29 C
Phnom Penh

កម្ពុជា​ខកខាន​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ដំណាច់​ខែ​ឧសភា​មិន​ដូច​ការ​គ្រោងទុក

បទវិភាគ

កម្ពុជា​បាន​ខកខាន និង​បន្ត​ពន្យារពេល​នាំ​ប្រេង​ឆៅ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដូច​តាម​ការ​គ្រោងទុក ថា​នឹង​នាំ​ចេញ​នៅ​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០២១ នេះ ដោយសារ​ក្រុមហ៊ុន​នាំ​ចេញ​នៅ​មិនទាន់​បញ្ចប់​កាតព្វកិច្ច​របស់​ខ្លួន​នៅឡើយ។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា នេះ​ថា នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន Kris Energy កំពុង​ធ្វើ​ការងារ​នាំ​ចេញ​ប្រេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្រុមហ៊ុន Kris Energy មិនទាន់​បាន​បញ្ចប់​ការងារ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន​មួយ​ចំនួន។ ដូចនេះ ក្រុមហ៊ុន​នៅ​មិនទាន់​អាច​នាំ​ចេញ​ប្រេង​បាន​នៅឡើយ​ទេ។ ចំណែកឯ​ពេលវេលា​ជាក់លាក់​ណាមួយ​ដែល​ក្រុមហ៊ុន Kris Energy នឹង​ចាប់ផ្ដើម​នាំចេញ​ប្រេងកាត​របស់​កម្ពុជា​នោះ លោក ជៀប សួរ ក៏​មិនទាន់​អាច​បញ្ជាក់​បាន​នោះ​ឡើយ។

បើ​តាម​ផែនការ​នោះ គឺ​ប្រទេស​កម្ពុជា​នឹង​នាំចេញ​ប្រេងកាត​ជា​លើកដំបូង និង​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ក្រុមហ៊ុន Kris Energy កំពុង​ដំណើរការ​បូម​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​នៅ​អណ្តូង​អប្សរា​ក្នុង​ប្លុក​A ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១។ ដំណាក់កាល​ដំបូង ក្រុមហ៊ុន​អាច​នឹង​នាំចេញ​ប្រេង​ឆៅ​ក្នុង​បរិមាណ​ចន្លោះ​ពី ២៧​ម៉ឺន​បារ៉ែល​ទៅ ៣០​ម៉ឺន​បារ៉ែល ហើយ​បរិមាណ​ប្រេង​នាំចេញ​នេះ​វា​ប្រែប្រួល​ទៅតាម​ការ​វាស់វែង​ជាក់ស្តែង។

ការ​ចាប់ផ្ដើម​បូម​ប្រេង​លើកដំបូង​របស់​កម្ពុជា ត្រូវ​បាន​លោក ហ៊ុន សែន ហៅថា «ជា​ពរជ័យ» ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​មាន​តម្លាភាព​លើ​ការ​គ្រប់គ្រង​ចំណូល​បាន​ពី​ប្រេង ដើម្បី​ចៀសវាង «បណ្ដាសា​ប្រេង» ដែល​អាច​បំផ្លាញ​ដល់​ផលិតកម្ម​ធំៗ​ផ្សេង​ទៀត​របស់​ជាតិ។

លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​កាលពី​ចុង​ឆ្នាំ​២០១០ ថា ការ​ចាប់ផ្តើម​អាជីវកម្ម​ធនធាន​រ៉ែ​ប្រេង​នៅ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល គឺជា​ពរជ័យ​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ មិនមែន​ជា​បណ្តាសា​ដូច​ការ​លើកឡើង​របស់​ជន​អគតិ​មួយ​ចំនួន​នោះ​ទេ។ លោក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ ថា ដំណក់​ប្រេង​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​ជា​ប្រភព​ធនធាន​ចំណូល​ថ្មី​មួយ​ត្រូវ​បូម​បាន​ពី​ប្លុក​A នៃ​ដែនសមុទ្រ​កម្ពុជា ហើយ​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​ប្រេងកាត​នេះ នឹង​ត្រូវ​ផ្តល់​អាទិភាព​ទៅ​លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ធ្លាប់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ថា ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ពី​ចំណូល​បាន​ពី​ប្រេង យក​មក​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ និង​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​មាន​ឥទ្ធិពល និង​អ្នក​មាន​អំណាច​មួយ​ក្រុម​តូច​ដែល​ធ្វើ​ឱ្យ​ការចាត់ចែង​គ្មាន​តម្លាភាព៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស