27 C
Phnom Penh

ក្រសួង​ដែនដី​រៀបចំ​គម្រោង​បែងចែក​ដី​សង្គមកិច្ច ៣​ម៉ឺន​ហិកតារ​ដល់​ពលរដ្ឋ​ក្រីក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំ​គម្រោង​បែងចែក​ដី​សង្គមកិច្ច​ចំនួន ៣​ម៉ឺន​ហិកតារ​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​គម្រោង​នេះ​មាន​កញ្ចប់​ថវិកា ១០៧​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ជីវភាព​ពលរដ្ឋ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៤ មិថុនា បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ដី​សង្គមកិច្ច​នេះ​មាន ៧១​កន្លែង ដោយ​ក្នុង​នោះ​មាន ២៦​ទីតាំង​សម្រាប់​ការងារ​សម្បទាន​ដី​សង្គមកិច្ច និង ៤៥​ទីតាំង​ទៀត​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូនដំណឹង​នោះ​ថា គម្រោង​ខាងលើ​នេះ​មាន​ផ្ទៃដី ៣​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន​ផ្ទៃដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ១​ម៉ឺន​ហិកតារ។ ចំណែក​អ្នកទទួល​ផល​ពី​គម្រោង​នេះ​មាន ៦៥០០​គ្រួសារ ក្នុង​នោះ​មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច ១៥០០​គ្រួសារ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា គម្រោង​ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច មាន​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ ១០៧​លាន​ដុល្លារ ដែល​ក្នុង​នោះ ៩៣​លាន​ដុល្លារ​ជា​ឥណទាន​ធនាគារ​ពិភពលោក និង ១៤​លាន​ដុល្លារ​ទៀត​ជា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា។

គម្រោង​នេះ គឺ​ផ្ដោត​លើ​ការងារ​ដី​សម្បទាន​សង្គមកិច្ច ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ជួយ​គាំទ្រ​ដល់​ជីវភាព​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ។ ដំណើរការ​គម្រោង​នេះ គឺ​ប្រើ​រយៈពេល ៦​ឆ្នាំ ដោយ​គិត​ពី​ចុង​ឆ្នាំ​២០២០ ដល់​ចុង​ឆ្នាំ​២០២៦។

គម្រោង​បែកចែក​ដី​ដើម្បី​សង្គមកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​១ បាន​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​២០០៨-២០១៥។ ដោយឡែក​គម្រោង​បែកចែក​ដី​ដើម្បី​សង្គមកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​២ បាន​អនុវត្ត​នៅ​ឆ្នាំ​២០១៦-២០២១។ រីឯ​គម្រោង​បែកចែក​ដី​ដើម្បី​សង្គមកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ នេះ ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០-២០២៦៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស