លោកហ៊ុន សែន អះអាងថាលោកនឹងមានអ្នកគាំទ្ររង់ចាំទទួល លោកជាច្រើន

0
87

លោកហ៊ុន សែនអះអាងជាថ្មីទៀតថា លោកនឹងទៅចូលរួមកិច្ចប្រជុំនេះកំពូលអាស៊ាន-អូស្រ្តាលីនៅពាក់កណ្តាលខែមីនាតាមការគ្រោងទុកទោះបីមានពលរដ្ឋខ្មែរ-អូស្រ្តាលីកំពុងត្រៀមខ្លួនធ្វើបាតុកម្ម ដុតរូបទីងមោងរបស់លោកក៏ដោយ។កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន អះអាងថាលោកក៏មានពលរដ្ឋខ្មែរនៅអូស្រ្តាលី រង់ចាំស្វាគមន៍លោកដែរ។ លោកហ៊ុន សែនធ្លាប់ព្រមានតាមវាយដល់ផ្ទះចំពោះពលរដ្ឋខ្មែរ នៅប្រទេសអូស្រ្តាលីណាដែលហ៊ានដុតទីងមោងជារូបរបស់លោក នៅពេលពួកគេនាំគ្នាធ្វើបាតុកម្មនោះ។ ការព្រមានរបស់លោក ហ៊ុន សែន បាននាំឲ្យតំណាងរាស្ត្រអូស្ត្រាលីពីខាងគណបក្សពលករ បាននាំគ្នាចេញមុខជាបន្តបន្ទាប់ រិះគន់ប្រឆាំងនឹងការព្រមានរបស់លោកហ៊ុន សែន។ពួកគេអះអាងថាប្រទេសអូស្ត្រាលីមានប្រវត្តិសាស្ត្រដ៏គួរឲ្យមានមោទនភាពនៃការសម្តែងមតិផ្នែកនយោបាយ ដូច្នេះពលរដ្ឋខ្មែរនៅអូស្ត្រាលីមានសិទ្ធិពេញលេញក្នុងការចេញមុខថ្កោលទោសលោកហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនោះ។ សមាជិកសភាអូស្ត្រាលីនិងជាសមាជិកគណៈរដ្ឋមន្រ្តីស្រមោល ទទួលបន្ទុកផ្នែករតនាគារលោកគ្រីស បូវិន(Chris Bowen) កាលពីចុងខែកុម្ភៈ បញ្ជាក់ថាក្រុមតំណាងរាស្រ្តអូស្រ្តាលីទាំងអស់មិនអាចទទួលយកបាននូវសម្តីដ៏ហិង្សារបស់លោកហ៊ុន សែន ដែលចង់តាមវ៉ៃពលរដ្ឋអូស្រ្តាលីដល់ផ្ទះ។ លោក គ្រីស បូវិន (Chris Bowen) អះអាងថាលោកនឹង មិនឲ្យលោក ហ៊ុន សែន រួចខ្លួនពីការប្រើប្រាស់សម្តីបែបគម្រាមកំហែង ដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋអូស្រ្តាលីជាដាច់ខាត ហើយថាប្រទេសអូស្រ្តាលីមិនស្វាគមន៍មេដឹកនាំបែបនេះទេ។ លោកព្រមានថា លោកនឹងការពារមិនឲ្យពលរដ្ឋខ្មែររងការបំភិតបំភ័យ ឬ រងការធ្វើទុក្ខបុកម្នេញ ឬ ធ្វើបាបនោះឡើយ៕