38.1 C
Phnom Penh

អភិបាល​ស្រុក​កោះកុង​ត្រៀម​បញ្ជូន​សំណុំរឿង​អ្នក​រំលោភ​ដី​មាត់​ព្រែកតាតៃ​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ស្រុក​កោះកុង លោក ជា សូវី ព្រមាន​ថា អាជ្ញាធរ​នឹង​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ស្រុក និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​ម្ចាស់​ទីតាំង​សំណង់ និង​ចាក់​ដី​លុប​មាត់​ព្រែកតាតៃ នៅ​រឹង​ទទឹង​មិន​រុះរើ​តាម​កិច្ចសន្យា​កំណត់ និង​ជីក​កាយ​ដី​ចេញពី​ចំណី​ព្រែក។

លោក​បន្ត​ថា ក្នុង​ចំណោម​ម្ចាស់​ទីតាំង​ដី​ចំនួន ៥​នាក់ ដែល​ប្រព្រឹត្ត​ល្មើស​សង់​សំណង់​អណាធិបតេយ្យ និង​ដឹក​ដី​ចាក់​រំលោភ​យក​មាត់​ព្រែកតាតៃ​កន្លង​មក​នេះ គឺ​មាន ៤​នាក់ បាន​អនុវត្ត​តាម​កិច្ចសន្យា ប៉ុន្តែ​នៅ​មាន​ម្ចាស់​ដី​ម្នាក់​ទៀត​ឈ្មោះ គិន ប៊ូកាន មិន​ទាន់​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​ស្រុក​កោះកុង នៅឡើយ។

លោក ជា សូវី អភិបាល​ស្រុក​កោះកុង បាន​បញ្ជាក់​ថា សប្តាហ៍​ក្រោយ​នេះ រូប​លោក​នឹង​ចាត់​ឱ្យ​អភិបាលរង​ស្រុក​កោះកុង​ម្នាក់ និង​ក្រុម​មន្ត្រី​ជំនាញ ឱ្យ​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​មាត់​ព្រែកតាតៃ ដើម្បី​វាយតម្លៃ​អំពី​ការ​អនុវត្ត​វិធានការ​ខាងលើ ដោយ​ធ្វើ​របាយការណ៍​បញ្ចប់​ចុងក្រោយ​បញ្ជូន​ទៅ​រដ្ឋបាល​ខេត្ត​កោះកុង ពិនិត្យ និង​សម្រេច។

លោក​អភិបាល​ស្រុក​បញ្ជាក់​ថា ករណី​ម្ចាស់​ទីតាំង​មិនព្រម​រុះរើ​សំណង់​ខុសច្បាប់ និង​កាយ​ដី​ចេញពី​មាត់​ព្រែកតាតៃ​ទេ​នោះ គឺ​អាជ្ញាធរ​នឹង​បន្ត​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី។

អាជ្ញាធរ​រដ្ឋបាល​ស្រុក​កោះកុង បាន​ដាក់​បទបញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​ដី​ចំនួន ៥​កន្លែង​ដែល​លួច​សាងសង់​សំណង់​ខុសច្បាប់ និង​ចាក់​ដី​រំលោភ​ចូល​ចំណី​ព្រែក ឱ្យ​ជីក​កកាយ​ដី រុះរើ​សំណង់​ទាំងនោះ​ចេញពី​ចំណី​ព្រែក​ឱ្យ​ដូចដើម​វិញ​ក្នុង​រយៈពេល ១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១។ ក៏ប៉ុន្តែ​គិត​មកដល់​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១ គឺ​នៅ​មាន​បុគ្គល​ម្នាក់​ឈ្មោះ គិន ប៊ូកាន ជា​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង ជា​ម្ចាស់​ទីតាំង​ដី​ល្មើសច្បាប់​មួយ​កន្លែង នៅ​មិន​អនុវត្ត​តាម​បទបញ្ជា​របស់​អាជ្ញាធរ​ស្រុក​កោះកុង។

មន្ត្រី​រដ្ឋបាល​ស្រុក​កោះកុង បាន​ឱ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ដី​ដែល​បាន​បំពាន​ចូល​ចំណី​ព្រែក​ទាំង ៥​ទីតាំង​ខាងលើ​រួមមាន៖

  • ទី​១ លោក តេង ប៊ុន ជា​អ្នក​លក់​គ្រឿងសំណង់​នៅ​ទី​រួម​ខេត្ត​កោះកុង
  • ទី​២ ឈ្មោះ អឹម ផល
  • ទី​៣ ឈ្មោះ កេត សុជាតិ
  • ទី​៤ ឈ្មោះ កេត វិចិត្រ អ្នក​ទាំង ៤​បាន​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ស្រុក​កោះកុង រួចរាល់​ហើយ
  • ទី៥ គឺ​លោក គិន ប៊ូកាន ដែល​ជា​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង មិនបាន​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​ស្រុក​កោះកុង។

លោក គិន ប៊ូកាន ជា​ប្រធាន​ការិយាល័យ​ផ្នែក​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បាន​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដឹង​ថា មូលហេតុ​រូប​គាត់​មិនទាន់​រុះរើ​សំណង់​កញ្ចុះ​ចេញពី​មាត់​ព្រែកតាតៃ គឺ​ដោយសារតែ​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ Covid-19 មិនទាន់​ធូរស្បើយ ហើយ​កូនចៅ​របស់​លោក​មិន​មាន​កន្លែង​ស្នាក់នៅ ទើប​ពុំ​ទាន់​បាន​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ។

សាធារណជន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធរ​ស្រុក​កោះកុង អាច​ចាត់​វិធានការ​ច្បាប់​ទៅលើ​លោក គិន ប៊ូកាន មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង កំពុង​ប្រព្រឹត្ត​ល្មើស​នេះ​ដែរ​ឬ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស