ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីរុស្ស៊ី លោក Vladimir Putin បានបញ្ចប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំ ២រូបនេះកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយឈានទៅដល់ការបញ្ចប់ភាពតានតឹងផ្នែកការទូតរវាងមហាអំណាចប្រទេសទាំងពីរ។
តាមទីភ្នាក់ងារព័ត៌មាន AP មេដឹកនាំទាំងពីរនេះបានយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីររៀងៗខ្លួនទៅប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីមូស្គូ វិញ។
តាមប្រភពដដែលនេះ មេដឹកនាំទាំងពីរក៏ឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងថ្មីជំនួសកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងប្រទេសទាំងពីរ សំដៅរឹតត្បិតការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលជាអាវុធប្រល័យលោក។
តែយ៉ាងណា មេដឹកនាំទាំងពីរមានទស្សនៈខុសគ្នានៅឡើយចំពោះបញ្ហាតានតឹងមួយចំនួន ដោយរួមមានទាំងបញ្ហាវាយប្រហារគ្នាតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងជំនួបនោះ មេដឹកនាំរុស្ស៊ី លោក Putin បានទទូចជាថ្មីទៀតថា ប្រទេសរបស់លោកមិនជាប់ពាក់ព័ន្ធអ្វីទៅនឹងការវាយប្រហារអ៊ីនធឺណិតនោះទេ គឺមិនដូចការចោទរបស់ក្រុមស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនោះទេ។
ដោយឡែកលោក Biden ព្រមានលោក Putin ថា ប្រសិនបើរុស្ស៊ី ហ៊ានវាយប្រហារហួសកម្រិតនៃភាពអត់ឱន ដូចជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក គឺសហរដ្ឋអាមេរិកនឹងឆ្លើយតបវិញដោយផលវិបាកទៅលើរុស្ស៊ី។
មេដឹកនាំទាំងពីរដែលបានជំរុញឱ្យមានភាពតានតឹងកើនឡើងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីលោក Biden ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីកាលពីខែមករា មក ក៏បានស្វះស្វែងរកការបន្ថយភាពតានតឹង។
កាលនោះ មេដឹកនាំទាំងពីរបង្កជម្លោះដាក់គ្នានៅលើខ្សែទូរស័ព្ទ ដោយលោក Biden ហៅលោក ពូទីន ជាមេឧក្រិដ្ឋជន ហើយពេលនោះ លោក Putin ប្រតិកម្មជាខ្លាំងដាក់លោក Biden។
នៅក្រោយជំនួបនោះ គឺជាពេលវេលាត្រូវថ្លែងទៅកាន់អ្នកសារព័ត៌មាន។ មេដឹកនាំទាំងពីរមិនបានធ្វើសន្និសីទរួមគ្នាទេ។
លោក Putin ជាអ្នកថ្លែងទៅកាន់អ្នកកាសែតមុនលោក Biden។ លោក Putin បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំរយៈពេល ៣ម៉ោង មិនមានអ្វីជាការបង្កនូវអរិភាពនឹងគ្នានោះទេ គឺមានចំណុចវិជ្ជមានជាច្រើន ហើយមានការយោគយល់គ្នាឡើងវិញ។
ចំណែកលោក Biden ដែលបានធ្វើសន្និសីទសារព័ត៌មានម្នាក់ឯងដែរក្នុងរយៈពេលមិនយូរប៉ុន្មានក្រោយលោក Putin។ លោក Biden បានថ្លែងថា មេដឹកនាំទាំងពីរបានចំណាយពេលច្រើនដោយបានពិភាក្សាអំពីបញ្ហាសន្តិសុខ និងសុវត្ថិភាពតាមអ៊ីនធឺណិត ដែលលោករំពឹងថាលោក Putin បានយល់ច្បាស់ពីជំហររបស់សហរដ្ឋអាមេរិកអំពីបញ្ហានេះ។
ប៉ុន្តែមានចំណុចមួយដែលលោក Putin ពិបាកទទួលយកបាន គឺករណីមេបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ដែលកំពុងជាប់ឃុំខ្លួន។ លោក Biden បានស្នើឱ្យលោក Putin ការពារអាយុជីវិតមេបក្សប្រឆាំងរូបនេះ។
តែបែបណា លោក បៃឌិន ក៏បានជំរុញឱ្យរុស្ស៊ី គោរពសិទ្ធិមនុស្ស ខណៈលោកព្រមានពីផលវិបាកលើរុស្ស៊ី ប្រសិនបើលោក Navalny បាត់បង់ជីវិត។ នៅក្នុងសន្និសីទដាច់ដោយឡែក លោក ពូទីន បានលើកឡើងថា លោក Navalny មិនគោរពច្បាប់រុស្ស៊ីទៅវិញទេ ហើយនេះគឺជាអ្វីដែលអ្នកប្រឆាំងរូបនោះគួរតែទទួល។
លោក Alexei Navalny អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ដ៏លេចធ្លោជាងគេ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំកន្លះ ចំពោះការបំពានលក្ខខណ្ឌនៅក្រៅឃុំ។
ដោយបង្វែរសំណួររបស់អ្នកសារព័ត៌មាន លោក Putin បានលើកឡើងពីភាពវឹកវរក្នុងសហរដ្ឋអាមេរិក ដែលរួមមានបាតុកម្មការពារជីវិតពលរដ្ឋស្បែកខ្មៅ និងការវាយប្រហារលើវិមានរដ្ឋសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា។
តែបែបនេះក្ដី នៅមុនការបិទបញ្ចប់សន្និសីទកាសែត លោក Putin បានសម្ដែងការគោរពចំពោះលោក Biden ថាជាមេដឹកនាំនយោបាយដ៏មានបទពិសោធន៍។
កិច្ចប្រជុំកំពូលរវាងលោក Biden និងលោក Putin គឺជាការបិទបញ្ចប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោក Biden ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក។ ក្នុងសប្តាហ៍នេះដែរ លោក Biden បានទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G-7 និងចូលរួមកិច្ចពិភាក្សាអំពីអនាគតអង្គការយោធាណាតូ ជាមួយនឹងមេដឹកនាំសហភាពអឺរ៉ុប៕