28 C
Phnom Penh

ក្រសួងសុខាភិបាលបញ្ជាក់ថា ទឹកសម្លាប់មេរោគបាញ់លើសេរីរាង្គមនុស្ស មិនអាចទប់ស្កាត់ការឆ្លងកូវីដ១៩បានទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ទើបចេញមុខអះអាងថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្សមិនអាចជួយ ប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ។ ផ្ទុយទៅវិញការបាញ់    សារធាតុទាំងនេះលើរាងកាយមនុស្ស អាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សថែមទៀតផង។

លិខិតបកប្រែក្រៅផ្លូវការដែលចេញផ្សាយដោយអ្នកនាំពាក្យក្រសួង  សុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្សមិនអាចជួយទប់ស្កាត់ការឆ្លងកូវីដ-១៩បានទេ។ ប៉ុន្តែវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សផងដែរ។ អ្នកស្រីបន្តថា លើកលែងតែការលាងសំអាតដៃ ដោយសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុល ឬជែលដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ ប៉ុណ្ណោះ។

ការអះអាងរបស់ក្រសួងសុខាភិបាលនេះ ដោយយោងតាមការពន្យល់ណែនាំរបស់ អង្គការសុខភាពពិភពលោកWHO ដែលបាន ប្រកាសតាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធបញ្ហាកូវីដ១៩។ 

WHO បង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនលោកអ្នក ដើម្បីប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពទេ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈនោះទេ។

សារធាតុសម្លាប់មេរោគទាំងនេះអាចធ្វើឲ្យពុល ធ្វើឲ្យរមាស់ ឬរលាក ឬ អាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែករបស់មនុស្ស។ ថ្នាំសម្លាប់មេរោគឬសារធាតុសម្លាប់មេរោគ គប្បីប្រើប្រាស់ដោយប្រុងប្រយ័ត្ននូវផ្ទៃកន្លែងណាមួយតែប៉ុណ្ណោះ។  ត្រូវចងចាំរក្សាសារធាតុក្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឲ្យឆ្ងាយ និងផុតពីដៃក្មេងប្រយ័ត្នគ្រោះថ្នាក់។

យ៉ាងណាជំងឺកូវីដ១៩ ត្រូវបានផ្ទុះឡើងឬរកឃើញនៅកម្ពុជាតាំងពីខែមករា ហើយមកទល់ពេលនេះមានរយៈពេលជិតមួយឆ្នាំមកហើយ ប៉ុន្តែក្រសួងសុខាភិបាលមិនដែលបានប្រកាសប្រាប់ពលរដ្ឋពាក់ព័ន្ធករណីនេះឡើយ។

ពលរដ្ឋខ្លះបានលើកឡើងលើបណ្តាញសង្គមថា ក្រសួងហាក់ធ្វេសប្រហែសឬធ្វើការងារខ្ជះខ្ជាយ ដោយមិនបានប្រកាសឱ្យពលរដ្ឋដឹងឱ្យបានទូលំទូលាយអំពីបញ្ហានេះជាមុន។ 

ក្រសួងសុខាភិបាល ឱ្យដឹងថា គិតមកដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៤៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៦នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស