រដ្ឋាភិបាលក្រុងភ្នំពេញនឹងចាត់វិធានការតឹងរឹងលើជនបរទេសខុសច្បាប់

0
25

រដ្ឋាភិបាលកម្ពុជាព្រមានថាខ្លួននឹងពង្រឹងច្បាប់អន្តោប្រវេសន៍ប្រឆាំងនឹងជនបរទេសដែលកំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ចាប់ពីខែមេសាខាងមុខនេះតទៅ។ របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឲ្យដឹងថា យ៉ាងហោចណាស់មានជនបរទេសប្រមាណ១សែននាក់កំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ។ ចាប់ពីខែមេសាខាងមុខនេះតទៅ ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយនឹងអាចត្រូវពិន័យជាប្រាក់អាចជាប់ពន្ធនាគារ និងអាចចាប់បញ្ជូនចេញពីកម្ពុជា។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងក្រសួងមហាផ្ទៃឲ្យដឹងថា ជនបរទេសណាដែលធ្វើការងារដោយគ្មានច្បាប់អនុញ្ញាតនឹងត្រូវពិន័យជាប្រាក់មួយរយដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើជនណាមិនបង់ប្រាក់ពិន័យពួកគេអាចជាប់ពន្ធនាគាររយៈពេល៣ខែ និងអាចត្រូវបង្ខំបណ្តេញចេញ។ ជនបរទេសមួយចំនួនដែលធ្វើការងារមិនស្របច្បាប់ភាគច្រើនមាននៅតាមសហគ្រាស និងនៅតាមបនល្បែងធំៗ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេងធ្លាប់អះអាងថា ជនបរទេសដែលធ្វើការមិនស្របច្បាប់នៅកម្ពុជា អាចបណ្តាលឲ្យរដ្ឋខ្មែរបាត់ប្រាក់ចំណូលប្រមាណ២៣លានដុល្លារក្នុងមួយឆ្នាំៗ។ ជាងនេះទៀត លោក ស ខេង អំពាវនាវឲ្យនិយោជក ទាំងអស់កុំទទួលយកបុគ្គលិកជាជនបរទេសដែលគ្មានប័ណ្ណការងារឲ្យចូលបម្រើការហើយប្រសិនក្រសួងរកឃើញថាមានជនបរទេសបំរើការក្នុងស្ថាប័ននោះ និយោជកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឲ្យសមត្ថកិច្ចទីក្រុងភ្នំពេញ អនុវត្តវិធានការនេះឲ្យមានប្រសិទ្ធិភាព ខណៈជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់កំពុងដណ្តើមការងារប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរជាយូរណាស់មកហើយ៕