29 C
Phnom Penh

ក្រុមហ៊ុន​​​​​​សហរដ្ឋ​​​អាេមរិកផ្តល់​​​ពិន្ទុ​​​ខុស​​​ៗគ្នា​​​ចំពោះ​​​បរិយាកាស​​​ធុរកិច្ច​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​

បទវិភាគ

យោងតាមការស្ទាបស្ទង់មតិថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគជាទូទៅនៅក្នុងប្រទេសនេះ ប៉ុន្តែនៅមានការមិនពេញចិត្តចំពោះអំពើពុករលួយ រចនាសម្ព័ន្ធពន្ធដារ និងឥរិយាបថចំពោះសហរដ្ឋអាេមរិក ហើយអ្វីដែលជាបញ្ហាមិនពេញចិត្តមួយទៀតនោះ គឺពិបាករកកម្មករជំនាញដែលស៊ីថ្លៃថោក។

ធ្វើឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាេមរិកកាលពីឆ្នាំមុននិងចេញនៅដើមខែនេះ ការស្ទាបស្ទង់មតិទស្សនវិស័យធុរកិច្ចអាស៊ានឆ្នាំ២០១៧ (2017 Asean Business Outlook Survey) ប្រមូលចម្លើយពីសមាជិកចំនួន២៦ក្នុងចំណោមសមាជិកចំនួន៩៨នៃក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អាេមរិក ហៅថា AmCham ដែលឆ្លើយតបនឹងការស្ទាបស្ទង់តាមអីុនធឺណិត។

ការយល់ឃើញដែលតែងតែមានទំនោរទុទិដ្ឋិនិយមចំពោះបរិយាកាសធុរកិច្ចនៅកម្ពុជាគាំទ្រលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សន្ទស្សន៍ទំនុកចិត្តធុរកិច្ច (Business Confidence Index) ធ្វើឡើងដោយធនាគារ ANZ Royal ដែលចេញកាលពីខែមីនា និងដែលគូសបញ្ជាក់ថា មានការធ្លាក់ចុះពិន្ទុ៧ភាគរយនៅក្នុងទំនុកចិត្តធុរកិច្ច ដោយមួយផ្នែកបណ្តាលមកពីអស្ថិរភាពនយោបាយ។

ក្រុមហ៊ុនទាំងអស់ដែលត្រូវបានស្ទាបស្ទង់ដោយ AmCham កាលពីមេសា និងខែឧសភាឆ្នាំមុនរំពឹងថា នឹងបន្ថែមបុគ្គលិក ឬរក្សាបុគ្គលិក ក្នុងកម្រិតដដែលកាលពីឆ្នាំមុន រីឯជិត២ភាគ៣លើកឡើងថា ពួកគេរំពឹងថា នឹងពង្រីកទីតាំងរបស់ខ្លួន ហើយចំនួន៨៨ភាគរយលើកឡើងថា ពួកគេរំពឹងរកប្រាក់ចំណេញក្នុងឆ្នាំ២០១៦បានប្រសើរជាងឆ្នាំមុន២០១៥។

ហើយ៦៩ភាគរយនៃសមាជិក AmCham បានលើកឡើងថា បរិយាកាសធុរកិច្ចក្នុងស្រុកជាទូទៅមានភាពប្រសើរឡើង បើធៀបនឹង៤៥ភាគរយនៅទូទាំងតំបន់អាស៊ាន។

ទោះជាយ៉ាងណា លទ្ធផលនៃការស្រាវជ្រាវផ្សេងៗទៀតមិនសូវល្អនោះទេ។អ្នកឆ្លើយមិនសូវពេញចិត្តដូចឆ្នាំ២០១១ បើនិយាយទាក់ទិននឹងកត្តាទាំង១៦ដែលត្រូវបានធ្វើការស្ទាបស្ទង់ រាប់ចាប់ពីកត្តាអាចទទួលបានកម្លាំងពលកម្មចំណាយអស់ទាប រហូតដល់ឥរិយាបថចំពោះ សហរដ្ឋអាេមរិក។កត្តា ទាំងពីរនេះធ្លាក់ចុះប្រហែល១ភាគ៣ចាប់តាំងពី៥ឆ្នាំមុនមកដោយកត្តាចុងក្រោយទទួលបានពិន្ទុទាបគ្រប់ពេលត្រឹមតែ២៧ភាគរយ។ សមាជិក AmCham ក៏មាន៥៤ភាគរយទំនងជាលើកឡើងថា ពួកគេកំពុងធ្វើប្រតិបត្តិការនៅក្នុង “ប្រព័ន្ធបរិយាកាសនយោបាយ និងក្រោមរដ្ឋាភិបាលដ៏មានស្ថិរភាព”ផងដែរ។

មានតែអ្នកឆ្លើយត្រឹមតែ៤ភាគរយប៉ុណ្ណោះដែលលើកឡើងថា ពួកគេពេញចិត្តកម្រិតនៃអំពើពុករលួយនាពេលបច្ចុប្បន្ន ហើយតិចជាង២០ភាគរយលើកឡើងថា ពួកគេពេញចិត្តចំពោះកត្តាធុរកិច្ចភាគច្រើនផ្សេងៗទៀត រួមមានច្បាប់ និងបទបញ្ជាផ្ទៃក្នុង ហេដ្ឋារចនាសម្ព័ន្ធនិងការងាយរកបានវត្ថុធាតុដើម ជាដើម។

លទ្ធផលទាំងនេះខុសគ្នាស្រឡះពីប្រទេស វៀតណាមដែលការស្ទាបស្ទង់ភាគច្រើនមានស្ថិរភាព ឬក៏កើនឡើងពីឆ្នាំ២០១១ ដោយសមាជិកអាស៊ានភាគច្រើនផ្សេងទៀតមានលទ្ធផលចម្រុះ។

លោក Bretton Sciaroni ប្រធាន AmCham មិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថា         ធិប្បាយទេ។

ប៉ុន្តែការស្ទាបស្ទង់មតិរបស់ធនាគារ ANZ Royal លើកឡើងថា ក្រុមហ៊ុននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមថ្មី ដោយគូសបញ្ជាក់ថា ពិន្ទុទំនុកចិត្តធុរកិច្ចនៅកម្ពុជាដែលទទួលបាន៧៦ពិន្ទុលើ១០០នោះគឺជាពិន្ទុទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍។

ក្រុមហ៊ុនខ្នាតតូច និងមធ្យមទំនងជាមិនសូវមានទំនុកចិត្ត រីឯក្រុមហ៊ុនខ្នាតធំផ្តល់ពិន្ទុស្រដៀងគ្នាទៅនឹងឆ្នាំមុននោះ។

របាយការណ៍នេះមានខ្លឹមសារថា “ការធ្លាក់ចុះទំនុកចិត្តជាទូទៅអាចកើតចេញពីការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងទីផ្សារ អស្ថិរភាពនយោបាយ និងភាពមិនច្បាស់លាស់នៃការបោះឆ្នោតនាពេលខាងមុខដោយរារាំងក្រុមហ៊ុនមិនឱ្យវិនិយោគក្នុងពេលឆាប់ៗ”។

អំពើពុករលួយ កង្វះហេដ្ឋារចនាសម្ព័ន្ធនិងការចំណាយខ្ពស់លើថ្លៃទឹកភ្លើងសុទ្ធតែត្រូវបានម្ចាស់ក្រុមហ៊ុនក្នុងស្រុកចាត់ទុកថាជាឧបសគ្គរាំងស្ទះ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ខណៈអ្នកឆ្លើយបានលើកសរសើរដល់ការខិតខំប្រឹងប្រែងប្រមូលពន្ធដែលមានភាពប្រសើរឡើង និងការចំណាយទាបលើកម្លាំងពលកម្ម។

លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានលើកឡើងថា លោកមិនទាន់បានឃើញការស្ទាបស្ទង់មតិរបស់ AmCham នៅឡើយទេ ប៉ុន្តែ បានទទួលស្គាល់ថាមាន “បញ្ហាមួយចំនួនដែលចាំបាច់ត្រូវធ្វើកំណែទម្រង់”។

ប៉ុន្តែ លោកបានលើកឡើងថា អ្នកឆ្លើយហាក់បីដូចជាមើលរំលងកិច្ចខិតខំប្រឹងប្រែងដ៏វិជ្ជមានរបស់រដ្ឋាភិបាល រួមមានការខំប្រឹងប្រែងប្រមូលពន្ធ ច្រកចេញចូលតែមួយ និងការធ្វើឱ្យការចុះបញ្ជីពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល។ លោកបានថ្លែងថា “ខ្ញុំអត់ដឹងទេថា តើគេមានបានពិចារណាលើកត្តាទាំងអស់នេះឬក៏អត់នោះ”។

លោក Miguel Chanco អ្នកវិភាគឈានមុខគេក្នុងតំបន់នៅ Economist Intelligence Unit បានលើកឡើងថា ការធ្លាក់ចុះពិន្ទុនៅកម្ពុជាមានបុព្វហេតុច្បាស់លាស់។

លោកបានសរសេរក្នុងអីុម៉េលមួយថា “ស្ថានភាពចលាចលដែលកើតឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាស និងយុទ្ធនាការបង្ក្រាបផ្នែកនយោបាយកំពុងបន្តរបស់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥មកច្បាស់ណាស់ថា សុទ្ធតែជាកត្តាជះឥទ្ធិពលលើបរិយាកាសនយោបាយនៅក្នុងប្រទេសនេះ”។

លោកបានលើកឡើងទៀតថា ប្រាក់ខែគោលដំឡើងក្រោយការបោះឆ្នោតមិនស្របតាមសង្វាក់ផលិតកម្ម និងអតិផរណាទេរីឯអំពើពុករលួយនៅតែកើតមានបន្ទាប់ពីមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០១០។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ជាទូទៅកម្ពុជានៅតែមានចំណុចវិជ្ជមានដោយសារការវិនិយោគគ្មានបញ្ហានោះទេ ហើយបញ្ហាពិបាកដោះស្រាយនៅក្នុងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន បន្តធ្វើឱ្យប្រទេសនេះមើលទៅអំណោយផលសម្រាប់ការវិនិយោគរយៈពេលវែង”៕ ស៊ុយឈាង

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស