41.3 C
Phnom Penh

ពលរដ្ឋ​ជាង​៦០​គ្រួសារ​ត្រៀម​តវ៉ា​ទាមទារ​ដោះស្រាយ​ទំនាស់​ដីស្រែ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​កណ្តាល កំពុង​ប្រមូល​គ្នា​ចេញ​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​អ្នកភូមិ​ជាង ៦០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វាល​យន្តហោះ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​បាន​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់។

ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​បោះតង់​សង់​ខ្ទម​នៅ​តំបន់​ដី​មាន​ជម្លោះ​នៅ​ភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ខ្លះ​ទៀត​នៅ​តាម​ដង​ផ្លូវ ដើម្បី​តៀម​តវ៉ា​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​សម្រាប់​គ្រួសារ​ពួកគាត់។

តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​អ្នក​ភូមិ​នាំគ្នា​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ មិន​អើពើ​រក​ដំណោះស្រាយ​ចំពោះ​ទុក្ខ​កង្វល់​រួម​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ។

តំណាង​ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដីស្រែ​ចម្ការ​ទាំងនោះ​ជា​ដី​កេរ​ដូនតា​របស់​ពួកគាត់ ដែល​បាន​អាស្រ័យផល​ជាង ៤០ឆ្នាំ​មក​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ក្រុមហ៊ុន​ហាមឃាត់ និង​រារាំង​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​ធ្វើ​ស្រែ​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​លើ​ដី​នៅ​តំបន់​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។

រីឯ​ការ​ហាមឃាត់​នេះ គឺ​ខាង​ភាគី​ក្រុមហ៊ុន​មិនទាន់​មាន​គោលការណ៍​ច្បាស់លាស់​ផ្តល់​សំណង​សមរម្យ​ដល់​អ្នកភូមិ​នៅឡើយ​ទេ។

អ្នកភូមិ​អំពៅព្រៃ បាន​ស្រែក​ទាមទារ​យុត្តិធម៌​ជាង ៣​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​ពួកគាត់​ទទួល​ដំណឹង​ថា រដ្ឋាភិបាល​សម្រេច​ដកហូត​ដីស្រែ​ចម្ការ​កេរ​ឪពុក​ម្តាយ​របស់​ពួកគាត់​អស់​រាប់​រយ​ហិកតារ ដើម្បី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​របស់​ឧកញ៉ា ពុង ឃាវសែ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពលរដ្ឋ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​សមរម្យ ដើម្បី​ឱ្យ​អ្នកភូមិ​មាន​ដើមទុន​ខ្លះ​ទិញ​ដី​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​នៅ​កន្លែង​ផ្សេង។

ក្រុមហ៊ុន​អភិវឌ្ឍ​វាល​យន្តហោះ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ បាន​បោះ​ទុន​វិនិយោគ​ប្រមាណ ១៥០០​លាន​ដុល្លារ ដើម្បី​កសាង​វាលយន្តហោះ​ថ្មី​ស្តង់ដារ​អន្តរជាតិ។ គម្រោង​អភិវឌ្ឍន៍​នេះ លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ២៦០០​ហិកតារ​ក្នុង​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស