33.3 C
Phnom Penh

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​បន្ត​ព្រួយ​បារម្ភ​ពី​ជំនន់​ទឹកភ្លៀង និង​ចោទ​អាជ្ញាធរ​មិន​រវល់​អើពើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​តាម​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ បន្ត​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ជំនន់​ទឹកភ្លៀង​ជន់​លិច​លំនៅឋាន​របស់​ពួកគាត់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ធ្ងន់ធ្ងរ។

កាលពី​ដើម​សប្តាហ៍​នេះ លំនៅឋាន​របស់​ពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​លេខ១ និង​សង្កាត់​លេខ៤ ក្នុង​ក្រុង​ព្រះសីហនុ បាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង។

ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ១ ដែល​លំនៅឋាន​របស់​គាត់​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ផ្ទះ​របស់​ពួកគាត់​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​នេះ គឺ​បណ្តាល​មកពី​ក្រុមហ៊ុន​ផលិត​ទឹកស្អាត អានកូ បាន​បិទ​ទំនប់​ទឹក​មិន​ឲ្យ​ទឹក​ហូរ​ចេញ ទើប​បណ្តាល​ឲ្យ​លិច​ផ្ទះ​គាត់។

ពលរដ្ឋ​បន្ត​ថា ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​មាន​វិធានការ​តាំងតែ​ពី​ឆ្នាំ​មុន​មក​ម៉្លេះ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ ហើយ​ថា​ឆ្នាំ​នេះ​ជំនន់​ទឹកភ្លៀង​បាន​បន្ត​ជន់​លិច​ផ្ទះ​របស់​ពួកគាត់​បន្ត​ទៀត។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ ទឹកភ្លៀង​បាន​ធ្លាក់​នៅ​ពេល​យប់​បន្ត​រហូត​ដល់​ព្រឹក ហើយ​ទឹក​ក៏​បាន​ចាល់​ជន់​លិច​លំនៅឋាន​របស់​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​សង្កាត់​លេខ១ និង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ធ្ងន់ធ្ងរ។

កន្លងមក​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ស្ដារ​អូរ ប្រឡាយ និង​លូ សម្រាប់​បង្ហូរ​ទឹក​ចេញពី​ក្រុង​បាន​ជាច្រើន​ខ្សែ ប៉ុន្តែ​បែរជា​នៅ​ដើម​រដូវវស្សា​ឆ្នាំ​នេះ បែរ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​តែ​ប៉ុន្មាន​មេ​ប៉ុណ្ណោះ​ក៏​បាន​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ព្រះសីហនុ គួរ​ឲ្យ​បារម្ភ។

ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ១ ក៏​បាន​ស្នើ​ឲ្យ​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ផលិត​ទឹកស្អាត អានកូ ឲ្យ​បើក​ទំនប់ទឹក​ដែល​បាន​បិទ​កន្លងមក​នេះ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​កុំ​ឲ្យ​ជន់​លិច​លំនៅឋាន​របស់​ពួកគាត់​ដូច​ឆ្នាំ​មុន​ទៀត។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ជាក់​ជុំវិញ​កង្វល់​ពលរដ្ឋ​លើ​ករណី​ក្រុមហ៊ុន អានកូ របស់​អ្នក​ឧកញ៉ា កុក អាន ដែល​បាន​បិទ​ទំនប់ទឹក​នាំ​ឲ្យ​លិច​ផ្ទះ​របស់​ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ១ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស