29 C
Phnom Penh

ជម្លោះ​រវាង​អតីត​មន្ត្រី​គយ​ខេត្ត​កោះកុង​ជាមួយ​មេ PM ខេត្ត​ព្រះសីហនុ មិនទាន់​បញ្ចប់​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទំនាស់​មួយ​រវាង​អតីត​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង លោក សិទ្ធិ កូសាំងស៊ីន ជាមួយ​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​រហូត​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ភាគី​ម្ខាងៗ​បាន​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ដោយ​រក្សា​ជំហរ​មិន​មាន​កំហុស​រៀងៗ​ខ្លួន។

អតីត​មន្ត្រី​គយ​ចូល​និវត្តន៍​បាន​សំណូមពរ​ដល់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ និង​ស៊ើប​អង្កេត​សកម្មភាព​ការងារ​របស់​លោក ហេង ប៊ុនទី ថា​តើ​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ។

លោក សិទ្ធិ កូសាំងស៊ីន បាន​បន្ត​ចោទប្រកាន់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ថា​បាន​យក​តួនាទី​របស់​ខ្លួន​មក​គំរាមកំហែង​រូប​លោក និង​បាន​ចាប់​ឃាត់​ខ្លួន​លោក​ទាំង​មិន​មាន​កំហុស នៅ​ក្នុង​អំឡុង​ពេល​រូប​លោក​កំពុង​បើកបរ​រថយន្ត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់សីលា។

លោក​ថា មុន​ពេល​ដែល​លោក ហេង ប៊ុនទី បញ្ជា​កម្លាំង​ឲ្យ​ឃាត់​ខ្លួន លោក​បាន​បើក​រថយន្ត​ពីក្រោយ​ក្បួន​រថយន្ត​សារ៉ែន​របស់​លោក ហេង ប៊ុនទី ប៉ុន្តែ​មិន​ដឹង​ថា​មាន​មូលហេតុ​អ្វី​ទើប​បាន​ជា​មេបញ្ជាការ​ប៉េអិម​រូប​នេះ​បញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ ឲ្យ​មក​ឃាត់​រថយន្ត​របស់​លោក ហើយ​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ និង​វាស់​កម្ពស់ ដោយ​បង្ខាំង​ទុក​ក្នុង​បន្ទប់​សួរ​ចម្លើយ​អស់​រយៈពេល​ប្រមាណ ០៣​ម៉ោង​នៅ​ឯ​ទីស្នាក់ការ​កងរាជ​អាវុធហត្ថ​ស្រុក​កំពង់សីលា។

លោក​ថា ការ​ឃាត់​ខ្លួន​លោក​យក​ទៅ​សួរ​ចម្លើយ​ទាំង​មិន​មាន​កំហុស​ឆ្គង គឺជា​ការ​គំរាមកំហែង និង​ប្រមាថ​ដល់​រូប​លោក​ដែល​ជា​អតីត​មន្ត្រី​រាជការ​ម្នាក់​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ទាក់ទង​នឹង​លោក ហេង ប៊ុនទី នេះ​ដែរ គឺ​មាន​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាច្រើន​សហគមន៍​រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​ចោទ​លោក ហេង ប៊ុនទី ថា​បាន​យក​តួនាទី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​បទល្មើស​ផ្សេងៗ ជាពិសេស​តែង​បញ្ជូន​កម្លាំង​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​បញ្ជូន​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជាច្រើន​ករណី​ទៅ​តាម​ការ​ការ​បង្គាប់​បញ្ជា​របស់​ឈ្មួញ​រកស៊ី​ដី។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ក៏​បាន​ចេញ​លិខិត​មួយ​ដើម្បី​ឆ្លើយតប​ទៅ​លោក សិទ្ធិ កូសាំងស៊ីន ដែល​បាន​ផ្តល់​សម្ភាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក ដោយ​ខ្លឹមសារ​លិខិត​នោះ​បាន​គាំទ្រ​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ថា​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ​ស្រប​តាមច្បាប់ និង​ស្រប​តាម​តួនាទី​ជា​កងកម្លាំង។

យ៉ាងណាក៏ដោយ​ចុះ សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ហេង ប៊ុនទី ដើម្បី​ស្នើការ​បំភ្លឺ​បន្ថែម​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក សិទ្ធិ កូសាំងស៊ីន អតីត​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

យ៉ាងនេះ​ក្តី លោក ហេង ប៊ុនទី ធ្លាប់​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា រាល់​ការ​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​អនុវត្ត​កិច្ចការងារ ឬ​ក៏​ឃាត់​ខ្លួន​ពលរដ្ឋ ក៏ដូចជា​ជន​សង្ស័យ​ណា​ម្នាក់ គឺ​បាន​អនុវត្ត​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ ដោយ​មាន​បទបញ្ជា​ពី​ថ្នាក់លើ និង​ការ​ស្នើសុំ​កម្លាំង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស