32 C
Phnom Penh

តើ​លោក ហ៊ុន ម៉ាណែត ពិតជា​ខ្នង​បង្អែក​នៃ​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​សព្វថ្ងៃ​នេះ​មែន​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​ចោទ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​លុយ​ជាតិ​រាប់​សិប​ម៉ឺន​ដុល្លារ ក្រោម​គម្រោង​ជាច្រើន ព្រោះ​សម្អាង​ថា​ខ្លួន​មាន​លោក ប៉ាន សូរស័ក្តិ និង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​កាង​ការពារ​ពីក្រោយ​សកម្មភាព​នោះ។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​កំពុង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ចាប់​ខ្លួន​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន បាន​ក្តោបក្តាប់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ដែល​ហៅ​កាត់​ថា អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម យ៉ាង​ណែន​ក្នុង​ដៃ ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ពេញ​ទំហឹង។

ប្រភព​ដដែល អះអាង​ថា ចាប់តាំង​ពី​លោក ផាន អូន បាន​ឡើង​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ លោក​បាន​រៀបចំ​ផែនការ និង​រចនាសម្ព័ន្ធ​ចាត់តាំង​ដែល​ជា​បណ្ដាញ​ទាក់ទង​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រឹងមាំ​នៅ​ក្នុង​ស្ថាប័ន​នេះ។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ អះអាង​ថា ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​ឯកសារ​កិបកេង​ថវិកា​ជាតិ​ពី​គម្រោង​ផ្សេងៗ លោក ផាន អូន បាន​ដក​អតីត​ប្រធាន​ការិយាល័យ​គណនេយ្យ​ចេញពី​តំណែង ហើយ​ដាក់​ប្អូនប្រុស​បង្កើត​របស់​ខ្លួនឯង គឺ​លោក សុផាន ឌឿ ជំនួស​វិញ។

ប្រភព​ដដែល​បញ្ជាក់​ថា មាន​គម្រោង​ជាច្រើន​ដែល​លោក ផាន អូន កិបកេង​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក ដូចជា​គម្រោង​ថវិកា​ទិញ​ឧបករណ៍ និង​សម្ភារៈ​សម្រាប់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​ប្រចាំ​ឆ្នាំ ដែល​មាន​ថវិកា​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ គម្រោង​សាងសង់​អគារ​មន្ទីរពិសោធន៍​ខ្នាត​តូច​តាម​បណ្តា​សាខា​រាជធានី-ខេត្ត​ដែល​មាន​តម្លៃ​ស្នើសុំ​ជិត ២០​ម៉ឺន​ដុល្លារ ប៉ុន្តែ​តម្លៃ​សាងសង់​អគារ​ជាក់ស្តែង​អស់​ថវិកា​ប្រហែល ៤ ទៅ ៥​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

បញ្ហា​នេះ លោក ផាន អូន តែងតែ​អួត​ថា លោក​មិន​ខ្វល់​នូវ​ពាក្យ​រិះគន់​នោះ​ទេ ព្រោះ​លោក​មាន​ខ្នង​បង្អែក​ពីក្រោយ គឺ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​ការពារ​រូបលោក។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជាង​នេះ​ទៀត​ក៏​មាន​ការ​ដក​យក​លុយ​ពី​គម្រោង​ទិញ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត និង​រថយន្ត​ប្រតិបត្តិការ ដែល​លោក​បាន​ដាក់​តម្លៃ​ស្នើ​លើស​តម្លៃ​ពិត​ជាក់ស្តែង​ដល់​ទៅ​ពាក់កណ្តាល​ឯណោះ។ បន្ថែម​ពី​នេះ ក៏​មាន​ការ​កិបកេង​កាត់​លុយ​ដែល​ជា​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ប្រចាំ​ខែ​របស់​មន្ត្រី​ក្រោម​ឱវាទ ៥០% ដែល​រដ្ឋ​បាន​ពី​ការ​ប្រមូល​កម្រៃ និង​សេវា​របស់​ក្រសួង​ជា​រៀងរាល់​ខែ ដែល​ក្រសួង​ត្រូវ​ផ្តល់​ឲ្យ​ដល់​មន្ត្រី​ក្នុង​ស្ថាប័ន​ស្មើៗ​គ្នា និង​គ្រប់​គ្នា​នា​ពេល​កន្លងមក។

ជាក់ស្តែង មន្ត្រី​រាជការ​ម្នាក់​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​បាន ៥០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ប៉ុន្តែ​មន្ត្រី​ផ្នែក​អគ្គនាយកដ្ឋាន ក.ប.ប ម្នាក់ៗ​ទទួល​បាន​ត្រឹមតែ ២៥​ម៉ឺន​រៀល​ប៉ុណ្ណោះ បញ្ហា​នេះ​លោក ផាន អូន អះអាង​ថា​លោក​កាត់​លុយ​នេះ គឺ​ដើម្បី​ទុក​ពង្រឹង​អង្គភាព។

ដោយឡែក​មន្ត្រី​ក្នុង​ក្រសួង​នេះ​ត្រូវ​បើក​ប្រាក់​រង្វាន់​ទាំងនោះ​តាម​ប្រព័ន្ធ​ធនាគារ​គ្រប់​ផ្នែក​ទាំងអស់ ប៉ុន្តែ​មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប គឺ​ត្រូវ​បើក​ផ្ទាល់​ពី​លោក ផាន អូន ទៅវិញ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​គាត់​អាច​កាត់​លុយ​មន្ត្រី​ក្រោម​ឱវាទ​បាន​ដោយ​ងាយ។

មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​បញ្ជាក់​ថា ដើម្បី​អាច​បន្ត​ផែនការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​ខ្លួន​បាន​កាន់តែ​យូរ និង​ស្រប​ច្បាប់ លោក ផាន អូន បាន​សហការ​ជាមួយ​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ លោក ឡាយ សុខគន្ធា និង​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ លោក គឹម រស្មី ដែល​កំពុងតែ​នាំគ្នា​រៀប​គម្រោង​ចូល​លុយ​ទិញ​ដី និង​សង់​ផ្ទះ​នៅ​ម្តុំ​មាត់ទន្លេ ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​មាន​តម្លៃ​ជាង ១​លាន​ដុល្លារ ដើម្បី​សូកប៉ាន់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែល​បាន​គាំទ្រ​អំពើ​ពុករលួយ​របស់​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ មន្ត្រី​រាជការ​របស់​ក្រសួង​ពាណិជ្ជកម្ម ចំនួន ៧០០​នាក់ បាន​សរសេរ​លិខិត​មកកាន់​សារព័ត៌មាន The Cambodia Daily ឲ្យ​ជួយ​ផ្សព្វផ្សាយ​នូវ​ទង្វើ​ទុច្ចរិត​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ឲ្យ​បាន​ដឹង​ដល់​លោក ហ៊ុន សែន ដើម្បី​បើក​ការស៊ើបអង្កេត និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​មន្ត្រី​ពុករលួយ​រូប​នេះ​ជាបន្ទាន់។

កាលពី​ដើម​ឆ្នាំ​២០២០ លោក ផាន អូន ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជំនួស​លោក ម៉ក់ ពេជ្ជរិទ្ធ ដែល​បាន​ចូល​និវត្តន៍។

បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្តូរ​ឈ្មោះ​ថ្មី​ទៅជា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ដែល​ហៅ​កាត់​ថា អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ឬ​ហៅ​កាត់​ថា ក.ប.ប (អតីត​កាំកុងត្រូល) នៃ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បានទេ​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា កំពុងតែ​ចាក់ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​ក្នុង​ស្ថាប័ន​ជាតិ​របស់​កម្ពុជា ដែល​កំពុង​ទាញ​ទម្លាក់​កម្ពុជា​ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដែល​ងើប​មុខ​មិន​រួច ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ច្បាប់​ច្បាស់លាស់​លើ​មន្ត្រី​ខិលខូច​ដែល​កំពុង​ចង​បណ្ដាញ ដើម្បី​បំផ្លាញ​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស