សមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី៨ ខែមិថុនា បានអនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីបង្កើនសមត្ថភាពរបស់អាមេរិក ក្នុងការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាប្រទេសចិន។ តែមួយថ្ងៃក្រោយមក សភាប្រជាជនចិន ក៏បានអនុម័តច្បាប់មួយដ៏កម្រ គឺច្បាប់ដាក់ទណ្ឌកម្មប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្ត។
សេចក្ដីព្រាងច្បាប់ដែលព្រឹទ្ធសភាអាមេរិកបានអនុម័ត គឺអនុញ្ញាតឲ្យផ្តល់ប្រាក់ប្រមាណ ២៥០ពាន់លានដុល្លារ ដើម្បីពង្រឹង និងសិក្សាស្រាវជ្រាវវិស័យបច្ចេកវិទ្យាអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ចិនប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលមើលឃើញប្រទេសចិនថាជាសត្រូវក្នុងក្តីស្រមៃរបស់អាមេរិក។
សារព័ត៌មាន South China Morning Post បានចុះផ្សាយថា សមាជិកសភាប្រជាជនចិន បានអនុម័តហើយនូវច្បាប់ប្រឆាំងទណ្ឌកម្មដោយផ្ដល់អំណាចឱ្យរដ្ឋាភិបាលក្រុងប៉េកាំង សងសឹកទៅលើបុគ្គល គ្រួសារ និងអង្គការបរទេសណាដែលធ្វើឲ្យខូចផលប្រយោជន៍របស់ចិន។
តាមប្រភពដដែលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ក៏បានអនុម័តឲ្យប្រើប្រាស់ច្បាប់នេះនៅថ្ងៃអនុម័តនោះតែម្ដង។
Tam Yiu-chung ជាប្រតិភូនៃសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកពីដែនដីហុងកុង បាននិយាយថា ច្បាប់នេះបើកសិទ្ធិឱ្យក្រុមប្រឹក្សារដ្ឋ និងស្ថាប័នសមត្ថកិច្ចប្រទេសចិន ចេញវិធានការសមស្របឆ្លើយតបចំពោះបុគ្គល ឬអង្គការបរទេសណាដែលធ្វើឱ្យខូចផលប្រយោជន៍ប្រទេសចិន។
វិធានការនេះ អាចត្រូវអនុវត្តទៅលើអង្គការ បុគ្គលទាំងឡាយណា ឬប្ដីប្រពន្ធ គ្រួសារ សាច់ញាតិណាដែលពួកគេមានទ្រព្យសម្បត្តិលើទឹកដីរបស់ចិន។
មាត្រា៦ នៃច្បាប់ថ្មីនេះ គឺវិធានការសងសឹករបស់ទីក្រុងប៉េកាំង អាចនឹងបដិសេធទិដ្ឋាការមិនឱ្យចូលប្រទេសចិន ហើយរាល់ឯកសារពាក់ព័ន្ធទាំងអស់នឹងទុកជាការអសារបង់ ហើយនឹងត្រូវបណ្ដេញចេញពីប្រទេសចិនទៀតផង។ ចំពោះទ្រព្យសម្បត្តិរបស់បុគ្គលនោះ អាចនឹងត្រូវបង្កក ឬរឹបអូស។ ជាមួយគ្នានេះ ក្រុមហ៊ុន ឬស្ថាប័នរបស់អង្គការជនបរទេស ត្រូវរឹតត្បិតករណីរកឃើញថាមានជាប់ពាក់ព័ន្ធ។
ច្បាប់នេះក៏បានចែងថា ពុំមានជនណាមួយអាចឱ្យបុគ្គល ឬអង្គការណាប្រឆាំងផលប្រយោជន៍ចិននោះទេ ហើយបើរកឃើញថាមានកំហុស គឺបុគ្គលនោះនឹងត្រូវកាត់ទោសនៅក្នុងដែនដីចិន។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៃប្រទេសចិន គឺរដ្ឋាភិបាលចិនដាក់ចេញនូវវិធានការប្រឆាំងទណ្ឌកម្មបរទេស គឺជាការឆ្លើយតបចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស និងប្រទេសកាណាដា រួមទាំងប្រទេសដទៃទៀតដែលបានដាក់ទណ្ឌកម្មលើអត្ថប្រយោជន៍របស់ចិន បន្ទាប់ពីក្រុងប៉េកាំង បង្ក្រាបក្រុមប្រឆាំងនៅទីក្រុងហុងកុង និងខេត្តស៊ីនជាំង។
លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បាននិយាយថា ចិននឹងមិនបោះបង់ចោលនូវការសងសឹករបស់ខ្លួនក្នុងការការពារអត្ថប្រយោជន៍ចិននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា ច្បាប់ថ្មីនេះបានបង្ហាញការប្ដេជ្ញាចិត្តរបស់ចិន ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍ចិន តែលោកថាមិនប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃទៀតនោះទេ។
ការដែលសភាប្រជាជនចិន អនុម័តច្បាប់ប្រឆាំងទណ្ឌកម្មនេះ គឺជាការឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីតោន ដែលបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងមន្ត្រីចិនចំពោះការអនុវត្តនយោបាយបំបិទសិទ្ធិមនុស្ស សេរីភាពរបស់ប្រជាជនក្រុងហុងកុង និងដែនដីជនជាតិភាគតិចវិហ្គឺ នៅខេត្តស៊ីនជាំង។
មន្ត្រីចិនរងការដាក់ទណ្ឌកម្មនោះមានអ្នកស្រី Carrie Lam ប្រធានប្រតិភូចិន ទទួលបន្ទុកក្រុងហុងកុង និង Chen Quanguo ប្រធានបក្សកុម្មុយនិស្តខេត្តស៊ីនជាំង រួមនឹងមន្ត្រីក្រុងហុងកុង ជាច្រើនទៀត។
ចំណែកឯអនុប្រធាននៃគណៈកម្មាធិការមជ្ឈិមបក្សចិន ១៤នាក់ក៏រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរ។ ដោយឡែកប្រទេសកាណាដា អង់គ្លេស និងសហភាពអឺរ៉ុប ក៏បានចូលរួមដាក់ទណ្ឌកម្មដូចសហរដ្ឋអាមេរិកដែរ។
អ្នកស្រី Carrie Lam ដែលអាមេរិកបានដាក់ទណ្ឌកម្មលក្ខណៈបុគ្គល បានសម្ដែងការគាំទ្រច្បាប់ថ្មីរបស់ចិន ដោយលើកឡើងអំពីបទពិសោធន៍ផ្ទាល់របស់អ្នកស្រីក្នុងដែនដីហុងកុង ហើយបានហៅច្បាប់នេះថាជាការធ្វើឱ្យប្រទេសអមិត្តស្គាល់ការសងសឹករបស់ចិន។
អ្នកស្រីបានបន្តថា រដ្ឋបាលដែនដីហុងកុង ធ្លាប់មានបទពិសោធន៍ផ្ទាល់ទាក់ទងនឹងសកម្មភាពដាក់ទណ្ឌកម្មទាំងនេះ ហើយអ្នកស្រីស្វាគមន៍ចំពោះការអនុវត្តនូវវិធានការបែបនេះ។ អ្នកស្រីទទូចថា ជនជាតិចិនណាដែលគាំទ្រអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍នៃប្រទេសចិន គួរតែមានឱកាសដើម្បីសងសឹក។
សម្រាប់អ្នកសង្កេតការណ៍យល់ថា ច្បាប់នេះនៅខ្វះព័ត៌មានលម្អិតនៅឡើយ ដោយមិនរំពឹងថាការអនុវត្តការសាកល្បងនឹងអាចលេចចេញជាបន្ទាន់ភ្លាមៗនោះទេ៕