31 C
Phnom Penh

តើ​ការ​សាមគ្គី​ផ្ទៃក្នុង​ជាតិ​របស់​កម្ពុជា​អាច​កើត​មាន​ទេ បើ​មេដឹកនាំ​នយោបាយ​នៅតែ​មិន​អាច​រួបរួម​គ្នា​ដូច​សព្វថ្ងៃ​នេះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ​ធំៗ​នៅតែ​មិន​យល់​អំពី​ស្មារតី​រួបរួម​របស់​ជាតិ​ទេ នោះ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯករាជភាព​ដែល​ជា​ក្តី​ស្រមៃ​របស់​ប្រជាជន នឹង​ត្រូវ​ឆេះ​ខ្លោច​វិនាស​ហិនហោច​អស់​នៅ​ពេល​ខាងមុខ​ជាមិនខាន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ និង​ពលរដ្ឋ​អាច​សហការ​តស៊ូ​ស្វិតស្វាញ​ជាមួយ​គ្នា​ដោយ​បង្ហាញ​នូវ​ក្តី​បារម្ភ​រវាង​គ្នា​និង​គ្នា​នោះ គឺ​ប្រាកដជា​អាច​បណ្ដុះ​នូវ​ទឹកចិត្ត​ជួយ​ឈឺឆ្អាល និង​ចេះ​លះបង់​ដើម្បី​គ្នា​ទៅវិញ​ទៅមក​ជាមិនខាន។

លោក​អះអាង​ថា កម្ពុជា​ត្រូវតែ​ឈរ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​អភិបាលកិច្ច​ល្អ​តាម​គោលការណ៍​នីតិរដ្ឋ​បែប​ផែន​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ហានិភ័យ​នៃ​វិនាសកម្ម​ទាំងឡាយ​ដែល​បណ្តាល​មកពី​វិបត្តិ​នយោបាយ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា មេដឹកនាំ​នៅ​កម្ពុជា​ត្រូវតែ​កសាង​យុវជន​ជំនាន់​ថ្មី ឈាម​ថ្មី​ឲ្យ​មាន​ទស្សនវិស័យ និង​ចក្ខុវិស័យ​ក្នុង​កិច្ចសហការ​ស្មារតី​រួម​ជាមួយ​អ្នក​ដឹកនាំ​នយោបាយ និង​ពលរដ្ឋ ឆ្ពោះ​ទៅ​រក​ការ​កសាង​ខឿន​ការពារ​ជាតិ សេដ្ឋកិច្ច​ជាតិ និង​អាច​រក្សា​បាន​នូវ​អធិបតេយ្យភាព ឯករាជ្យ និង​អព្យាក្រឹតភាព ដោយ​បញ្ចប់​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ និង​អំពើ​និទ្ទណ្ឌភាព​ដែល​ធ្លាប់តែ​កើត​មាន​នា​ពេល​កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​មេដឹកនាំ​នៅ​កម្ពុជា ដែល​នៅតែ​បន្ត​ប្រកាន់​ជំហរ​នយោបាយ​រៀងៗ​ខ្លួន​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ពុំ​មាន​មេដឹកនាំ​ណា​ម្នាក់​អាច​បង្រួបបង្រួម និង​ផ្សះផ្សា​ការ​បែកបាក់​នេះ​បាន​នៅឡើយ​ទេ។

កន្លងមក​គេ​សង្កេត​ឃើញ​ថា ការ​​​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើលឃើញ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ តែង​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជាដើម។

ដោយឡែក​លោក សម រង្ស៊ី ដែល​ជា​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ឈប់​គាំទ្រ​ខ្លះ​លាតត្រដាង​ថា ជា​ក្រុម​ដែល​ពូកែ​លាប​ពណ៌ និង​ក្រុម​ដែល​ពូកែ​ជេរប្រមាថ។

តែ​យ៉ាងនេះ​ក្តី លោក សម រង្ស៊ី និយាយ​ថា ក្នុង​ឋានៈ​ជា​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា លោក​ត្រូវ​គេ​ទទួល​ស្គាល់​គ្រប់​គ្នា​ថា លោក​មិន​ដែល​បៀតបៀន​បុគ្គល​ណា​ម្នាក់ មិន​ដែល​លួច​នរណា​សូម្បីតែ​មួយ​រៀល មិន​ដែល​ប៉ះពាល់​នរណា ធ្វើ​បាប​នរណា ជាពិសេស​លោក​មិន​ដែល​មាន​គំនិត​ទៅ​លួច​ជាតិ​ដ៏​ក្រ​កម្សត់​ម្តង​ណា​ឡើយ។

ចំពោះ​លោក កឹម សុខា វិញ ធ្លាប់​អះអាង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១ ថា សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត​នៅតែ​ទទួល​ស្គាល់​អំពី​គុណ​តម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួល​ស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ។

ជុំវិញ​បញ្ហា​នេះ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផលប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន។

ប៉ុន្តែ​មកទល់​ពេលនេះ ពន្លឺ​នៃ​កិច្ច​ចរចា​នយោបាយ​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក​គ្មាន​អ្វី​ត្រូវ​ចរចា​នោះ​ទេ ហើយ​លោក​ថែមទាំង​ហាម​មិន​ឱ្យ​បរទេស​ជួយ​សម្របសម្រួល​រឿង​នេះ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស