33 C
Phnom Penh

គណបក្ស GDP ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​គុណភាព​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​លើ ពិនិត្យ​លើ​សមត្ថភាព និង​គុណភាព​ការងារ​នៃ​ក្រុម​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម ស្រុក​វាលវែង ក្នុង​ការ​អនុវត្ត​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ការងារ​នៃ​មណ្ឌល​សុខភាព​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​បិទ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ក្រោយ​អ្នក​ដំណើរ​បាន​ស្នាក់នៅ និង​បរិភោគ​អាហារ​នៅ​ទីនោះ បើ​ទោះបីជា​អ្នក​ដំណើរ​ទាំងនោះ​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​២ រួច​ហើយ​ក៏ដោយ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​ក្រុម​ការងារ​ឃុំ​អូរសោម ដែល​បាន​បិទ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ព្រមទាំង​តម្រូវ​ឲ្យ​កសិករ ២​រូប​ធ្វើ​ចត្តាឡីស័ក ក្រោយ​រូប​លោក​បាន​ចូល​ទៅ​ស្នាក់នៅ បរិភោគ​អាហារ និង​ជួប​កសិករ​ទាំង ២​នាក់​នោះ។

បញ្ហា​នេះ លោក​សួរ​ថា តើ​ទាល់តែ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 បាន ១​ខែ​សិន ទើប​អាច​ចូល​ទៅ​តំបន់​អូរសោម​នេះ​បាន​ឬ​យ៉ាងណា?

លោក​អះអាង​ថា លោក បាន​ចាក់​វ៉ាក់សាំង​លើក​ទី​២​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ដូច្នេះ​មិន​គួរ​បិទ​អាជីវកម្ម និង​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ចត្តាឡីស័ក​ទៅលើ​កសិករ​ទាំងនោះ ដោយសារតែ​មាន​វត្តមាន​របស់​លោក​នៅ​ទីនោះ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា រដ្ឋបាល ឬ​មន្ទីរ​សុខាភិបាល​ថ្នាក់​ខេត្ត គួរតែ​ផ្សព្វផ្សាយ​ពី​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ​របស់​ខេត្ត​ផ្ទាល់ ដើម្បីឲ្យ​អ្នក​ទៅ​ពីក្រៅ​ខេត្ត​បាន​ដឹង​ជាមុន ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា ចៀសវាង​ការ​បង្កើត​បញ្ហា​ទាំង​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។

លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អូរសោម អនុញ្ញាត​ឲ្យ​កសិករ​ដែល​បាន​ជួប​រូប​លោក ព្រមទាំង​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ទាំងនោះ​អាច​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ឡើងវិញ។ ជាង​នេះ​ទៀត អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​គោលការណ៍​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស និង​ការ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​វិធានការ​នៃ​ខេត្ត​របស់​ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ស្នាក់នៅ​ផ្ទះសំណាក់ និង​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ និង​បាន​ជួប​កសិករ ២​នាក់ នៅ​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ ដោយសារ​បញ្ហា​នេះ ក្រុម​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម បាន​សម្រេច​បិទ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ព្រមទាំង​តម្រូវ​ឲ្យ​អ្នកភូមិ​ទាំងពីរ​នាក់​ខាងលើ​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ ដោយ​ពួកគេ​អះអាង​ថា​ធ្វើ​តាម​ច្បាប់ និង​បញ្ជា​របស់​ថ្នាក់​លើ។

យ៉ាងណាក៏ដោយ ក្រុម​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម បាន​អះអាង​ថា បើ​ទោះបីជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​២ បាន ១៤​ថ្ងៃ​ហើយ​ក៏ដោយ ក៏​នៅ​មិនទាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ជំងឺ Covid-19 នោះ​ដែរ។

ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​ទាំងអស់ សូម​ឲ្យ​ពង្រីក​ការ​ធ្វើ​តេស្ដ​រក​វីរុសCovid-19 លើ​អ្នក​ដែល​មាន​ការសង្ស័យ​ថា​មាន​ជំងឺ Covid-19 និង​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច។

ជុំវិញ​បញ្ហា​នេះ ក្រសួង​សុខាភិបាល បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ថា ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ក្រសួង​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៣​លាន​នាក់​ហើយ ស្រប​ពេល​ដែល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន​ជាបន្តបន្ទាប់​បន្ថែម​ទៀត។

ដោយឡែក​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស Covid-19 ថ្មី​ចំនួន ៤៩៥​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន​ជាង ៦០០​នាក់​ផង​ដែរ ខណៈ​អ្នក​ដែល​បាន​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ១៣​នាក់។

ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៣​ម៉ឺន ៩​ពាន់​នាក់​ហើយ រីឯ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៣​ម៉ឺន ៣​ពាន់​នាក់ ចំណែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៣៦១​នាក់​ហើយ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស