31 C
Phnom Penh

អ្នក​​​សេដ្ឋកិច្ច​​​រិះគន់​​​​ខ្លាំង​ចំពោះ​សំណើរ​​បដិ​​​ដុល្លា​រូបនីយកម្ម​​​​របស់​​​ CNRP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រុមអ្នកសេដ្ឋកិច្ចបានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិក្នុងការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសក្នុងរយៈពេលមួយឆ្នាំក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយលើកឡើងថា កម្មវិធីនយោបាយនេះនឹងជា “គ្រោះមហន្តរាយ”  ហើយ “មិនអាចទៅរួច”។

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំងមួយរូបបានលើកឡើងពីជំហានដ៏ឆាប់រហ័សនៃបដិដុល្លារូបនីយកម្ម (មិនប្រើប្រាស់ប្រាក់ដុល្លារ) បើទោះជាសមាជិកគណបក្សមួយចំនួនមានមន្ទិលសង្ស័យថាតើគណបក្សមានគំនិតរួមគ្នា នៅពីក្រោយផែនការនេះឬក៏អត់។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា “ប្រសិនបើយើងមិនមានរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់យើងទេនោះ តើយើងអាចហៅវាថាជាប្រទេសរបស់ប្រទេសយើងម៉េចនឹងកើត?។ ការប្រើប្រាស់ប្រាក់រៀលខ្មែរនៅក្នុងសេដ្ឋ កិច្ចរបស់យើងគឺជាការចាំបាច់”។

cam-photo-dollar-channaបើទោះជាលោក យឹម សុវណ្ណ បានងាកចេញបន្តិចពីការសន្យារបស់លោកកាលពីពេលមុនថា នឹងលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារក្នុងរយៈពេល១ឆ្នាំ (ដោយថ្លែងថា បើទោះជាលោកគិតថារយៈពេល១ឆ្នាំគឺអាចធ្វើបានក្ដី ”រយៈពេលវែងឬខ្លីជាងនេះបន្តិចក៏មិនអីដែរ”) ក៏លោកបានបដិសេធដាច់អហង្ការថា ដំណើរការនេះមិនអាចចំណាយពេលដល់ទៅ៥ឆ្នាំនោះឡើយ ដោយលោកទទួលស្គាល់ត្រឹមតែថា១៨ខែអាចទទួលយកបាន។

លោកបានសួរថា “តើយើងមិនអាចធ្វើវាបានទេក្នុងរយៈពេល១ឆ្នាំ?” “អាចធ្វើបាន”។ កាលពីម្សិលមិញក្រុមអ្នកសេដ្ឋកិច្ចមិនយល់ស្របឡើយ ដោយលើកឡើងថា វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បើទោះជាវាអាចធ្វើបានក៏ដោយ។

លោក ចាន់ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាអាចជាគ្រោះមហន្តរាយ ទាក់ទិននឹងទំនុកចិត្ត។ ការផ្លាស់ប្ដូរក្នុងរយៈពេល១យប់ ផ្លាស់ប្ដូរក្នុងរយៈពេល១ឆ្នាំ វានឹងបង្កការរំខានច្រើនណាស់”។

លោក ជូ ង៉ែត ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting បានមានប្រសាសន៍ថា ផែនការនេះ “មិនអាចទៅរួចទេ”។ លោក ជូ ង៉ែត បានថ្លែងថា “ការបើកប្រាក់ខែនៅក្នុងវិស័យឯកជន…នៅតែជាប្រាក់ដុល្លារអាមេរិកដដែល។ វាត្រូវការការខិតខំប្រឹងប្រែងច្រើនណាស់ដើម្បីកសាងឱ្យទៅជាប្រព័ន្ធបច្ចុប្បន្ន ផ្លាស់ប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល”។

នៅពេលសួរថាតើលោកគិតថា ផែនការនេះអាចធ្វើទៅបានឬយ៉ាងណានោះ លោក Miguel Chanco អ្នកវិភាគជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Economist Intelligence Unit បានឆ្លើយតបថា “ពិតជាមិនអាចទៅរួចទេ”។

ដោយលើកឡើងពីប្រទេសវៀតណាម ជាប្រទេសជិតខាងដែលបានចំណាយពេល១ទសវត្សរ៍ក្នុងការកាត់បន្ថយការដាក់ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសពី៣០ភាគរយមក១២ភាគរយ លោកបានថ្លែងថា “ការប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងប្រទេសកម្ពុជាគឺនៅតែទូលំទូលាយណាស់ ដូច្នេះកុំថាឡើយអាចសម្រេចគោលបំណងនេះបានក្នុងរយៈពេល១ឆ្នាំ ទោះបីជា១ទសវត្សរ៍ក៏មិនអាចសម្រេចបានដេរ”។

លោក Chanco បានថ្លែងថា បច្ចុប្បន្ននេះ ៩៥ភាគរយនៃការដាក់ប្រាក់បញ្ញើក្នុងប្រទេសកម្ពុជាជារូបិយប័ណ្ណបរទេស។

លោក យឹម សុវណ្ណ មិនភ្ញាក់ផ្អើលនឹងការរិះគន់នេះទេ។ លោកបាននិយាយពីក្រុមអ្នកសេដ្ឋកិច្ចទាំងនោះថា “ទុកឱ្យពួកគេធ្វើការងាររបស់ពួកគេចុះ ហើយខ្ញុំនឹងធ្វើការងាររបស់ ខ្ញុំ។លោកបានបន្ថែមថា “ប្រសិនបើអ្នកដឹកនាំប្រទេសមិនអាចប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចនោះ វាជាការគួរឱ្យខ្មាសអៀន”។

ទន្ទឹមនឹងនោះដែរ លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា សំណើរបស់លោក យឹម សុវណ្ណ មិនទាន់ជាកម្មវិធីនយោបាយផ្លូវការរបស់គណបក្សនៅឡើយទេ។

លោក សុន ឆ័យ បានមានប្រសាសន៍កាលពីម្សិលមិញថា “កម្មវិធីនយោបាយនេះត្រូវបានស្នើឡើងដោយលោក យឹម សុវណ្ណ តែប៉ុណ្ណោះ ប៉ុន្តែគណបក្សមិនទាន់យល់ស្របនឹងកម្មវិធីនយោបាយនោះនៅឡើយទេ”។ លោកបានបន្ថែមថា “យើងត្រូវធ្វើការសិក្សាបន្ថែមទៀត”។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សមិនបានឆ្លើយតបចំពោះសំណើតាមអុីម៉េលសុំការបញ្ជាក់បន្ថែមពីកម្មវិធីនយោបាយរបស់គណបក្សប្រឆាំងឡើយ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្ននេះរស់នៅក្នុងភាពនិរទេសខ្លួនក្នុងប្រទេសបារាំង ប៉ុន្តែដែលនៅតែដើរតួដ៏សំខាន់ក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រឆាំងដដែលនោះ បានលើកឡើងតាមអុីម៉េលថា ការស្នើឡើងរបស់លោក យឹម សុវណ្ណ ឱ្យលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារនោះគឺត្រឹមត្រូវ បើទោះជាកាលវិភាគរបស់លោកតឹងតែងពេកក៏ដោយ។

លោក សម រង្ស៊ី បានសរសេរថា “លោក យឹម សុវណ្ណ និយាយត្រូវក្នុងការចង្អុលបង្ហាញទៅនឹងតម្រូវការក្នុងការកាត់បន្ថយជាបន្ទាន់នូវកម្រិតនៃការប្រើប្រាស់ប្រាក់ដុល្លារ។ ប៉ុន្តែសំណើនេះអាចសម្រេចបានឆាប់រហ័ស ឬក៏សន្សឹមៗនោះ អាស្រ័យលើកាលៈទេសៈ និងឱកាសដែលកើតឡើងនៅពេលគណបក្សសង្គ្រោះជាតិកាន់អំណាច ហើយចាប់ផ្ដើមស្ដារទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចកម្ពុជាក្រោមរដ្ឋាភិបាលប្រជាធិបតេយ្យ”។

ទន្ទឹមនឹងនោះដែរ លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានព្យាយាមពន្យល់ថាមូលហេតុដែលគណបក្សសង្គ្រោះជាតិជំរុញគោលនយោបាយសេដ្ឋកិច្ចដ៏ចម្រូងចម្រាសបែបនេះ ប្រហែលជាដោយសារតែកង្វះគោលភាពនយោបាយជាក់ស្ដែង។

លោក ឆាំ ប៊ុនថេត ដែលក៏ជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែរនោះបានមានប្រសាសន៍ថា “ខ្ញុំគិតថា ពួកគេព្យាយាមកសាងស្មារតីជាតិនិយមដើម្បីលើកកម្ពស់ប្រាក់រៀលខ្មែរ។ ប៉ុន្តែ បើនិយាយពីនយោបាយវិញ ខ្ញុំគិតថាវាពិតជាមិនជះឥទ្ធិពលដល់អ្នកបោះឆ្នោតឡើយ”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស