34 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ត្រូវ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​កម្ពុជា​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ពី​មេ​បក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក គួរ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ពេល​ជួប​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជំរុញ​ឲ្យ​មេ​ដឹកនាំ​រូប​នេះ​ដោះលែង​មេ​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

អ្នក​វិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នេះ​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង ៥០០៧​នាក់​របស់​បក្ស​ប្រឆាំង ត្រូវ​នាំ​គ្នា​ចេញ​មក​តវ៉ា​ជា​សាធារណៈ​នៅ​ចំ​ពេល​វត្តមាន​របស់​អ្នក​ការទូត​សហរដ្ឋ​អាមេរិក រូប​នេះ ជាមួយ​លោក ហ៊ុន សែន។ លោក​អះអាង​ថា ប្រសិន​បើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រឆាំង​មិន​ចេញ​មក​តវ៉ា​ចំ​ពេល​នេះ​ទេ ហើយ​អនុរដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​នៅ​តែ​បន្ត​ឥរិយាបថ​ការទូត​ទន់ភ្លន់​ដដែល​ទៀត​នោះ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មិន​បាន​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែ​បាន​ចិត្ត​ក្នុង​ការ​ដំឡើង​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​អះអាង​ថា អ្នកស្រី វីនឌី ស៊ើមែន (Wendy Sherman) គួរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ចំពោះ​មុខ​ក្រុម​លោក ហ៊ុន សែន ថា រដ្ឋ​អំណាច​លោក ហ៊ុន សែន ត្រូវតែ​ដោះលែង​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​ចូល​ទីលាន​ប្រកួត​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ប្រសិនបើ​លោក ហ៊ុន សែន ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​បន្ត​ទៀត​នោះ។

ការ​អះអាង​របស់​លោក គឹម សុខ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក ២​រូប បាន​ស្នើសុំ​ឲ្យ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​នានា​ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល ២​រូប ក៏​ជា​តំណាងរាស្ត្រ​ដែល​ទទួល​ការ​គាំទ្រ​ពី​តំណាងរាស្ត្រ​ផ្សេង​ទៀត​របស់​អាមេរិក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ​កន្លង​មក។

លោក Steve Chabot មកពី​គណបក្ស​សាធារណរដ្ឋ និង​លោក Alan Lowenthal មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ច្បាប់​ទៅ​កាន់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman មុន​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ​នេះ។ លោក Steve Chabot និង​លោក Alan Lowenthal បាន​ស្នើសុំ​ឲ្យ​អ្នកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក Wendy Sherman ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា ដោយ​ចង់​ឃើញ​អ្នកស្រី​ថ្លែង​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​មួយ​នេះ ដែល​នឹង​លើក​ឡើង​អំពី​ការ​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ប្រកាន់​ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Wendy Sherman នឹង​បញ្ជាក់​ឡើងវិញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ភាព​ចាំបាច់​របស់​អាស៊ាន និង​លើក​ឡើង​នូវ​បញ្ហា​ទ្វេភាគី​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន និង​រួម​ទាំង​ការ​ជួប​សន្ទនា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដាក់​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។ ការ​ចាប់​លោក កឹម សុខា ទាំង​យប់​នោះ គឺ​ធ្វើ​ឡើង​ក្រោម​បទ​ចោទ​ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យ៉ាងណាក៏ដោយ មក​ទល់​នឹង​ពេល​នេះ លោក កឹម សុខា នៅ​តែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទល្មើស​ណា​មួយ​នៅ​ឡើយ​ទេ បើ​ទោះបីជា​តុលាការ​ក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​បិទ​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប់ប្លូ កាំង បាន​អះអាង​ថា លោក​នឹង​បន្ត​តស៊ូ​មតិ​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ប្រកប​ដោយ​តម្លាភាព​លើ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស