34.8 C
Phnom Penh

មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង​ខណៈ​ប្រជាជន​៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំណែក​ឯ​ពី​ប្រទេស​កូរ៉េ​ខាងជើង​ឯណោះ​វិញ មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង ខណៈ​ប្រជាជន ៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស។

លោក គីម ជុងអ៊ុន ជា​មេដឹកនាំ​រដ្ឋ​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​បាន​សារភាព​នៅ​ចំពោះ​មុខ​កម្មាភិបាល​របស់​លោក​ថា ពេលនេះ​ប្រជាជន​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស​ហើយ ដោយសារ​វិស័យ​កសិកម្ម​ជួប​គ្រោះ​ទឹកជំនន់ និង​ការ​បំផ្លាញ​ដោយ​ព្យុះ​ទីហ្វុន​កាលពី​ឆ្នាំ​មុន ខណៈ​ជំងឺ​កូវីដ​ធ្វើ​ឱ្យ​ខូច​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ KCNA បាន​ចុះផ្សាយ​ថា លោក គីម ជុងអ៊ុន បាន​ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​នៃ​គណៈកម្មការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ​ដោយ​ប្រាប់​ទៅ​កម្មាភិបាល​របស់​លោក​ថា ប្រទេស​ជាតិ​ទាំងមូល​ជួប​វិបត្តិ​ស្បៀង​ហើយ​នៅ​ពេលនេះ។

លោក​បាន​ឲ្យ​ដឹង​ថា ផលវិបាក​បណ្ដាល​មកពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១​៩ គ្រោះ​ខ្យល់​ព្យុះ និង​ទឹកជំនន់ ហើយ​ភាព​រាំង​ស្ងួត​ទៀត​ផង​បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង។

ស្ថានភាព​ស្បៀងអាហារ​ជួប​ការ​ខ្វះខាត បណ្តាល​មកពី​ផែនការ​ធ្វើ​កសិកម្ម​មិន​អាច​សម្រេច​តាម​ផែនការ​របស់​បក្ស។

ប្រទេស​កូរ៉េ​ខាងជើង កាលពី​ឆ្នាំ​២០២០ បាន​ជួប​ខ្យល់​ព្យុះ និង​ទឹកជំនន់​ដោយ​បាន​បំផ្លាញ​ផ្ទះសម្បែង​រាប់​ពាន់​ខ្នង និង​ដីស្រែ​កសិកម្ម​អស់​ជាច្រើន​ម៉ឺន​ហិកតារ។

លោក គីម ជុងអ៊ុន បាន​ណែនាំ​ទៅ​កម្មាភិបាល​របស់​លោក​ថា ត្រូវតែ​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ​ទប់ស្កាត់​កុំ​ឱ្យ​ប្រទេស​រង​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ពី​គ្រោះ​ធម្មជាតិ​ម្ដងទៀត។

មេដឹកនាំ​របស់​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ មិន​បាន​និយាយ​យោង​មួយ​ម៉ាត់​នោះ​ទេ​ចំពោះ​ផលវិបាក​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ បាន​ដាក់​លើ​រដ្ឋ​កុម្មុយនិស្ត​មួយ​នេះ ដោយសារតែ​នៅ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដែល​ជា​ការ​ដើរ​បញ្ច្រាស​ចរន្ត​ពិភពលោក បាន​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​ជួប​គ្រោះថ្នាក់ ហើយ​ធ្វើ​ឱ្យ​ប្រទេស​ផលិត​អាវុធ​ប្រល័យ​លោក​មួយ​នេះ​ជួប​គ្រោះ​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ។

កត្តា​មួយ​ទៀត គឺ​ជំងឺ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ រដ្ឋ​ផ្ដាច់ការ​មួយ​នេះ​បាន​សម្រេច​បិទ​ព្រំដែន​ជាមួយ​ចិន ដែល​ជា​ប្រភព​ដ៏​ធំ​បំផុត​នាំ​ចំណូល​ចូល​ប្រទេស​កូរ៉េ​ខាងជើង។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ប្រជាជន​របស់​ប្រទេស​នេះ​យ៉ាងតិច ៣​លាន​នាក់ កំពុង​ជួប​គ្រោះ​ទុរភិក្ស​ធ្ងន់ធ្ងរ។ កន្លងមក​មាន​តែ​កូរ៉េ​ខាងត្បូង ចិន និង​អង្គការ​ស្បៀងអាហារ​ពិភពលោក ដែល​បាន​ផ្ដល់​ស្បៀងអាហារ​ខ្លះៗ​ឲ្យ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស