31 C
Phnom Penh

ភាគ​៦៖ តើ​ឧកញ៉ា​មួយ​ណា​ដែល​ជា​បិតា​បនល្បែង​ស៊ីសង?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧកញ៉ា មហាសេដ្ឋីនៅស្រុកខ្មែរ៤រូប គឺឧកញ៉ា គិត ម៉េងម៉ុង រិទ្ធីលី យ៉ុងផាត់ស៊ី គង់ទ្រីវដែលយើងបានរាយការណ៍កន្លងមក សុទ្ធសឹងតែជាពាណិជ្ជកររកស៊ីទាក់ទិននឹងការបំពានច្បាប់ក្នុងកម្រិតណាមួយ មិនថាកម្រិតតូច ឬ កម្រិតធំនោះទេ។ ប៉ុន្តែ ឧកញ៉ា មហាសេដ្ឋីទាំង

នេះ ពុំបានទទួលការចាប់កំហុស ផ្តន្ទាទោសកម្រិតណាមួយទេ ព្រោះថាគេមានមេក្លោងចាំការពារតាមក្រោយ តាមផែនការ រស់ពឹងគ្នាទៅវិញទៅមក រកស៊ីចិញ្ចឹមគ្នាទៅវិញទៅមកចែកផលចំណេញគ្នាទៅវិញទៅមក ពង្រឹងអំណាច ពង្រឹងមុខរបរ អាជីវកម្មទៅវិញទៅមកជារៀងរហូត។

ក្នុងប្រព័ន្ធចងគ្នា រស់ផ្ញើជីវិតនឹងគ្នា ហៅតាមអង់គ្លេស symbiosis នាំទៅរករបៀបគ្រប់គ្រងមួយអ្នកដឹកនាំម្នាក់ មិនត្រឹមតែមានអំណាចដាច់មុខតែងតាំងមនុស្សណាម្នាក់តាមចំណង់នោះទេ អ្នកដឹកនាំនោះ ក៏មានអំណាចដាច់មុខកំណត់វាសនាមនុស្សទាំងអស់ជាពលរដ្ឋប្រ ទេសនោះទៀតផងដែរ ដែលអង់គ្លេសហៅថា political patronage។ របៀបគ្រប់គ្រងបែបនេះ គេបង្កើតឲ្យមានបក្ខ មានពួកមនុស្សគេទុកចិត្ត មានភក្តីភាពនឹងគ្នា ទោះជាមិនពេញចិត្តនឹងគ្នាក៏ត្រូវតែលាក់ លេបទុកក្នុងចិត្ត ប្រឹងរកធនធានទ្រទ្រង់អ្នកមានអំណាចជារបៀបសងគុណ ហើយអ្នកមានអំណាច ដែលជាអ្នកមានសគុណ ប្រើ អាជ្ញាសិទ្ធិ តបស្នងវិញតាមបែបបំពេញចិត្តគ្នាជា យសសក្តិ លុយកាក់ ថានៈសង្គម មុខតំណែង មុខមាត់។ អាជ្ញាសិទ្ធិ royal prerogative គឺជាអំណាចដាច់ខាត ដែលព្រះរាជាសម័យបុរាណប្រទានដល់មេទ័ពគ្រាមានសង្រ្គាម។

សម័យបច្ចុប្បន្ន ព្រះរាជាប្រទាន (តាមរូបភាពរដ្ឋធម្មនុញ្ញ) ដល់ប្រមុខរដ្ឋាភិបាលគឺ នាយករដ្ឋមន្រ្តី។ នៅស្រុកខ្មែរ នាយករដ្ឋមន្រ្តី ជាអ្នកស្នើសុំប្រទានងារ ឧកញ៉ា ដល់ជន ណាមានលុយធ្វើវិភាគទានចាប់ពី១០ម៉ឺនដុល្លារឡើងទៅ។

វិភាគទានមួយផ្នែកចិញ្ចឹម ទ្រទ្រង់ព្រះបរមរាជវាំង វិភាគទានមួយផ្នែកឧបត្ថមបក្ស ប្រជាជនកម្ពុជា ហើយមួយផ្នែកជូនមេសង់សាលារៀនដាក់ឈ្មោះមេបក្ស។ ឧកញ៉ាទាំងនោះដឹងគុណបក្ស ដែលផ្តល់ឱកាសឲ្យគេក្លាយជាសេដ្ឋី។

ធរមានប្បញ្ញត្តិនានាក្នុងប្រទេសពុំមានប្រសិទ្ធភាពលើពពួកឧកញ៉ា មហា សេដ្ឋីប៉ុន្មានទេ មានតែពលរដ្ឋសាមញ្ញប៉ុណ្ណោះ គោរព ប្រតិបត្តិតាម ឬគេបម្រុងច្បាប់ទាំង នោះសម្រាប់អនុវត្តទៅលើពពួកជំទាស់នឹងគោលការនយោបាយរបស់រដ្ឋអំណាច។

ឧកញ៉ាទី៥ គឺឧកញ៉ា កុក អាន ឈ្មោះដើម ភូ កុកអាន កូនកាត់ចិន ឬ ចៅចិន កើតនៅខេត្តកោះកុង ខែកក្កដា ឆ្នាំ១៩៥៤។ ក្នុងទូរលេខពីស្ថានទូតស.រ.អា ទម្លាយចេញពីក្រុមស្រាវ ជ្រាវឈ្មោះ Wikileaks នាឆ្នាំ២០០៧ គេប្រសិទ្ធនាមឲ្យថាជា បិតាបនល្បែង  gambling kingpin

កុក អាន លុប ដកឈ្មោះជីតាឈ្មោះ ភូ ចេញក្នុងសម័យ សាធារណរដ្ឋខ្មែរ ដឹកនាំដោយលោក លន់ នល់ ដោយគេថា មានការប្រកាន់ជាតិសាសន៍ មិនចូលចិត្តចិន។ មានបាតុកម្មខ្លះពីសំណាក់សិស្ស និស្សិត ដែលក្តៅក្រហាយនឹងទំនិញសព្វសារពើឡើងថ្លៃ  និងការសង្ស័យថា មានអាណិកជនចិនខ្លះសាបព្រួសមនោគមន៍វិជ្ជាក្រហមរបស់ ម៉ៅ សេទុង

រឿងនេះ គួរខ្មែរពិចារណាដែរ ពីព្រោះ ចិនគេថាខ្មែរប្រកាន់ពូជសាសន៍ យួនក៏គេថាខ្មែរប្រ កាន់ពូជសាសន៍ដែរ ប៉ុន្តែ ទឹកដី ធនធានធម្មជាតិស្រុកខ្មែរ ជាតិសាសន៍ទាំងពីរនេះ មានចំ ណែកក្នុងការបំផ្លិចបំផ្លាញជាតិសាសន៍ខ្មែរ។

ទោះជាយ៉ាងណាក៏ដោយ សម័យ សាធារណរដ្ឋខ្មែរមានកូនកាត់ចិន កូនចៅចិនជាច្រើនបម្រើការងារជាមន្រ្តី រដ្ឋការ តាមក្រសួង ការិយា ល័យ តាមខេត្ត ក្រុងក្នុងកម្លាំងប្រដាប់អាវុធប៉ូលិស តម្រួតយោធា ប្រកបអាជីវកម្ម ជាសិស្ស និស្សិតពេញប្រទេស។ មានខ្លះជាមេទ័ព ដូចជាឧត្តមសេនីយ៍ត្រី ងួន លីឃាង ឧត្តមសេនីយ៍ត្រី ចៅហ្វាយខេត្ត ម៉ុម ឆេងអ៊ី ឧត្តមសេនីយ៍ត្រី អ៊ៀ ឆុង ជាដើម។

ភរិយាលោក លន់ នល់ និង ភរិយារបស់លោក អ្នកធំៗជំនាន់នោះ ក៏មានកូនកាត់ កូនចៅចិនដែរ។ តាមឯកសារ កុក អាន ឬ ភូ កុកអាន បានចូលរៀននៅថ្នាក់វិទ្យាល័យ ប៉ុន្តែ មិនដឹងជាចប់ថ្នាក់ទីប៉ុន្មានទេ។ ក្នុងទសវត្ស១៩៨០ លោកធ្វើជំនួញចេញចូលជាមួយប្រទេសថៃឡង់ដ៍ និង ប្រទេសយៀកណាម។ ក្នុងទសវត្ស១៩៩០ កុក អាន ចូលរកស៊ីខាងឧស្សាហកម្មនេ សាទត្រី បារីថ្នាំជក់។ ពាណិជ្ជករ កុក អាន បានទទួលងារ ឧកញ៉ា លំដាប់ទី៤ នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៥ តាមរយៈព្រះរាជក្រឹត្យលេខ ០១៩៥/០៤។ ក្នុងថ្ងៃ ខែ ឆ្នាំដដែលនោះ ឧកញ៉ាពីររូបទៀត បានទទួលគោរមងារនេះដែរ ប៉ុន្តែម្នាក់មានថ្នាក់ខ្ពស់ជាងមួយកម្រិត គឺ អ្នកឧកញ៉ា ហួត វ៉ាន់ថន នៅលំដាប់ទី២ តាមរយៈព្រះរាជក្រឹត្យលេខ ០១៩៥/០២ និង ឧក ញ៉ា ឡាយ ងី នៅលំដាប់ទី៣ តាមរយៈព្រះរាជក្រឹត្យលេខ ០១៩៥/០៤។

ពាណិជ្ជករ កុក អាន ពង្រីកមុខរបរទៅខាងល្បែងស៊ីសង ដោយស្ថាបនាបនល្បែងកាស៊ីណូនិង កន្លែងសម្រាកលំហែកាយ ប៉ោយប៉ែត Crown Resorts Casino Poipet ហើយបន្ទាប់មកសង់ស្ថានីយ៍ផ្គត់ផ្គង់ភ្លើងអគ្គិសនី។ លោកជានាយកចាត់ចែង ក្រុមហ៊ុន អានកូ បងប្អូន ANCO BrothersLtd. ជាក្រុមហ៊ុនចែកចាយបារីបរទេសពីក្រុមហ៊ុន Singapura United TobaccoLtd.។ ចាប់ពីឆ្នាំ១៩៩៣មក ក្រុមហ៊ុន អានកូ បងប្អូន ចែកចាយបារីថ្នាំជក់ឲ្យក្រុម ហ៊ុន British American Tobacco (BAT) នៅប្រទេសកម្ពុជា។ 

តាមសេចក្តីរាយការណ៍ គេដឹងថា ឧកញ៉ា កុក អាន ជាមនុស្សជិតស្និទ្ធនឹងបក្ស ប្រជាជនកម្ពុជា ហើយមនុស្សម្នាក់ដែលជួយសងការខូចខាតស្ថានទូតរាជាណាចក្រថៃបណ្តាលមកពីកុបករវាយបំបែក ដុតនៅឆ្នាំ២០០៣។ ឧកញ៉ា កុក អាន ជាសមាជិកព្រឹទ្ធសភា ជាទីប្រឹក្សានា យករដ្ឋមន្រ្តី ហ៊ុន សែន ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និង ជាសមាជិកក្រុមអភិបាលនៃ កាកបាទក្រហមកម្ពុជា ដឹកនាំដោយភរិយានាយករដ្ឋមន្រ្តី ប៊ុនរ៉ានី ហ៊ុន សែន។ ឧកញ៉ា កុក អាន អាចនិយាយភាសាខ្មែរ ថៃ ចិន និង យួន បានខ្លះៗ។ ក្នុងមុខរបរអាជីវកម្មវិញ តើ ឧកញ៉ា កុក អាន និង ក្រុមហ៊ុន មានជំពាក់ជំពិននឹងបញ្ហាអ្វីខ្លះខាងផ្លូវច្បាប់?

ឆ្នាំ២០១៥ ក្រុមហ៊ុនកូរ៉េខាងត្បូង WORLD CITY ដែលសាងសង់ បុរីកាំកូ នៅសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ បានតវ៉ាជំទាស់នឹងការព្យាយាមកាត់ដី ៥ហិកតារ ពីផ្ទៃដី៥០ហិកតារ ឧកញ៉ា កុក អាន លក់ឲ្យក្រុមហ៊ុនកូរ៉េនៅឆ្នាំ២០០៥។ កូនប្រសារឧកញ៉ា កុក អាន ឈ្មោះ រិទ្ធី សំអាង បានបដិសេធថា ក្រុមហ៊ុន និង ឪពុកក្មេករបស់ខ្លួនគ្មានចេតនាទន្ទ្រាន ច្បាមយកដីទីនោះទេ។ លោកថា ដី៥ហិកតារនោះ មិនស្ថិតជាប់ក្នុងទំហំដីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនោះទេ។

ឆ្នាំ២០១៤ ប្រជាពលរដ្ឋរស់នៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានចោទក្រុមហ៊ុន អានកូ ផ្គត់ផ្គង់ទឹក របស់ក្រុមហ៊ុន អានកូ បងប្អូន របស់ឧកញ៉ា កុក អាន ថាបានបង្កឲ្យមានទឹកជន់លិចផ្ទះសម្បែងអ្នកស្រុក ៩០ខ្នង លើផ្ទៃដី១២៥ហិកតារ អស់រយៈជាច្រើនថ្ងៃ បន្ទាប់ពីក្រុមហ៊ុនសង់អាងទឹកក្នុងតំបន់នោះ។

ទឹកពោរពេញអាង ហូរហៀចេញ ជន់លិចដីស្រែចំការ និង ផ្ទះសម្បែងអ្នកស្រុក បណ្តាលឲ្យប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង។ ប្រមាណ៥ខែមុនទឹកជន់លិចភូមិនោះ ប្រជាពលរដ្ឋក្តៅក្រហាយ ចោទក្រុមហ៊ុនឧក ញ៉ា កុក អាន ថាផ្តាច់ទឹកស្អាតមិនផ្តល់ឲ្យប្រជាពលរដ្ឋទទួលទានរាប់ពាន់នាក់ពេញមួយសប្តាហ៍ ព្រោះរដ្ឋកាត់ភ្លើងអគ្គិសនីតភ្ជាប់ទៅស្ថានីយ៍បូមទឹក។

តើរដ្ឋផាកពិន័យក្រុមហ៊ុន និង សងការខូចខាតរបស់ពលរដ្ឋចំនួនប៉ុន្មាន ដែលមានកំហុសឆ្គងក្នុងកិច្ចចាត់ការគ្រប់គ្រង មុខរបរក្រុមហ៊ុន អានកូ បងប្អូន នោះ? ឆ្នាំ២០១៣ ក្រុមហ៊ុន អានកូ ផ្គត់ផ្គង់ទឹក ខេត្តព្រះសីហនុ នៅបឹងព្រែកទប់ ទឹកជ្រោះក្បាលឆាយ ដាច់ភ្លើងផ្តល់ឲ្យស្ថានីយ៍ម៉ាស៊ីនបូមទឹក បណ្តាលឲ្យពលរដ្ឋក្នុងខេត្តគ្មានទឹកប្រើប្រាស់រាប់ម៉ឺនគ្រួសារ។ ក្រុមហ៊ុន អានកូ ផ្គត់ផ្គង់ទឹក បន្ទោសស្ថានីយ៍អគ្គិសនីរដ្ឋ ថាកាត់ភ្លើងបូមទឹក និង បន្ទោសថា រដូវក្តៅហួតហែង ទឹកបឹងស្រកខ្លាំង ទឹកជ្រោះក្បាលឆាយ មានមិនគ្រប់គ្រាន់ សម្រាប់ឧបត្ថម្ភរោងចក្រចម្រាញ់ និង ផលិតទឹកសុទ្ធ។

បញ្ហាធំមួយទៀត កើតឡើងក្នុងឆ្នាំ២០១២ ទាក់ទងនឹងការចោទប្រកាន់ថាក្រុមហ៊ុនរបស់ឧក ញ៉ា កុក អាន ដណ្តើមកាន់កាប់ សកលវិទ្យាល័យភ្នំពេញអន្តរជាតិ (Phnom Penh International University = PPIU) និង រឿងបាត់លុយកាក់ ដែលបណ្តាលឲ្យមានការប្តឹងផ្តល់គ្នាជាមួយនឹង អ្នកគ្រប់គ្រប់សាលាត្រូវជាសាច់ញាតិ រហូតដល់ជាប់ពន្ធនាគារ។ 

តាមសេចក្តីរាយការណ៍ក្នុងសារព័ត៌មាន VICE ឧកញ៉ា មហាសេដ្ឋី កុក អាន ហៅស្រ្តីពីររូប បងប្អូនបង្កើតនឹងគ្នា រស់នៅជាមួយថាប្រពន្ធទាំងអស់គ្នា គឺអ្នកស្រី សុខ អ៊ីម និង ស៊ីវ ប៊ុយ។ 

ការប្តឹងផ្តល់គ្នាផ្តើមឡើងក្នុងឆ្នាំ២០១០ បន្ទាប់ពី ឧកញ៉ា កុក អាន ប្តឹងអតីតសកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ហេង ឈាង និង ភរិយា អ្នកស្រី ទេព កូឡាប សកលវិទ្យាធិការ នៃសកលវិទ្យាល័យភ្នំពេញអន្តរជាតិ រឿងបាត់លុយពីធនាគារ សហភាព ពាណិជ្ជកម្ម (Union Commercial Bank = UCB) ជាង ៦សែនដុល្លារ ពីគណនេយ្យរបស់ក្រុមហ៊ុន អានកូ បងប្អូន (Anco Brothers) ជាសាខាបណ្តុំក្រុមហ៊ុន Anco Group គ្រប់គ្រង ចាត់ ចែងដោយភរិយាម្នាក់របស់ឧកញ៉ា កុក អាន គឺអ្នកស្រី សុខ អ៊ីម ក្នុងមុខរបរចែកចាយបារីថ្នាំជក់ ទឹកសុទ្ធ Avian និង ប៊ីយែរ៍អាមេរិកាំង ម៉ាក Budweiser។  ក្រោយមកចោទប្រកាន់លោក ហេង ឈាង ជាបងប្អូនជីដូនមួយនឹងអ្នកស្រី សុខ អ៊ីម ដែលមានគណនេយ្យធនាគារជាមួយគ្នា ថាធ្វើឲ្យបាត់លុយប្រមាណជិត ៥លានដុល្លារ។ បន្ទាប់មកឡើងដល់ ៣៤លានដុល្លារ ហើយក្រោយមកទៀតថា ធ្វើឲ្យបាត់លុយជិត ៦០លានដុល្លារ ពីលុយសរុបក្នុងធនាគារប្រមាណ១០០លានដុល្លារក្នុងរយៈពេលជាង១០ឆ្នាំ។

តុលាការបញ្ជាឲ្យសើរើពិនិត្យភ័ស្តុតាងជាបង្កាន់ដៃ លិខិតស្នាមបញ្ចេញបញ្ចូលលុយទាក់ទងតាមធនាគារ ហើយរកឃើញថា មានការផ្ទេរលុយតែជាង ៤លាន ៥សែនដុល្លារ ពីគណនេយ្យ របស់លោក ហេង ឈាង និង អ្នកស្រី ទេព កូឡាប ជាភរិយា ចូលទៅលេខគណនេយ្យ ៣ នៅធនាគារផ្សេងគ្នា ចុះឈ្មោះអ្នកស្រី សុខ អ៊ីម ភរិយាឧកញ៉ា កុក អាន ក្នុងប្រទេស សិង្ហាបុរី។ ការត្រួតពិនិត្យល្អិនល្អន់លើបង្កាន់ដៃ ឬ វិកយប័ត្រ រកឃើញថាអ្នកស្រី ទេព កូឡាប បានចុះហត្ថលេខាទទួលស្គាល់ដ៏តិចតួចប៉ុណ្ណោះ គឺមានដកលុយទិញដីសង់វិមានឲ្យអ្នកស្រី សុខ អ៊ីម។ 

លោក ហេង ឈាង និង ភរិយា ប្តេជ្ញាតវ៉ារកយុត្តិធម៌យ៉ាងម៉ឺងម៉ាត់ ដោយបង្ហាញភ័ស្តុតាង ការផ្ទេរប្រាក់ទៅចូលលេខគណនេយ្យរបស់អ្នកស្រី សុខ អ៊ីម កូនប្រុស និង អ្នកស្រី ស៊ីវ ប៊ុយ។ លោក ហេង ឈាង មិនត្រឹមតែតវ៉ាចង់ឲ្យតុលាការដោះលែងអ្នកស្រី ទេព កូឡាប ជាភរិយាពីពន្ធនាគារប៉ុណ្ណោះទេ។

លោកបានចោទវិញថា ឧកញ៉ា កុក អាន បានប្រើលេខគណ នេយ្យរបស់លោក និង ភរិយា ដើម្បីគេចបង់ពន្ធឲ្យរដ្ឋ ហើយថា មុខរបរក្នុងក្រុមហ៊ុនក្នុង បណ្តុំក្រុមហ៊ុន អានកូ ហ្រ្គុប រកស៊ីបំបាត់ពន្ធដារយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងរកស៊ីខុស ច្បាប់ទៀតផង។ ឧកញ៉ា មហាសេដ្ឋី កុក អាន អាងងារ ទឹកលុយ និង ការគាំពារពីនាយករដ្ឋមន្រ្តី ព្រោះតែមានគុណបំណាច់នឹងគ្នា។ រីឯលោក ហេង ឈាង និង ភរិយាអ្នកស្រី ទេព កូឡាប ចង់រកយុត្តិធម៌ពីសំណាក់អ្នកដឹកនាំផង តាមច្បាប់ផង ដែលអនុវត្តដោយស្ថាប័នពុក រលួយស៊ីសំណូក៕

សប្តាហ៍ក្រោយ សូមជូនសេចក្តីរាយការណ៍អំពី ឧកញ៉ា មហាសេដ្ឋី មានទុន៥០ដុល្លារ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស