31 C
Phnom Penh

ខេត្តកំពង់ធំសំរេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ ពាក់ព័ន្ធការបង្ហោះសារគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តកំពង់ធំ បានសំរេចឃុំខ្លួនសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិចំនួន ៣នាក់ជាបណ្ដោះអាសន្ន ពីបទបង្ហោះសារគាំទ្រដំណើរវិលត្រឡប់របស់លោក សមរង្ស៊ីមកប្រទេសកម្ពុជាវិញ។

ការសម្រេចឃុំខ្លួនរបស់តុលាការធ្វើឡើងនៅថ្ងៃនេះ  បន្ទាប់ពីពួកគេបានបង្ហោះសារ និងចែករំលែកព័ត៌មានដល់ពលរដ្ឋនៅតាមមូលដ្ឋានអំពីការវិលត្រឡប់ចូលស្រុកខ្មែររបស់អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខ។

មន្ត្រី និងសកម្មជនទាំងនោះ រួមមាន អតីតសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ស្រុកបារាយណ៍លោក ស៊ុន ប៊ុនថុន សមាជិកប្រតិបត្តិឃុំដដែលនេះ លោក នូ  ភឿន និងប្រធានយុវជនខេត្តកំពង់ធំ គណបក្សសង្រ្គោះជាតិ លោក រស់ គឹមសៀង។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តីលោក សំ សុខគង់ មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងទាំងនេះ  ចុះផ្សាយថា  ព្រះរាជអាជ្ញាខេត្តកំពង់ធំបានចោទប្រកាន់កូនក្ដីលោកចំនួន ៥ បទចោទ។

ប្រភពដដែលបន្តថា ការសម្រេចចោទប្រកាន់និងឃុំខ្លួនកូនក្ដីរបស់លោក ដោយតុលាការសំអាងលើការបង្ហោះសារ និងការចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរី ដោយគាំទ្រការវិលត្រឡប់របស់លោក                           សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

លោក សំ សុគង់ បញ្ជាក់ថា បទចោទទាំងនោះរួមមានបទបរិហាកេរិ៍្តជាសាធារណៈ ។ បទ ជេរប្រមាថជាសាធារណៈ បទ ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បទ មិនគោរពទៅតាមសាលដីកាសម្រេចរបស់តុលាការកំពូល និងចុងក្រោយ គឺទាក់ទងនឹងសកម្មភាពធ្វើនយោបាយ 

ហ្វេសប៊ុករបស់ មន្ត្រីគណបក្សប្រឆាំង លោក រស់ គឹមសៀង កាលពីថ្ងៃទី៣០ ខែសីហា បានបង្ហោះសារគាំទ្រការវិលត្រឡប់មកកម្ពុជារបស់អតីតមេបក្សប្រឆាំង សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ។

ក្រោយការប្រកាសជាផ្លូវការរបស់គណបក្សសង្រ្គោះជាតិ និងអតីតមេបក្សនេះ គឺលោក សម រង្ស៊ី ដោយបានអះអាងថាខ្លួននឹងចូលកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា រួចមក មានសកម្មជននិងអតីតមន្ត្រីបក្សប្រឆាំងជាច្រើននាក់រងការគំរាមកំហែង និងចាប់ខ្លួន ក្រោយពេលពួកគេប្រកាសឱ្យពលរដ្ឋនាំគ្នាចូលរួមទៅទទួលលោក សម រង្ស៊ីនៅថ្ងៃនោះ។

ក្រុមសិទ្ធិមនុស្សក្នុងស្រុកចាត់ទុកការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិទាំងនេះថា ជាការគំរាមកំហែង រឹតត្បិត និងបំផិតបំភ័យដល់សេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។ 

អង្គការការពារសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថា គិតមកដល់ចុងខែសីហា នៅឆ្នាំនេះ យ៉ាងហោចណាស់មានអតីតសកម្មជនគណបក្សសង្រ្គោះជាតិ និងអ្នករិះគន់រដ្ឋាភិបាលជិត២០នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួន៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស