មន្រ្តីយោធាជាន់ខ្ពស់បដិសេធការបែកបាក់ផ្ទៃក្នុងនៅកម្ពុជា

0
17

អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធថាគ្មានការបែកបាក់ផ្ទៃក្នុងជួរកងទ័ពដូចព័ត៌មានចចាមអារ៉ាមនានាដែលបានចុះផ្សាយក្រោយពីការផ្ទេរភារកិច្ចសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីមទៅលោក ហ៊ុន ម៉ាណែតកូនប្រុសលោក ហ៊ុន សែន។លោក ឈុំ សុជាតិ សរសេរចុះផ្សាយលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថាលោកចាត់ទុកព័ត៌មាននៃការបែកបាក់ផ្ទៃក្នុងកងទ័ពនេះ ថាគ្រាន់តែជាការបំភ្លៃព្រឹត្តិការណ៍របស់ក្រុមដែលមាននិន្នាការប្រឆាំង រដ្ឋាភិបាលប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការផ្ទេរសិទ្ធិដឹកនាំសេនាធិការចម្រុះពីលោក គន់ គីមទៅលោក ហ៊ុន ម៉ាណែត នោះវាគ្រាន់តែជាការចែករំលែកការទទួលខុសត្រូវប៉ុណ្ណោះ ដោយសារតែ មួយរយៈនេះ នាយឧត្តមសេនីយ៍គន់ គីមមានការមមាញឹក នៅកិច្ចការមូលដ្ឋាន។ លោកបន្តថាដោយសារតែការមមាញឹកនឹងការងារមូលដ្ឋាននេះហើយ ទើបកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៨លោកគន់ គីមអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានផ្ទេរសិទ្ធិដឹកនាំ បញ្ជាការងារ សេនាធិការចម្រុះជូនដល់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះទទួលដឹកនាំនិងចាត់ចែងការងារនេះ។ ក្រុមអ្នករិះគន់និយាយថាការដកដំណែងរបស់លោក គន់ គីមឲ្យ លោកហ៊ុន ម៉ាណែតគឺជាការរៀបចំ អំណាចរចនាសម្ព័ន្ធអំណាចថ្មី មួយបែបគ្រួសារដើម្បីបន្តក្តោបកា្តប់អំណាចរបស់លោក ហ៊ុន សែនតទៅមុខទៀត៕