37 C
Phnom Penh

លោក សាយ សំអាល់ ថា​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​កោតសរសើរ​ចំពោះ​អភិវឌ្ឍ​រីកចម្រើន​វិស័យ​បរិស្ថាន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​អភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ឆ្លង​ដែន​ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​របស់​អង់គ្លេស ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ដោយ​បាន​ជួប​ពិភាក្សា​ពី​ប្រធានបទ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​អះអាង​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ថា​ក្រសួង​បរិស្ថាន​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អ​ប្រសើរ​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ពី​ការ​បំផ្លិចបំផ្លាញ​នានា ទាំង​ព្រៃឈើ និង​ជីវចម្រុះ​របស់​ខ្លួន។

លោក សាយ សំអាល់ បាន​បញ្ជាក់​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​ថា អ្វី​ដែល​អង់គ្លេស អាច​ជួយ​កម្ពុជា​បាន​ក្នុង​វិស័យ​បរិស្ថាន គឺ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​កិច្ចការ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​រូប​នេះ​គូស​បញ្ជាក់​ថា ក្នុង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម អង់គ្លេស​អាច​ជួយ​ទិញ​ឥណទាន​កាបូន​របស់​កម្ពុជា ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​ថវិកា​ដែល​បាន​មកពី​លក់​កាបូន​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បម្រើ​ឱ្យ​ការ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរយៈ​ការ​ផ្តល់​មុខរបរ និង​ចំណូល​ទៅដល់​ប្រជាជន​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ មិថុនា នេះ​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រហែល​គ្រាន់តែ​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង​នៃ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ តែប៉ុណ្ណោះ។

លោក​អះអាង​ថា ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា តែង​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​បកស្រាយ​បំភ័ន្ត​ការពិត​ក្រោយ​កិច្ចប្រជុំ​ចប់​សព្វគ្រប់ ជាក់ស្តែង​ដូចជា​ជំនួប​ជាមួយ​ឧបការី​សហរដ្ឋ​អាមេរិក កាលពី​ដើម​ខែ​មិថុនា នេះ លោក ហ៊ុន សែន ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្មែរ​ត្រឹម​ពី​ការ​ដោះ​បំណុល​ដែល​កម្ពុជា ជំពាក់​អាមេរិក​ប៉ុណ្ណោះ ខណៈ​ការរិះគន់​ពី​តំបន់​សមុទ្រ​រាម​ដែល​ជា​ការ​សង្ស័យ​ពី​ការ​បោះ​មូលដ្ឋាន​យោធា​ចិន ពី​អនុរដ្ឋមន្ត្រី​ការបរទេស​រូប​នេះ លោក ហ៊ុន សែន មិន​បាន​ប្រកាស​ជា​សាធារណៈ​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា អង់គ្លេស​ជា​ប្រទេស​ដែល​មាន​គោលជំហរ​លើ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​ដូច​សហរដ្ឋ​អាមេរិក​ដែរ ដូច្នេះ​ទស្សនកិច្ច​ការទូត​ទៅ​កម្ពុជា នេះ​មិន​ត្រឹមតែ​និយាយ​ពី​បញ្ហា​បរិស្ថាន និង​សេដ្ឋកិច្ច ឬ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​មាន​ការ​លើកឡើង​អំពី​ការគោរព​សិទ្ធិមនុស្ស និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​លោក ហ៊ុន សែន ប្រើ​លេស​ធ្វើ​ចត្តាឡីស័ក​ដើម្បី​គេចវេស​ពី​ការ​ជួប​រដ្ឋមន្ត្រី​ការបរទេស​របស់​អង់គ្លេស​រូប​នេះ។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា នេះ នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផង​ដែរ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​រួចមក។

ទាក់ទង​អំពី​បញ្ហា​បរិស្ថាន និង​ព្រៃឈើ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ចប់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ព្រៃឡង់​បៃតង​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក ក្រោម​ហេតុផល​ថា​អាជ្ញាធរ​កម្ពុជា​មិន​បាន​ធ្វើការ​កាត់ទោស ឬ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ឈ្មួញ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​នេះ​ទេ។ ប៉ុន្តែ​ពួកគេ​បែរជា​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​របស់​ខ្លួន ស្រប​ពេល​ដែល​អ្នក​ទាំងនោះ​បាន​បង្ហាញ​ពី​កង្វល់​ដ៏​សម​ហេតុផល​លើ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស