35 C
Phnom Penh

មេខ្យល់នាំពលរដ្ឋឆ្លងដែនខុសច្បាប់គេចពីការធ្វើចត្តាឡីស័កជិត ១រយនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ឱ្យដឹងថា អាជ្ញាធរខេត្តជាប់ព្រំដែនថៃ និងវៀតណាម បានចាប់ខ្លួនមេខ្យល់ជិត១រយនាក់ ដែលនាំពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ និងគេចវេះមិនព្រមធ្វើចត្តាឡីស័កតាមវិធានការ          សុខាភិបាល។

សារព័ត៌មានវីអូឌី បានស្រង់ប្រសាសន៍របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន នៅថ្ងៃទី២៣ខែកុម្ភៈនេះ បញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរតាមព្រំដែនកម្ពុជាបានចាប់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ពីប្រទេសថៃ និងវៀតណាម ហើយគេចវេះមិនព្រមធ្វើចត្តាឡីស័ក ចំនួន៨៥នាក់។

វិធានការចាប់មេខ្យល់នេះ ធ្វើឡើងក្រោយពេលប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ពិសេសត្រូវចាប់ខ្លួនមេខ្យល់ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ គេចវេះពីការធ្វើចត្តាឡីស័ក បង្ការការចម្លងជំងឺកូវីដ១៩។

នៅក្នុងពិធីថ្លែងសារពិសេសកាលពីព្រឹកថ្ងៃទី១៥ខែកុម្ភៈ លោកហ៊ុន សែន មានប្រសាសន៍ថា ពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ មួយចំនួនបានចូលរួមធ្វើចត្តាឡីស័កត្រឹមត្រូវ ខណៈមួយចំនួននៅតែគេសវេះមិនព្រមចូលខ្លួនធ្វើចត្តាឡីស័កឡើយ។

ដើម្បីបង្ការហានិភ័យនេះ និងជៀសវាងការចម្លងជំងឺកូវីដ១៩ទៅកាន់ពលរដ្ឋក្នុងសហគមន៍ លោក ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរត្រូវរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន និងត្រូវមានវិធានការច្បាប់ដោយផាកពិន័យតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចំពោះជនទាំងឡាយណាដែលបានគេសវេះពីការធ្វើចត្តាឡីស័ក ។

ជាងនេះទៀត លោកព្រមានដាក់ទណ្ឌកម្មមន្ត្រីសមត្ថកិច្ចណាដែលហ៊ានឃុបឃិតប្រព្រឹត្តអំពើពុករលួយដោះលែង មេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ គេសវេះពីការធ្វើចត្តាឡីស័កថែមទៀតផង។

ស្ថានភាពឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ជាលើកទី៣ ឬ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ប្រកាសថាមានភាពធ្ងន់ធ្ងរជាងពេលមុន ហើយរដ្ឋាភិបាលបានសម្រេចផ្អាកទីតាំងអាជីវកម្មមួយចំនួន និងសាលារៀននៅភ្នំពេញ និងខេត្តកណ្តាលរយៈពេល២សប្តាហ៍៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស