28 C
Phnom Penh

រដ្ឋាភិបាល​ជួល​ដី​កោះមាស​នៅ​ខេត្ត​កណ្ដាល​ឱ្យ​ក្រុមហ៊ុន ឃុន សៀ រយៈពេល ៥០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​សម្រេច​ជួល​ដី​កោះមាស ដែល​មាន​ទំហំ ៣៤០​ហិកតារ ៦១​អា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កណ្តាល ទៅ​ឱ្យ​ក្រុមហ៊ុន ឃុន សៀ ដើម្បី​អភិវឌ្ឍ​ក្នុង​រយៈពេល ៥០​ឆ្នាំ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នោះ ឱ្យ​ដឹង​ថា ការ​ធ្វើ​អនុបយោគ​ផ្ទៃដី​សាធារណៈ​កោះមាស​របស់​រដ្ឋ ៣៤០​ហិកតារ ៦១​អា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ជា​ដី​ឯកជន​របស់​រដ្ឋ។

អនុក្រឹត្យ​ឱ្យ​ដឹង​ទៀត​ថា ដី​កោះមាស​ចំនួន ៣៤០​ហិកតារ និង ៦១​អា ក្នុង​នោះ​ផ្ទៃដី​ទំហំ ១៨១​ហិកតារ និង ៥០​អា ស្ថិតនៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ប្រគល់​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ខណៈ​ផ្ទៃដី​ទំហំ ១៥៩​ហិកតារ និង ១១​អា ស្ថិតនៅ​ឃុំ​ពាមឧកញ៉ាអុក ស្រុក​ល្វាឯម និង​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវ​បាន​ចុះបញ្ជី​ប្រគល់​ឱ្យ​រដ្ឋបាល​ខេត្ត​កណ្តាល។

បើ​តាម​អនុក្រឹត្យ​ដដែល​បញ្ជាក់​ថា ផ្ទៃដី​កោះមាស​ទំហំ ៣៤០​ហិកតារ ៦១​អា ដែល​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ នឹង​ជួល​អចិន្ត្រៃយ៍​ឱ្យ​ទៅ​ក្រុមហ៊ុន ឃុន សៀ Import Export ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​រយៈពេល ៥០​ឆ្នាំ។

ឧកញ៉ា ឃុន សៀ

កាលពី​ខែ​មីនា ឆ្នាំ​២០២០ ឧកញ៉ា ឃុន សៀ បាន​បរិច្ចាគ​ថវិកា​ចំនួន ១​សែន​ដុល្លារ​ដល់​លោក ហ៊ុន សែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ខណៈ​កាលពី​ខែ​តុលា ឆ្នាំ​២០២០ ឧកញ៉ា ឃុន សៀ បាន​បរិច្ចាគ​ថវិកា ១​សែន​ដុល្លារ​ដល់​រដ្ឋាភិបាល​សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០២០ ដដែល ឧកញ៉ា ឃុន សៀ ក៏​បាន​បរិច្ចាគ ៥០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ដល់​លោក ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ-១៩។

ក្រៅពី​បរិច្ចាគ​ថវិកា​ខាងលើ ឧកញ៉ា ឃុន សៀ ដែល​មាន​ប្រវត្តិ​ក្ដី​ក្ដាំ​ជាមួយ​ពលរដ្ឋ​រឿង​វិវាទ​ដីធ្លី​ទាំង​នៅ​បឹងកក់ និង​ពលរដ្ឋ​ស្ថិតនៅ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ក៏​បាន​បរិច្ចាគ​ថវិកា ៥០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ឱ្យ​លោក ហ៊ុន សែន កាលពី​ខែ​មីនា ឆ្នាំ​២០២១ ដើម្បី​ទិញ​មន្ទីរពេទ្យ «នគរទេព» ផង​ដែរ។

ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) ជា​របស់​ឧកញ៉ា ឃុន សៀ ដែល​ធ្លាប់​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​តាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​នៅ​តំបន់​អរិយក្សត្រ រយៈពេល ៥០​ឆ្នាំ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស