ជនជាតិអង់គ្លេស២នាក់ជាប់ចោទពីបទ រំលោភផ្លូវភេទលើកុមារកម្ពុជា

0
77

តុលាការខេត្តសៀមរាបកាលពីថ្ងៃទី២៣ខែកុម្ភៈ បានចោទប្រកាន់អ្នកជំនួញចូលនិវត្តន៍ជនជាតិអង់គ្លេស២នាក់ ពីបទរំលោភផ្លូវភេទលើកុមារខ្មែរ២នាក់អាយុក្រោម១៥ឆ្នាំ ។ ប្រភពពត៌មានដេលីម៉េល (Daily Mail) ដែលមានមូលដ្ឋានក្នុងប្រទេស អង់គ្លេសបានដកស្រង់សំដីមន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ លោកឌួងថាវរីចុះផ្សាយថាជនសង្ស័យទាំងពីរនាក់នេះ មានឈ្មោះ លេសលី ភីតធឺហ៊េនមែន(Leslie Peter Henman) អាយុ៦៣ឆ្នាំ និងមា្នក់ទៀតឈ្មោះ ដេវីដមែលខុមប្រក់(David Malcolm Brock)អាយុ៦៥ឆ្នាំបានលួងលោមកុមារអាយុ១៣ឆ្នាំនិងម្នាក់ទៀត អាយុ១៥ឆ្នាំឲ្យមកងូតទឹកលេងនៅអាងហែលទឹកនៅផ្ទះរបស់ខ្លួន ក្នុងខេត្តសៀមរាប។ជនសង្ស័យក៏បានផ្តល់ប្រាក់និងសម្ភារៈសាលាផ្សេងៗដល់កុមារទាំងពីរនាក់នេះ។ ជនសង្ស័យពីរនាក់នេះនឹងអាចមានទោសឲ្យជាប់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំនិងបង់ផាកពិន័យជាប្រាក់ចំនួនពី៥០០ដល់១៥០០ ដុល្លារអាមេរិកប្រសិនបើពួកគេត្រូវបានតុលាការរកឃើញកំហុសមែននោះ។ សមត្ថកិច្ចឲ្យដឹងថាយ៉ាងហោចណាស់ក៏មានកុមាររងគ្រោះចំនួន ១២នាក់ ផ្សេងទៀតបានអះអាងថាពួកគេត្រូវបានជនសង្ស័យទាំងពីរនាក់នេះរំលោភបំពានផ្លូវភេទដែរ។ មន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ លោក ឌួង ថាវរី និយាយថា ជនបរទេសទាំងពីរនាក់នេះបានស្នាក់នៅក្នុងខេត្តសៀមរាប ដោយប្រើទិដ្ឋាការចូលនិវត្តន៍ហើយពួកគេនឹងប្រឈមការកាត់ទោសនៅចុងឆ្នាំ២០១៨ខាងមុខនេះ៕