31 C
Phnom Penh

បញ្ញវន្តខ្មែរនៅក្រៅប្រទេសថា អ្នកនយោបាយទុចុ្ចរិតគឺមានបំណងជួយជនផ្តាច់ឲ្យកាន់អំណាចបានកាន់តែយូរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅប្រទេស លើកឡើងថា គំនិតទុច្ចរិតរបស់អ្នកនយោបាយមួយចំនួន គឺជាចេតនាបង្កើតកំហុសយុទ្ធសាស្ត្រនយោបាយដដែលៗ ដើម្បីបង្គ្រប់អំណាចឲ្យលោក ហ៊ុន សែន ដោយស្របច្បាប់ ឬធ្វើនយោបាយត្រឹមតែកំដរអំណាចជនផ្តាច់ការប៉ុណ្ណោះ។

អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប សេង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដែលទំនងចង់សំដៅដល់ក្រុមលោក សម រង្ស៊ី ។

លោកថា ក្រុមប្រឆាំងមិនមានយុទ្ធសាស្ត្រអ្វីឲ្យពិតប្រាកដ ដើម្បីផ្លាស់ប្ដូរការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន បានទេ ក្រៅពីការសម្ដែងយុទ្ធសាស្ត្រនយោបាយ ស្រាតខោជនផ្តាច់ការ តាមហ្វេសប៊ុកបែប Live Show ប៉ុណ្ណោះ ។

លោក អះអាងថា ការដឹកនាំប្រទេសបែបផ្តាច់ការព្រៃផ្សៃ សាហាវយង់ឃ្នង អគុណធម៌របស់លោក ហ៊ុន សែន ទោះជាកេណ្ឌខ្មែរមួយនគរមកធ្វើការបរិយាយមួយជីវិតទៀតក៏មិនអស់ដែរ។ ប៉ុន្តែថាតើ ហេតុអ្វីបានជាអ្នកនយោបាយខ្លះនៅតែធ្វើនយោបាយត្រឹមតែកំដរអំណាចឲ្យលោក ហ៊ុន សែន ទៅវិញ ឬយ៉ាងណា?

លោក រិះគន់ថា សមិទ្ធិផលនៃការសាងកំហុសយុទ្ធសាស្ត្រនយោបាយដដែលៗ របស់ក្រុមប្រឆាំងជាង ២៥ឆ្នាំ មកនេះ នាំឲ្យលោក ហ៊ុន សែន អាចក្តោបក្តាប់អំណាចបានកាន់តែខ្លាំងឡើងៗនៅក្នុងដៃ។ ជាងនេះទៀត លោកតែហ៊ានរំលោភបំពានច្បាប់គ្រប់បែបយ៉ាងដែលនឹកស្មានមិនដល់។ ចំណែកក្រុមប្រឆាំងវិញបានត្រឹមតែ បែកបាក់ និរាសព្រាត់ប្រាស់ គ្រួសារយ៉ាងខ្លោចផ្សាជាទីបំផុត។

លោក ចោទសួរថា តើពេលវេលាជាង ២៥ឆ្នាំ មកនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើការផ្លាស់ប្តូរការដឹកនាំផ្តាច់ការដូចជាលោក ហ៊ុន សែន ទេឬយ៉ាងណា?

លោក បញ្ជាក់ថា ការពិតជាក់ស្តែងចរន្តនៃការរួមគ្នាក្នុងការបង្កើតចេញជា គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏មានសក្តានុពល គឺពិតជាអាចធ្វើការផ្លាស់ប្ដូរការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន បានយ៉ាងពិតប្រាកដ ប្រសិនបើ ពួកគេចេះកែប្រែ ឬក៏ហ៊ានទទួលយកនូវការរិះគន់គ្រប់មជ្ឈដ្ឋាន។

ផ្ទុយទៅវិញ ពួកគេមិនគ្រាន់តែ មិនព្រមទទួលយកការរិះគន់ប៉ុណ្ណោះទេ ថែមទាំងបង្កើតក្រុមហ្វេសប៊ុកសកម្ម ចាំជេរប្រទេច មួលបង្កាច់ លាបពណ៌បន្ថោកតម្លៃសីលធម៌ខ្មែរ ដើម្បីតែបិទបាំងទុច្ចរិតភាពនយោបាយរបស់ខ្លួនថែមទៀត។

ការអះអាងនេះធ្វើឡើង ស្របពេលក្រុមប្រឆាំងនៅក្រៅប្រទេស តែងបង្កើតកំហុសយុទ្ធសាស្ត្រនយោបាយម្តងហើយម្តងទៀត ដែលនាំឲ្យមានការខកខានដល់ការផ្លាស់ប្តូរការដឹកនាំរបស់ជនផ្តាច់ការនៅកម្ពុជាដោយស្របច្បាប់ និងបណ្តាលឲ្យអ្នកចូលរួមរងទុក្ខទោសថែមទៀត។

កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩ លោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមនិវត្តន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្នុងនោះ លោកបានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសសមាជិក គណបក្សសង្គ្រោះជាតិ ឲ្យចូលរួមជាមួយនឹងលោក ប៉ុន្តែ ផែនការមាតុមភូមិនិវត្តន៍នេះ ត្រូវបរាជ័យទាំងស្រុង។

ជាងនេះទៀត មន្ត្រីជាន់ខ្ពស់ សមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលបានចូលរួមលើកម្រាម៩ ក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ នោះ ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទ មានបំណងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងបទញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវបានកោះហៅសាកសួរ និងចាប់ខ្លួន ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។

ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខា កាលពីដើមខែមករា ឆ្នាំ២០២១ នេះ បានប្រកាសធ្វើមាតុភូមិនិវត្តន៍ផងដែរ ដើម្បីរកការផ្សះផ្សាជាតិជាមួយលោក ហ៊ុន សែន តែមាតុភូមិនិវត្តន៍ក៍ត្រូវបរាជ័យផងដែរ បើទោះពីជាអ្នកបានថ្វាយលិខិតសុំការអន្តរាគមន៍ពីព្រះមហាក្សត្រយ៉ាងណាក្តី។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា កំហុសយុទ្ធសាស្ត្រនានារបស់មន្ត្រីបក្សប្រឆាំងមួយចំនួន សូមទុកជារឿងអតីតកាលមួយទៅចុះ។

លោកបន្តថា អ្វីដែលសំខាន់អ្នកនយោបាយគ្រប់ភាគីត្រូវនាំគ្នារកមធ្យោបាយដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងជាប់គាំងក្នុងពេលនេះឲ្យបានទាន់ពេលវេលា ប្រសើរជាងបន្ទោសគ្នាទៅវិញទៅមកដែលនាំឲ្យមានការបែកបាក់សាមគ្គីជាតិកាន់តែខ្លាំង។

លោក អះអាងថា បញ្ហានយោបាយនៅកម្ពុជាកើតមានឡើងដោយសារការមិនទុកចិត្តគ្នា រវាងភាគីនយោបាយនីមួយៗ ដែលនាំឲ្យមានការបែកបាក់រហូតដល់សព្វថ្ងៃ ដូច្នេះអ្នកដឹកនាំនយោបាយបញ្ឈប់ការប្រកួតប្រជែងគ្នាដោយគុំនុំ តែត្រូវបែរមកប្រកួតប្រជែងលើគោលនយោបាយដើម្បីប្រយោជន៍ជាតិ និងប្រជាជន ជាជាងយកទីលាននយោបាយកម្ពុជាធ្វើជាកន្លែងសងសឹកគ្នា។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា វាសនាកម្ពុជាកំពុងធ្លាក់ចូលក្នុងគុំនុំរបស់អ្នកនយោបាយ ប្រសិនបើពួកគេមិនអាចស្រាយគុំនុំនេះបានទេ កម្ពុជាគ្មានវាសនាល្អបានឡើយ ជាងនេះទៀតក្តីសង្ឃឹមរបស់ ពលរដ្ឋខ្មែរលើអ្នកនយោបាយទាំងនោះនឹងរលាយសាបសូន្យជាមិនខាន។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា ព្រមទាំង បានហាមឃាត់សិទ្ធិនយោបាយមន្ត្រីបក្សប្រឆាំង១១៨រូបផងដែរ។ បញ្ហានេះ បណ្តាលឲ្យមន្ត្រីបក្សប្រឆាំងបែកខ្ញែកគ្នាបន្តិចម្តងៗ ដោយខ្លះត្រូវចាប់ខ្លួន និងខ្លះទៀតនិរទេសខ្លួនមករស់នៅស្រុកក្រៅរហូតដល់សព្វថ្ងៃនេះ។

រីឯខ្លះទៀត បានចុះចូលជីវិតនយោបាយជាមួយបក្សកាន់អំណាច និងខ្លះទៀតដឹកនាំកម្លាំងបង្កើតគណបក្សថ្មីដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស