28.5 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរក្រោម​បន្ត​រស់​ដោយ​គ្មាន​សេរីភាព​លើទឹក​ដី​កំណើត ខណៈ​វៀតណាម​រំលោភ​សិទ្ធិ​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ថ្ងៃ​ទី​៤ ខែ​មិថុនា គឺជា​ខួប ៧២​ឆ្នាំ​ដែល​ខ្មែរក្រោម​ឈឺចាប់​ព្រោះ​តែ​ទឹកដី​កូសាំងស៊ីន ឬ​ទឹកដី​កម្ពុជាក្រោម បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម បន្ត​ពី​អាណានិគមនិយម​បារាំង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម តែងតែ​ចិញ្ចឹម​មហិច្ឆតា​លេប​យក​ទឹកដី​កម្ពុជា​ទៅ​គ្រប់គ្រង​ក្រោម​អំណាច​របស់​ខ្លួន​ទៅតាម​កាលៈទេសៈ​នយោបាយ​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។

លោក​អះអាង​ថា អំណាច​រដ្ឋការ​ក្រុង​ហាណូយ ត្រូវ​បាន​គេ​មើលឃើញ​ថា ពួកគេ​កំពុងតែ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​បំបែក​បំបាក់​ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការឈ្លានពាន ដោយ​ការ​ប្រឹង​ព្យាយាម​រំលោភ​យក​ទឹកដី​ខ្មែរ​តាម​គ្រប់​រូបភាព ដូចជា​ការរំលោភ​យក​ទឹកដី​កម្ពុជាក្រោម​ក្នុង​ឆ្នាំ​១៩៤៩ និង​ការ​ខ្ចី​ដី​ខ្មែរ​ធ្វើ​ទីលាន​សមរភូមិ​ឈរ​ជើង​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក និង​វៀតណាម​ខាងត្បូង​ក្នុង​អំឡុង​ទសវត្ស​ទី​៧០ ជាដើម។

លោក​បញ្ជាក់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះបី​កម្ពុជា​ត្រូវ​បាន​ធានា និង​ការពារ​ដោយ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​មាន​វៀតណាម បាន​ចុះ​ហត្ថលេខា​ទទួលស្គាល់​ក៏ដោយ ប៉ុន្តែ​បរទេស​ឈ្លានពាន​មួយ​នេះ​នៅតែ​ប្រើ​ឥទ្ធិពល​គ្រប់​វិធីសាស្ត្រ​ដោយ​ផ្ទាល់ និង​ប្រយោល​ជានិច្ច​ក្នុង​កិច្ចការ​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​លើ​កម្ពុជា។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ដើម្បី​បញ្ឈប់​មហិច្ឆតា​ឈ្លានពាន​របស់​បរទេស​ជិតខាង និង​អាច​រក្សា​បាន​នូវ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន គឺ​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​មាន​ការផ្សះផ្សា ការ​បង្រួបបង្រួម និង​ឯកភាព​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​តែប៉ុណ្ណោះ ទើប​ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព ហើយ​ក៏​អាច​បញ្ចប់​នូវ​វប្បធម៌​នយោបាយ​ហិង្សា​ណា​ដែល​ធ្លាប់​តែ​បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​កន្លងមក​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​គម្រប់​ខួប ៧២​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជាក្រោម ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ បន្ត​ពី​អាណានិគមនិយម​បារាំង​តាំងពី​ឆ្នាំ​១៩៤៩ កន្លងទៅ​នោះ។

ប្រធាន​សហព័ន្ធ​ខ្មែរក្រោម​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កាណាដា លោក ថាច់ ងុកថាច់ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា ចាប់តាំង​ពី​ទទួល​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង មក​គឺ​វៀតណាម​បាន​ប្រើ​ល្បិច​កល​ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ ជំនឿ​សាសនា រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ព្រៃផ្សៃ។

លើស​ពី​នេះ ពួកគេ​បាន​ផ្លាស់ប្ដូរ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ធ្វើ​ទុក្ខបុកម្នេញ ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ដាក់​ពន្ធនាគារ ដើម្បី​បង្ក្រាប​ការ​ប្រឆាំង​តវ៉ា​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​យ៉ាង​ធ្ងន់ធ្ងរ។

ចំណែកឯ​ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន បាន​អះអាង​ថា ចំណុច​ខ្លាំង​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម គឺ​ត្រូវតែ​បន្ត​រក្សា​អត្តសញ្ញាណ​ជាតិ ព្រះពុទ្ធ​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ហើយ​ត្រូវ​បន្ត​ប្រើប្រាស់​ភាសា និង​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត។

ទឹកដី​កម្ពុជាក្រោម​ជា​ដីសណ្ដ​ស្ថិតនៅ​ភាគ​ខាងក្រោម​នៃ​ប្រទេស​កម្ពុជា ដែល​មាន ២១​ខេត្ត និង​ទំហំ​ប្រមាណ​ជិត ៧​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ប្រហែល​ពាក់កណ្តាល​នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា​បច្ចុប្បន្ន។

នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង បាន​អនុម័ត​កាត់​ទឹកដី​កម្ពុជាក្រោម ដែល​ហៅថា​កូសាំងស៊ីន (Cochinchine) ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​អំឡុង​ពេល​បារាំង​ដាក់​អាណាព្យាបាល​លើ​កម្ពុជា​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា​ដែល​បាន​តវ៉ា​ទាមទារ​ទឹកដី​កម្ពុជាក្រោម​កូសាំងស៊ីន​ពី​បារាំង នៅ​មុន​ពេល​បារាំង​ប្រគល់​កូសាំងស៊ីន​ទៅ​ឱ្យ​អណ្ណាម​ដែរ​ឬ​ទេ?

យោង​តាម​ព្រះរាជសារ​របស់​អតីត​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ លេខ​១១១ កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​១៩៤៩ ដែល​បារាំង​បាន​តម្កល់​ទុក​នៅ​ក្រុង​ប៉ារីស មាន​បន្ទូល​ថា ព្រះអង្គ​បាន​ផ្ញើ​ព្រះរាជសារ​ជូន​លោក អិល ពីញ៉ុង (L. Pignon) ឧត្ដមស្នងការ​របស់​បារាំង​សម្រាប់​ឥណ្ឌូចិន សូម​ឱ្យ​ទទួលស្គាល់​ព្រះរាជ​បេសកជន​ជាន់ខ្ពស់​បី​រូប​របស់​កម្ពុជា រួម​មាន​លោក សឺន សាន លោក ឈាន វ៉ម និង​លោក ធន់ អ៊ុក ដើម្បី​តវ៉ា​ទាមទារ​ទឹកដី​កម្ពុជាក្រោម​កូសាំងស៊ីន។

តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​បារាំង លោក អិល ពីញ៉ុង (L. Pignon) តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​១៩៤៩ បាន​ទូល​ថ្វាយ​តប​ថា សម្រាប់​បារាំង ទឹកដី​កូសាំងស៊ីន​នេះ បើ​បារាំង​ប្រគល់ គឺ​ប្រគល់​ឱ្យ​អណ្ណាម ដោយសារ​មាន​សន្ធិសញ្ញា​បារាំង-អណ្ណាម ឆ្នាំ​១៨៦២ និង ១៨៦៤ ហើយ​បារាំង​រុញ​ឱ្យ​កម្ពុជា​ទៅ​តវ៉ា​ជាមួយ​អណ្ណាម។

លោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ឯកសារ​បារាំង​បាន​ពី​ក្នុង​បណ្ណសារដ្ឋាន​ជាតិ​បារាំង​ក្រុង​ប៉ារីស ក្នុង​អំឡុង​បារាំង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​លោក វ៉ាំងសង់ អូរីយ៉ូល (Vincent Auriol) ពី​ខាង​គណបក្ស​សង្គមនិយម ដែល​ត្រួតត្រា​ទាំង​រដ្ឋាភិបាល និង​សភា​ជាតិ បាន​លួច​ប្រគល់​កូសាំងស៊ីន​ឬ​កម្ពុជាក្រោម ទៅ​ឱ្យ​ប្រទេស​អណ្ណាម​បាវដាយ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

កាលនោះ អណ្ណាម​ប្បទេស​នៅ​មិនទាន់​ដូរ​ឈ្មោះ​ជា​វៀតណាម​ទេ។ ពេល​នោះ នៅមុន​ការ​ប្រគល់​កូសាំងស៊ីន​ទៅ​ឱ្យ​អណ្ណាម គឺ​មាន​ការ​តវ៉ា​គ្នា​ដ៏​តឹងតែង​ក្នុង​រដ្ឋសភា​បារាំង។ សមាជិក​សភា​បារាំង​ខាង​អភិរក្ស​និយម (ដែល​មាន​ចំនួន​តិច​ជាង​សមាជិក​សភា​ខាង​សង្គមនិយម និង​កុម្មុយនិស្ត​និយម) នោះ បាន​តវ៉ា​ក្នុង​នាម​កម្ពុជា​ថា វៀតណាម​មិនមែន​ជា​សមាគម​រដ្ឋ ឬ État associé សមាជិក​សភា​សហព័ន្ធ​ឥណ្ឌូចិន ហើយ​កម្ពុជា​ជា​សមាជិក​ឯករាជ្យ​ក្នុង​សភា​នេះ​តាំងពី​មិនទាន់​មាន​ឈ្មោះ​វៀតណាម និង​នៅមុន​អណ្ណាម​ប្បទេស​បាន​ចូល​ជា​សមាជិក​សហព័ន្ធ​ឥណ្ឌូចិន​បារាំង​ទៅទៀត។

ឯកសារ​ស្រាវជ្រាវ​របស់​បណ្ឌិត​ប្រវត្តិសាស្ត្រ​អាមេរិកាំង Michael Vickery សរសេរ​ថា អណ្ណាម​បាន​ខ្ចី​ទឹកដី​កម្ពុជាក្រោម​មែន ប៉ុន្តែ​អណ្ណាម​ទន្ទ្រាន​យក​ទឹកដី​ខ្មែរ​បន្តិច​ម្ដងៗ​ចាប់ពី​ជាង ៤០​ឆ្នាំ ក្រោយ​ពី​ព្រះបាទ​ជ័យជេដ្ឋាទី២ សុគត (ស៊ិក) ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស