31 C
Phnom Penh

អ្នកឃ្លាំមើលសង្គមអះអាងថាការលើកឡើងរបស់លោក ស ខេង គឺជារឿងត្រឹមត្រូវ ប៉ុន្តែគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកការពារសិទ្ធមនុស្សនៅកម្ពុជា សំដែងការសាទរទៅនឹងការលើកឡើងរបស់លោក  ស ខេង ដែលថា សង្គមដែលមានការបែកបាក់ គឺបណ្តាលមកពីភាពអយុត្តិធម៌។

អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់លោក ស ខេង គឺពិតជាត្រឹមត្រូវ ប៉ុន្តែមានស្ថាប័នរបស់រដ្ឋាភិបាលជាច្រើនទៀត ជាអ្នករួមចំណែកនាំឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គម។

លោក អះអាង ការកែសម្រួលនៅប្រព័ន្ធតុលាការក៏ជារឿងចាំបាច់ ទោះបីមន្ត្រីអនុវត្តច្បាប់នៅកម្ពុជាមិនបានធ្វើតាមតួនាទីរបស់ខ្លូនហើយតែងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដែលបណ្តាលឲ្យការអនុវត្តច្បាប់របស់មន្ត្រីទាំងនោះ មិនមានអព្យាក្រិត្យភាព និងមិនឯករាជ សម្រាប់ពលរដ្ឋទូទៅ។

បញ្ហានេះ លោកថា ក៏ជាមូលហេតុនាំឲ្យការអនុវត្តច្បាប់របស់កម្ពុជាមានស្តង់ដាពីរ ដែលបានធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋស្លូតត្រង់ និងអ្នកគ្មានកំហុស ហើយធ្វើការចោទប្រកាន់ពលរដ្ឋស្រេចតែទំនើងចិត្ត ស្របពេលដែលជនល្មើស នៅតែអាចធ្វើសកម្មភាពដោយសេរីក្រៅសំណាញ់ច្បាប់បានដដែល។

លោក បញ្ជាក់ថា ដើម្បីឲ្យសង្គមទាំងមូលទទួលបានយុត្តិធម៌ស្មើៗគ្នាដោយគ្មានការរើសអើង នោះអ្នកនយោបាយត្រូវស្វែងរកការបង្រួបបង្រួមជាតិដែលជាកត្តាដ៏សំខាន់ ព្រោះថាមានតែខ្មែរសាមគ្គីគ្នាប៉ុណ្ណោះទើបអាចរកសេចក្តីសុខជូនពលរដ្ឋ និងអាចស្រោចស្រង់មុខមាត់កម្ពុជាឲ្យងើបឡើងវិញលើឆាកអន្តរជាតិបាន។

ការអះអាងនេះធ្វើឡើង ស្របគ្នា ទៅនឹងការលើកឡើងរបស់លោក ស ខេង ដែលអះអាងថា សង្គមណាក៏ដោយដែលបែកបាក់ គឺបណ្តាលមកពីភាពអយុត្តិធម៌។

ការលើកឡើងរបស់លោក ស ខេង ធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប៤១ឆ្នាំ នៃជ័យជម្នះ ៧ មករា ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២០ នៅខេត្តបាត់ដំបង ថា ភាពអយុត្តិធម៌ នឹងនាំឱ្យសង្គមជាតិបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលកម្ពុជា និងប្រទេសផ្តល់ជំនួយបានធ្វើកំណែរទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងផ្នែកឯទៀតនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ តាំងពីបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មកម្លេះ។  ប៉ុន្តែការកែទម្រង់នេះធ្វើបានត្រឹមតែសំបកក្រៅប៉ុណ្ណោះ ខណ:ប្រព័ន្ធមួយនេះនៅតែមិនអាចធានាយុត្តិធម៌ ជូនពលរដ្ឋទន់ខ្សោយបាននៅឡើយ ។

លោក អះអាងថា ប្រសិនបើត្រួតពិនិត្យមើលឲ្យលំអិតនូវការអនុវត្តច្បាប់ភូមិបាលឆ្នាំ២០០១ នឹងអាចរកឃើញនូវភាពមិនប្រក្រតីជាច្រើនក្នុងការតាក់តែងព្រះរាជក្រិត្យ និងអនុក្រិត្យនានា ព្រមទាំងការអនុវត្តជាក់ស្តែងនៃច្បាប់នេះ។ លោកថា ព្រះរាជក្រិត្យ និងអនុក្រិត្យទាំងអស់នេះមានការខ្វះខាត និងមានភាពខុសឆ្គងជាច្រើនដែលមិនអាចកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីកសាងភាពល្អត្រឹមត្រូវ ឬផ្តល់យុត្តិធម៌ជូនពលរដ្ឋក្នុងសង្គមជាតិបាន។

អ្នកវិភាគរូបនេះ បញ្ជាក់ថា ការខ្វះខាតដែលជាចំនុចសំខាន់រួមមាន ការមិនបានកែច្បាប់នានាឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញ មិនបានកែស្ថាប័ននីតិបញ្ញត្តិឲ្យត្រួតពិនិត្យមើលការអនុវត្តច្បាប់ដែលខ្លួនបានអនុម័ត មិនបានកែប្រែសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យឯករាជ្យ ជាដើម។

ជាងនេះទៀត លោកថា ស្ថាប័នតុលាការក៏នៅមិនទាន់កែប្រែឲ្យឯករាជ្យ ឥតលំអៀងដើម្បីការពារសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋបាននៅឡើយ។ លោកបន្តថាសូម្បីមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីតាមស្ថាប័ននានាក៏មិនទាន់កែប្រែ ឲ្យប្រកាន់ជំឈរអព្យាក្រឹត្យឥតលំអៀងខាងនយោបាយ និងមានឯករាជភាពនៅឡើយ។

សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជារិះគន់ថា រដ្ឋាភិបាលកម្ពុជាតែងធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដោយប្រើប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីចោទប្រកាន់ និងចាប់ខ្លួនអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព ទោះការទាមទារនោះស្រមទៅនឹងរដ្ឋធម្មនុញ្ញ ឬស្រមទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ យ៉ាងណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស