លោក ហ៊ុន សែន ចោទប្រកាន់អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា កុហកអំពីការផ្តាច់ជំនួយ

0
98

លោកហ៊ុន សែន អះអាងថារដ្ឋាភិបាលរបស់លោកនៅតែចង់រក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ប្រសិនបើអាមេរិកបញ្ឈប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោកនោះ លោកនឹងបន្តសហការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា។ ទន្ទឹមនឹងនេះលោកហ៊ុន សែន ក៏ទាមទារឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោកវីលៀម ហៃដ៍(William A. Heidt) បកស្រាយអំពីសហរដ្ឋអាមេរិកប្រកាសអំពីការផ្អាកផ្ដល់ជំនួយលើវិស័យពន្ធដានៅកម្ពុជា។លោកហ៊ុន សែនអះអាងថា ជំនួយនេះអាមេរិកបានកាត់ផ្ដាច់តាំងពីឆ្នាំ២០១៦មកម៉្លេះ។ រហូតមកទល់ពេលនេះស្ថានទូតសហរដ្ឋអាមេរិក នៅមិនទាន់បានឆ្លើយតបចំពោះការចោទប្រកាន់របស់លោកហ៊ុន សែន បាននៅឡើយទេ។ទោះជាយ៉ាងណាក៏ដោយសេតវិមានឯណោះទេ ដែលជាអ្នកចេញសេចក្តីប្រកាសកាត់ផ្តាច់ជំនួយដល់កម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដែលមិនមែនជាការទទួលខុសត្រូវរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដូចលោកហ៊ុន សែន។ សេតវិមាន បានសម្រេចកាត់ផ្ដាច់ជំនួយជាផ្លូវការទៅរបបលោក ហ៊ុន សែននេះដោយសារតែស្ថានភាពរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយរបបលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញយ៉ាងដំណំទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ ជំនួយសំខាន់ៗ ដែលអាមេរិក សម្រេចឈប់ផ្ដល់ដល់របបលោក ហ៊ុន សែន តទៅទៀត រួមមានកម្មវិធីជំនួយបរទេស ជំនួយតាមរយៈកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(USAID) និងកម្មវិធីជំនួយផ្នែកយោធាអាមេរិក ដែលធ្លាប់ផ្ដល់ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការជួយដល់អគ្គនាយកដ្ឋានពន្ធដារ ជួយដល់ការកសាងសមត្ថភាពអាជ្ញាធររដ្ឋនៅតាមមូលដ្ឋាន និងជួយដល់កងយោធពលខេមរភូមិន្ទនៅពេលកន្លងមក៕