31 C
Phnom Penh

សាច់ញាតិអតីតមន្ត្រីគណបក្សសង្រ្គោះជាតិស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាលើកទី២ ក្រោយបរាជ័យលើកទី១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់ញាតិអតីតសកម្មជនបក្ស និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តមសីហមុនី ជាលើកទី២ នៅថ្ងៃទី១៣ខែវិច្ឆិកានេះ។

ការស្វែងរកកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រជាលើកទី២នេះ ក្រោយពេលពួកគេបានព្យាយាមថ្វាយលិខិតអន្តរាគមន៍ទៅព្រះអង្គលើកទី១ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារអាជ្ញាធររាជធានីភ្នំពេញរារាំង។

នៅព្រឹកថ្ងៃសុក្រនេះ ក្រុមសាច់ញាតិអតីតមន្ត្រីបក្សប្រឆាំងទាំងនោះបាននាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង ដើម្បីស្នើសុំព្រះមហាក្សត្រព្រះរាជទានជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ឱ្យមានការដោះលែងស្វាមី និងឪពុករបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារដោយអយុត្តិធម៌។

យ៉ាងណាក្តី ពួកគាត់ដែលភាគច្រើនជាស្ត្រីទាំងនេះ ទទួលបរាជ័យសារជាថ្មីទៀត ក្នុងការដាក់ញត្តិថ្វាយព្រះមហាក្សត្រ ព្រោះអាជ្ញាធរខណ្ឌដូនពេញទប់ស្កាត់ និងរារាំងមិនឱ្យក្តីបំណងរបស់ពួកគេបានសម្រេចឡើយ។

ក្រុមសាច់ញាតិអតីតសកម្មជនបក្សប្រឆាំង បានងាកមកស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រវិញនេះ ក្រោយពីពួកគេបរាជ័យក្នុងការទាមទារឱ្យតុលាការ និងប្រមុខរដ្ឋាភិបាលដោះលែងឪពុក និងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពវិញ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ដែលមានចរឹកនយោបាយនេះទេ។ ពួកគាត់ អះអាងថា អ្នកជាប់ឃុំទាំងនោះមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះឡើយ។

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់ ព្រមទាំងបទញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា ពាក់ព័ន្ធសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៩។

ក្រៅពីទាមទារឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងឪពុក និងស្វាមីខ្លួន សាច់ញាតិបក្សប្រឆាំងមួយនេះ ធ្លាប់បានស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសមហាអំណាចធំៗ តាមរយៈស្ថានទូតរបស់ពួកគេនៅកម្ពុជា ប៉ុន្តែនៅមិនទាន់មានពន្លឺនៃការជួយជ្រោមជ្រែងឱ្យមានការដោះលែងមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំណាម្នាក់នៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស