លារអាមេរិក គឺជាភាពមិនប្រក្រតីមួយទៅហើយ ប៉ុន្តែការផ្តល់ឱ្យជាលុយសុទ្ធដែលមិនបានប្រតិបត្តិការតាមធនាគារ ក៏ជាភាពមិនប្រក្រតីតមួយថែមទៀត។ ដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានតួនាទីសំខាន់ណាស់ក្នុងការស្រាវជ្រាវពីប្រភពលុយនេះ ថាតើលោក ហ៊ុន សែន ទទួលបានលុយទាំងនេះមកពីប្រភពណា និងផ្តល់ឱ្យអតីតតារាចម្រៀងរូបនេះក្នុងគោលបំណងអ្វី?
ប្រភពដដែល បញ្ជាក់ថា បើទោះបីជាលោក ហ៊ុន សែន អះអាងថាបានផ្តល់លុយឱ្យលោក សាពូន មីដាដា តែ ៣០ម៉ឺនដុល្លារអាមេរិកក៏ដោយ ក៏ត្រូវធ្វើការស៊ើបអង្កេតដែរ ដើម្បីឱ្យដឹងពីវត្ថុបំណងនៃការប្រើប្រាស់លុយនេះ និងប្រភពនៃលុយនេះផងដែរ ដើម្បីបញ្ជាក់ថាជាលុយស្អាតស្អំ ឬជាលុយខ្មៅ ស្របពេលដែលកម្ពុជាកំពុងរងនូវការចោទប្រកាន់ថា ជាប់ក្នុងអំពើលាងលុយកខ្វក់សព្វថ្ងៃនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក សាពូន មីដាដា បំភ្លឺពីមូលហេតុដែលលោកទទួលបានលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីលោក ហ៊ុន សែន បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕