34 C
Phnom Penh

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងស្នើនាយករដ្ឋមន្ត្រីដាក់ពិន័យធ្ងន់ធ្ងរលើបុគ្គលដែលមិនសហការជាមួយអាជ្ញាធរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង បានដាក់   សំណើរ បន្ទាន់មួយទៅប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ពិន័យធ្ងន់ធ្ងរចំពោះបុគ្គលដែលមិនព្រមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ សំណើរនេះ ធ្វើឡើង ដើម្បីពង្រឹងប្រសិទ្ធិភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍បន្ថែមទៀត។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ និងជាការប្រសាររបស់លោក ហ៊ុន សែន គឺលោក ឌី វិជ្ជា បានដាក់លិខិតមួយច្បាប់កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១ ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដើម្បីស្នើសុំអនុវត្តវិធានការណ៍បន្ថែមចំពោះបុគ្គល និងទីតាំង ដែលមិនសហការជាមួយក្រសួងក្នុងការស្រាវជ្រាវអ្នកវិជ្ជមានវីរុសកូវីដ១៩។

ក្នុងលិខិតរបស់លោក ឌី វិជ្ជា អះអាងថា ការអនុវត្តការស្រាវជ្រាវក្នុងព្រឹត្តការណ៍កន្លងមកមានដូចជា ព្រឹត្តការណ៍ ៣វិច្ឆិកា និង២៨ វិច្ឆិកា តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងការធ្វើប្រតិបត្តិការ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង ឬរត់គេចមិនព្រមធ្វើចត្តាឡីស័ក។

លើសពីនេះ ទីតាំងមួយចំនួនក៏មិនព្រមសហការជាមួយសមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវរកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ជាដើម។

បញ្ហានេះ លោក ឌី វិជ្ជា បានស្នើសុំវិធានការរឹតបន្តឹងមួយចំនួនចំពោះបុគ្គល ឬទីតាំងដែលមិនចូលរួមសហការ ដូចជា សម្រាប់ជនបរទេសត្រូវបណ្តេញចេញពីកម្ពុជា និងហាមមិនឲ្យចូលមកវិញសារជាថ្មីទៀត ។ ដោយឡែកសមា្រប់ពលរដ្ឋខ្មែរសុំចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរ។  លើសពីនេះ ចំពោះទីតាំងនានា ដូចជា ភោជនីយដ្ឋាន ជាដើម ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មតែម្តង។

ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាស ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ នៃកាផ្ទុះជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ឡើងវិញ កាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅ។

ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន សែន បានបញ្ជាឲ្យបិទទីតាំងកំសាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ អាគារជួលសម្រាប់ការស្នាក់នៅ Apartment  ជាដើម សរុបទាំងអស់មានចំនួន ២៣កន្លែង ដែលស្ថិតក្នុង ខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលមានហានិភ័យក្នុងការចម្លងវីរុសកូវីដ១៩ និង វីរុសកូវីដ១៩បែបបម្លែងថ្មី។

លើសពីនេះ រដ្ឋាភិបាលសម្រេចបិទសាលារៀនទាំងអស់នៅខេត្តកណ្តាល និងនៅរាជធានីភ្នំពេញរយៈពេល២សប្តាហ៍ទៀតផង។

ការផ្ទុះព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ គឺជាការផ្ទុះលើកទី៣ហើយសម្រាប់កម្ពុជា ខណៈលើកទី១បានផ្ទុះឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរដ្ឋាភិបាលហៅថា ព្រឹត្តការណ៍សហគមន៍ ៣វិច្ឆិកា និងលើកទី២ បានផ្ទុះឡើងកាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល ដែលមានឈ្មោះថា ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា ប៉ុន្តែព្រឹត្តការណ៍ទាំងនោះត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសបិទបញ្ចប់កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ក្រសួងបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២៥ នាក់។ ក្នុងនោះ គឺមានការឆ្លងក្នុងសហគមន៍ ២៣នាក់ និងអ្នកដំណើរមកពីបរទេស២នាក់។ ជាងនេះទៀត ក៏មានករណីវីរុសកូវីដ១៩ បម្លែងថ្មី ៣ករណីបន្ថែមទៀត ផងដែរ។

ចាប់តាំងពីរដ្ឋាភិបាលប្រកាសពីព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ជាលើកទី៣ ឬ សហគមន៍២០កុម្ភៈមក ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺនេះចំនួន៩៩នាក់ ហើយទីតាំង៤៧នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានអាជ្ញាធរផ្អាកធ្វើអាជីវកម្មបណ្តោះអាសន្ន ។

គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យរដ្ឋ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ៍នេះ តំណាងក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានលើកឡើងថា កូវីដ១៩បម្លែងថ្មីដែលទើបត្រូវបានរកឃើញក្នុងប្រទេសកម្ពុជានាប៉ុន្មានថ្ងៃមកនេះ អាចនឹងធ្វើឱ្យអ្នកជំងឺស្លាប់បាន ប្រសិនបើបើមានការធ្វេសប្រហែស ដោយសារតែការចម្លងរបស់វាមានល្បឿនលឿនជាងមុនជិត២ដង ហើយថែមទាំងពិបាកព្យាបាលថែមទៀត។

បញ្ហានេះទាំង ក្រសួងសុខាភិបាលនិងតំណាង WHO  បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សហការគ្នា ជួយគ្នាទៅវិញទៅមក ព្រមទាំងចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស