ពលរដ្ឋដែលមានវ័យចំណាស់ បានបង្ហាញការសោកស្តាយ ក្រោយពួកគាត់ទទួលព័ត៌មានមកថា ទីតាំងដីត្រពាំងអង្គ ឬហៅថាទួលអង្គលោកតា មានទំហំផ្ទៃដីសរុបចំនួន ៤២៥៧ម៉ែត្រការ៉េ ដែលជាទីទួលបុរាណមានស្រះទឹកព័ទ្ធជុំវិញសម្រាប់គោរពបូជាជំនឿសាសនាតាំងពីដូនតារៀងមក ត្រូវគេរត់ការលក់ឲ្យឈ្មួញស្ងាត់ៗក្រោមរូបភាពអ្នកភូមិស្នើសុំលក់ទៅឲ្យឈ្មួញ ដើម្បីយកលុយរាប់សិបម៉ឺនដុល្លារចែកគ្នាចាយ។
ពលរដ្ឋបានឲ្យដឹងថា ទីតាំងដែលគេឃុបឃិតគ្នាលក់នេះ ត្រពាំងទួលអង្គ ឬទួលបុរាណខាងលើនេះ មានទីតាំងស្ថិតក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ធលួចរត់ការលក់ស្ងាត់ៗទៅឲ្យឈ្មួញដី ដែលត្រូវជាបក្ខពួកលោក សន ស៊ិន ចៅសង្កាត់គោករកា តែម្តង។
ពលរដ្ឋដែលធ្លាប់រៀបចំពិធីប្រពៃណីជំនឿសាសនានៅទួលបុរាណនោះ បានសំណូមពរដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន សែន ជួយការពារត្រពាំងទួលអង្គលោកតា មានទីតាំងនៅក្នុងសង្កាត់គោករកា ឲ្យបានគង់វង្ស ត្បិតទីតាំងសម្រាប់ពិធីសាសនាបន្តពីដូនតាខាងលើនេះ ត្រូវបានឈ្មួញដឹកដីចាក់លុបស្រះទឹកបុរាណមួយនេះជិតរលាយហិនហោចអស់ទៅហើយ។
ពលរដ្ឋរស់នៅភូមិបែកបក បានស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសលោក ហ៊ុន សែន បញ្ជូនមន្ត្រីឲ្យចុះស៊ើបអង្កេតទៅលើសកម្មភាពអនុវត្តការងាររបស់លោក សន ស៊ិន ចៅសង្កាត់គោករកា ថាតើមានជាប់ពាក់ព័ន្ធអ្វីខ្លះជាមួយឈ្មួញក្នុងសកម្មភាពរត់ការលក់ដីបរិវេណត្រពាំងទួលអង្គ ឬទួលអង្គលោកតា ដែលជាទីសក្ការៈបុរាណ ទៅឲ្យឈ្មួញដែលត្រូវជាបក្ខពួកខ្លួនស្ងាត់ៗបែបនេះ។
ប្រភពបន្តថា ដើមឡើយដីត្រពាំងអង្គនេះជាដីរួមរបស់ពលរដ្ឋភូមិបែកបក សម្រាប់គោរពបូជាតាមជំនឿតាំងពីដូនតារៀងមក ប៉ុន្តែបច្ចុប្បន្ន ទីតាំងដីនេះគឺមានអ្នករត់ការលក់ទៅឱ្យឈ្មួញ ដោយមានការឃុបឃិតពីលោក សន ស៊ិន ចៅសង្កាត់គោករកា ជាអ្នកបើកដៃ។ បច្ចុប្បន្ន ឈ្មួញកំពុងដឹកដីចាក់បំពេញស្រះ ដើម្បីបំបិទភស្តុតាងរួចរាល់ហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ទាក់ទិនបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបំភ្លឺជុំវិញការឃុបឃិតលក់ដីស្រះទួលអង្គមានទីតាំងនៅសង្កាត់គោករកា បានទេ។
ប្រភពបន្តថា ទីតាំងដីខាងលើត្រូវបានគេលក់ក្នុងតម្លៃមួយម៉ែត្រការ៉េថ្លៃ ២០០ដុល្លារអាមេរិក ប៉ុន្តែតម្លៃហាងឆេងជាក់ស្តែង គឺមិនមែនមានតម្លៃត្រឹម ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ គឺរាប់ពាន់ដុល្លារឯណោះ។ ក្នុងនោះ លុយដែលទទួលបានពីការលក់ដូរទួលបុរាណ ឬដីត្រពាំងទួលអង្គខាងលើនេះ គឺគេបែងចែកជា ៣ចំណែក រួមមាន៖
- ទី១ អាជ្ញាធរសង្កាត់គោករកា យកចំនួន ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយលើកហេតុផលថា សេវារត់ការ។
- ទី២ សម្រាប់ក្រុមអ្នកតំណាងប្រជាពលរដ្ឋជាង ១០នាក់ យកកម្រៃជើងសារចំនួន ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
- សល់ ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺសម្រាប់ផ្តល់ជូនទៅឲ្យអ្នកភូមិចែកគ្នា។
លោក សន ស៊ិន ចៅសង្កាត់គោករកា ត្រូវបានសារព័ត៌មានក្នុងស្រុកឈ្មោះ «កម្ពុជាថ្ងៃនេះ» ដកស្រង់សម្ដីមកចុះផ្សាយថា ពិតជាមានការលក់ដីត្រពាំងទួលអង្គ ឬទួលអង្គលោកតា មានទីតាំងនៅភូមិបែកបក មានទំហំផ្ទៃដីសរុបជាង ៤ពាន់ម៉ែត្រការ៉េពិតប្រាកដមែន។ ប៉ុន្តែការលក់ដូរនេះ គឺដោយមានការស្រុះស្រួលគ្នារវាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរូបលោកក្នុងនាមអាជ្ញាធរ ក៏បានចុះហត្ថលេខា ឬលៃលកជួយរត់ការលក់ដូរដីសហគមន៍នេះជូនប្រជាពលរដ្ឋទៅតាមការស្នើសុំរបស់ពួកគាត់។
លោកចៅសង្កាត់បន្តថា ចំពោះការលក់ដីទីទួលជាទីសក្ការៈគោរពបូជា ឬដីត្រពាំងទួលអង្គនេះ គឺរូបលោកមិនបានឃុបឃិតជាមួយឈ្មួញដីនោះទេ តែផ្ទុយទៅវិញ គឺជាការសម្រេចចិត្តរួមរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិបែកបក។
លោកចៅសង្កាត់គោករកា បន្តថា ចំពោះការលក់ដូរទីតាំងដីត្រពាំងទួលអង្គក្នុងមូលដ្ឋាននេះ គឺធ្វើឡើងដោយមានការឯកភាពគ្នារវាងពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីយកលុយពីការលក់ដីបរិវេណនេះសម្រាប់ចំណាយទៅលើការងារអភិវឌ្ឍប្រព័ន្ធផ្លូវ ឬលូបង្ហូរទឹកក្នុងមូលដ្ឋាននេះ ទុកសម្រាប់ជាប្រយោជន៍រួមរបស់ពលរដ្ឋ ព្រោះលុយដែលថ្នាក់លើទម្លាក់មកមានការយឺតយ៉ាវពេក។
យ៉ាងនេះក្តី ប្រភពពីពលរដ្ឋបានអះអាងថា លុយដែលទទួលបានពីការលក់ដីទួលបុរាណខាងលើនេះ ដើម្បីចែកលុយគ្នាចាយ ព្រោះដីនៅតំបន់នោះកំពុងមានហាងឆេងខ្លាំងនៅក្នុងមូលដ្ឋានសង្កាត់គោករកា។ ចំណែកអាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ភូមិ និងសង្កាត់ គឺមានជាប់ពាក់ព័ន្ធនឹងការរត់ការលក់ទីទួលគោរពបូជានៅមូលដ្ឋាននេះ ជាថ្នូរទទួលបានប្រាក់កម្រៃជើងសាររាប់សិបម៉ឺនដុល្លារ ដើម្បីចែកគ្នាចាយតែប៉ុណ្ណោះ៕