29 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា លោក ហ៊ុន សែន ស្ដាប់​វៀតណាម​ពង្វក់​រហូត​លែង​គិត​ឃើញ​ថា​ទឹកដី​ខ្មែរ​ជួប​គ្រោះអាសន្ន​ដ៏​ធំ

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បើក​ដៃ​ឲ្យ​វៀតណាម​រាប់​លាន​នាក់​ចូល​ស្រុក​ខ្មែរ ចូល​តាម​ស្ថាប័ន​រដ្ឋ​របស់​កម្ពុជា ព្រោះតែ​ស្ដាប់​វៀតណាម ពង្វក់​ឡើង​ស៊ាំ​ត្រចៀក​រហូត​ដល់​គិត​លែង​ឃើញ​ថា នោះ​គឺជា​គ្រោះអាសន្ន​ដ៏​ធំ​ចំពោះ​ទឹកដី​ខ្មែរ​ទៅ​ហើយ។

អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា សត្វ​ខ្លា​ចូលចិត្ត​ស៊ី​សាច់​ឆៅ​ជា​រៀងរាល់​ថ្ងៃ ហើយ​ស៊ី​មួយ​ជីវិត​ដឹង​តែ​ពី​ឆ្ងាញ់ មិន​ដឹង​ឆ្អាប​នោះ​ទេ ចំណែក​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ប្រព្រឹត្ត​តែ​អំពើពុករលួយ​ឡើង​ស៊ាំ ឆ្ងាញ់​នឹង​ការ​បង្ហិនបង្ហោច​ធនធាន​ធម្មជាតិ​រហូត​គិត​លែង​ឃើញ​ថា នោះ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដូច្នេះ​ដែរ។

លោក​លើកឡើង​ថា ក្រុម​លោក ហ៊ុន សែន នាំគ្នា​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ​ឡើង​ធ្លាប់​ដៃ​អស់​ទៅ​ហើយ ដូច្នេះ​ភាព​សាហាវ​យង់ឃ្នង​របស់​ពួកគេ​បាន​ក្លាយ​ទៅជា​ទម្លាប់​ក្នុង​ការប្រព្រឹត្ត​អំពើ​អាក្រក់​លែង​ញញើត ហើយ​ក៏​លែង​ខ្វល់​ដល់​ការ​បំផ្លាញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក​បញ្ជាក់​ថា ដើម្បី​បញ្ចប់​បញ្ហា​នេះ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រុងរឿង​ទៅ​បាន លុះត្រាតែ​កម្ពុជា​មាន​មេដឹកនាំ​ខ្លាំង ស៊ាំ​នឹង​ការ​ធ្វើ​ពលិកម្ម​ដើម្បី​ជាតិ ហើយ​ប្រទេស​ជាតិ​ក៏​អាច​រួចផុត​ពី​អំណាច​ផ្ដាច់ការ និង​ការ​ប្រើ​ច្បាប់​តាម​ទំនើង​ចិត្ត​ក្រោម​រដ្ឋាភិបាល​បច្ចុប្បន្ន។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​មេដឹកនាំ​កម្ពុជា​ដែល​ត្រូវ​គេ​មើលឃើញ​ថា ហាក់​មិន​បាន​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ខ្មែរ​នោះ​ទេ តែ​បែរ​ជា​ព្យាយាម​ការពារ​ផលប្រយោជន៍​បរទេស​ឈ្លានពាន​លើ​ទឹកដី​របស់​ខ្លួន​ទៅវិញ។

លោក ហ៊ុន សែន អះអាង​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២១ ថា ក្រោយ​ពី​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​ចេញ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

ទោះ​ជា​បែប​នេះ​ក្តី កាលពី​ថ្ងៃ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​បុណ្យ​សព​មេដឹកនាំ​យោធា​វៀតណាម ដែល​មាន​ខ្លឹមសារ​ថា ចាប់តាំង​ពី​ឆ្នាំ​១៩៧៨ មក មេដឹកនាំ​យោធា​វៀតណាម បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​យ៉ាង​ច្រើន​ជាទីបំផុត។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ដើម្បី​សងគុណ​វៀតណាម ដែល​បាន​លើក​បន្តុប​ឲ្យ​លោក​កាន់កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​នោះ គឺ​លោក ហ៊ុន សែន បាន​យក​ទឹកដី​ខ្មែរ និង​សម្បត្តិ​ធម្មជាតិ​ខ្មែរ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម​យ៉ាង​ច្រើន​ជាទីបំផុត ដូចជា​ការ​យល់ព្រម​ជាមួយ​ភាគី​វៀតណាម បោះពុម្ព​ផែនទី​បោន​ខ្នាត ១/១០០.០០០ មក​ជា​ផែនទី​ខ្នាត ១/៥០.០០០ និង​ចុងក្រោយ​មក​នូវ​ត្រឹម​ខ្នាត ១/២៥.០០០ ព្រមទាំង​កំណត់​ព្រំដែន​បាន ៨៤% កាលពី​ពេល​ថ្មីៗ​នេះ ដោយ​គ្មាន​ការចូលរួម​ដឹង​ឮ​ពី​បក្ស​ប្រឆាំង និង​អន្តរជាតិ​នានា ដូចជា​ប្រទេស​បារាំង ជាដើម ដែល​ហេតុ​ធ្វើ​ឲ្យ​វៀតណាម អាច​ឈ្លានពាន​ព្រំដែន​កម្ពុជា​បន្ត​ទៀត។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD លើកឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា គ្មាន​ផលប្រយោជន៍​ណា​ធំ​ជាង​សន្តិសុខ​របស់​ប្រទេស​ជាតិ​នោះ​ទេ ដូច្នេះ​ដើម្បី​រក្សា​បូរណភាព​ទឹកដី​របស់​ខ្លួន រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុវត្ត​យន្តការ​អន្តរជាតិ ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាដើម។ លើស​ពី​នេះ ត្រូវ​ធ្វើ​មោឃភាព​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​ប្រទេស​វៀតណាម ជាបន្ទាន់​ផង​ដែរ។

SMD បញ្ជាក់​ថា ការ​ប្រើ​យន្តការ​អន្តរជាតិ​បែប​នេះ កម្ពុជា​នឹង​អាច​មាន​មូលដ្ឋាន​ស្វែងរក​យុត្តិធម៌​សង្គម ការពារ​សិទ្ធិមនុស្ស លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ និង​កសាង​នីតិរដ្ឋ​របស់​ខ្លួន​បាន​យ៉ាង​ពិតប្រាកដ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស