38.1 C
Phnom Penh

តើ​រដ្ឋាភិបាល​គួរ​បន្ត​រឹតត្បិត​សេរីភាព និង​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​បន្ត​ទៀត​ដែរ​ឬ​ទេ ដើម្បី​រក្សា​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ដើម្បី​រក្សា​កិត្តិយស​របស់​កម្ពុជា ឱ្យ​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន ឱ្យ​ចូលរួម​សវនាការ​របស់​ប្រធាន​សហជីព​រូប​នេះ​បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់ និង​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​នេះ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា នេះ​ថា ប្រសិនបើ​តុលាការ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ដែល​អាច​ដោះលែង​លោក រ៉ុង ឈុន ឬ​ទម្លាក់​រាល់​បទ​ចោទនា​នា​លើ​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​នោះ គឺ​សញ្ញា​មួយ​ដែល​បង្ហាញ​ថា កម្ពុជា កំពុង​ឈាន​ទៅ​រក​ការ​បើក​នូវ​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ពេលនេះ។

លោក​អះអាង​ថា ដើម្បី​ចៀសវាង​នូវ​ការ​រិះគន់​នានា​ពី​ប្រទេស​លោក​សេរី​ទៅលើ​រដ្ឋាភិបាល និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បន្ត​ទៀត ព្រមទាំង​អាច​បន្ត​រឹតចំណង​ការទូត​ឱ្យ​បាន​កាន់តែ​ប្រសើរ​ផង​នោះ លុះណាតែ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​ងាក​ទៅ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​ដឹកនាំ​មួយ​ដ៏​ល្អ​ដែល​អាច​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ចូលរួម​កសាង​សង្គម​ជាតិ​របស់​ពួកគេ ជាពិសេស​រដ្ឋាភិបាល​ក៏​ចៀស​ផុត​ពី​កា​រដាក់​សម្ពាធ​នានា​របស់​សហគមន៍​អន្តជាតិ​ផង​ដែរ។

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​លិខិត​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន គឺ​លោក ឡោ ជុនធី ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ ខាងមុខ​នេះ​លើ​ករណី​លោក រ៉ុង ឈុន ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ តំណាង​មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ុង ឈុន គ្រោង​ដាក់​ពាក្យ​បណ្តឹង​ចំនួន​២ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ រួម​មាន​បណ្តឹង​ស្នើសុំ​ឱ្យ​តុលាការ​បើក​ផ្លូវ​សម្រាប់​មេធាវី​ការពារ​ក្តី បាន​ចូល​ជួប​លោក រ៉ុង ឈុន ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ «ម១» និង​បណ្តឹង​មួយ​ទៀត ស្នើ​ឱ្យ​ដោះលែង​កូនក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​បាន​ធ្វើ​លើស​នីតិវិធី។

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ និង​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម។

បន្ទាប់ពី​ការ​ចាប់​ខ្លួន លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម និង​ចេញ​ដីកា​ឱ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​រហូតដល់​សព្វថ្ងៃ​នេះ។

គិត​ចាប់តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២០ ដែល​អាជ្ញាធរ​កម្ពុជា ឃុំ​ខ្លួន​លោក រ៉ុង ឈុន នៅ​មណ្ឌល​អប់រំ​កែប្រែ «ម១» រហូត​មក​ដល់​ខែ​មិថុនា ឆ្នាំ​២០២១ នេះ មាន​រយៈពេល​ប្រមាណ​ជាង ១០​ខែ​ហើយ ក្រោយ​ពេល​ដែល​តុលាការ​ពន្យារ​ពេល​បើក​សវនាការ​ក្រោម​ហេតុផល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19។

ច្បាប់​ស្ដីពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន មាត្រា​១ ចែង​ថា ទោះ​ស្ថិត​ក្នុង​ករណី​ណា​ក៏ដោយ ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​មិន​ឱ្យ​លើស​ពី ៤​ខែ​ឡើយ ប៉ុន្តែ​ការ​សម្រេច​របស់​ចៅក្រម​ដែល​មាន​មូលហេតុ​ច្បាស់លាស់ រយៈពេល​នេះ​អាច​បន្ត​ឃុំ​ខ្លួន​ដល់ ៦​ខែ​បាន ប្រសិនបើ​មាន​ការ​ចាំបាច់​ក្នុង​ការ​ស៊ើបអង្កេត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស