ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)សម្រេចផ្តល់ឥណទានចំនួន៦០លានដុល្លារដើម្បីជួយបង្កើនជំនាញនិងការប្រកួតប្រជែងនៃកម្លាំងការងារនៅកម្ពុជាពីកម្រិតជំនាញទាប និងប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាកំណើនសេដ្ឋកិច្ចមួយដែលមានការរុញច្រានពីជំនាញខ្ពស់វិញ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចុះថ្ងៃទី២៦ ខែមិថុនាឱ្យដឹងថា ឥណទាននេះនឹងជួយក្នុងវិស័យអាទិភាពចំនួន៤ គឺកម្មន្តសាល សំណង់ អគ្គិសនី និងអេឡិចត្រូនិក។
ការអភិវឌ្ឍជំនាញនេះនឹងត្រូវបានធ្វើឡើងតាមរយៈ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាចំនួន៥ទូទាំងប្រទេសកម្ពុជា រាប់បញ្ចូលទាំងការកែលម្អបរិក្ខារនៅសាលបណ្តុះបណ្តាលថ្មីចំនួន១៦ ដែលមានការគិតគូរពីបញ្ហាយេនឌ័រដូចជាការសង់បន្ទប់ទឹកដោយឡែកពីគ្នាសម្រាប់ស្ត្រី និងបុរសការផ្តល់ឧបករណ៍ ការបណ្តុះបណ្តាលកម្រិតខ្ពស់និងកម្រិតឧស្សាហកម្មការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពសម្រាប់គ្រូបង្គោលនិងកម្មវិធីមួយចំនួនទៀត។
គម្រោងនេះនឹងផ្តល់នូវកាលានុវត្តភាពសម្រាប់ការបង្កើនជំនាញ និង ការរម្លឹកជំនាញឡើងវិញសម្រាប់និយោជិតដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាចន្លោះប្រហោងនៃជំនាញនិងកង្វះជំនាញនៅក្នុងវិស័យឧស្សាហកម្ម តាមរយៈកម្មវិធីរៀនសូត្រផ្អែកលើការងារ។ ADBប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវតំបន់អាស៊ី និងប៉ាស៊ីហ្វិកមួយប្រកបដោយវិបុលភាពក្នុងការលុបបំបាត់ភាពទីទ័លក្រ៕