31 C
Phnom Penh

បាតុករ​បន្ត​ទាមទារ​ឱ្យ​អតីត​មេ​រដ្ឋប្រហារ​នៅ​ថៃ​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Get out ប្រាយុទ្ធ គឺជា​សម្រែក​របស់​បាតុករ​រាប់​ពាន់​នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សួន​វិមាន​ប្រជាធិបតេយ្យ នៅ​កណ្ដាល​ក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា។

Prayuth get out មានន័យ​ថា ប្រាយុទ្ធ ចុះចេញ​ពី​តំណែង​ទៅ! លោក ប្រាយុទ្ធ ចាន់អូចា គឺជា​មេ​រដ្ឋប្រហារ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​បាន​ទាញ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​នៃ​គណបក្ស​ភឿថៃ ដឹកនាំ​ដោយ​ស្ត្រី​ដំបូង​គេ​នៃ​ត្រកូល ស៊ីណាវ៉ាត់ គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់។

អ្នកស្រី យីងឡាក់ បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​បរទេស​បន្ទាប់ពី​តុលាការ​ថៃ ចេញ​ដីកា​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​ផ្ដល់​ឱកាស​ឲ្យ​គណៈរដ្ឋមន្ត្រី​របស់​អ្នកស្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​អ្នក​សង្កេតការណ៍ និង​ក្រុម​សិទ្ធិមនុស្ស​ហៅ​សាលក្រម​តុលាការ​ក្រុង​បាងកក ថា​ជា​រឿង​នយោបាយ។ ប៉ុន្តែ​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា គឺជា​ការ​រំឭក​ខួប ៨៩​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​របប​រាជា​និយម​ផ្ដាច់ការ​របស់​ថៃ នៅ​ឆ្នាំ​១៩៣២។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ធ្វើ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ពី​ទីក្រុង​បាងកក មក​ថា ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយ​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា លាលែង​ពី​តំណែង។

បាតុករ​ថៃ ជួបជុំ​គ្នា​ជា​ថ្មី​នេះ ដើម្បី​រំឭក​ខួប​លើក​ទី​៨៩ នៃ​បដិវត្តន៍​ឆ្នាំ​១៩៣២ ដែល​បាន​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​ថៃ ពី​រាជា​និយម​ផ្ដាច់ការ​ទៅជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មកដល់​សព្វថ្ងៃ​នេះ។

ការ​ប្រមូល​ផ្ដុំ និង​ការ​ធ្វើ​ក្បួនដង្ហែ​ទោះ​ជា​មាន​ការព្រមាន​ពី​ក្រុម​ប៉ូលិស​ក៏ដោយ ក៏​បាតុករ​រាប់​ពាន់​នាក់​នៅតែ​ស្កាត់​មក​ជួបជុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ​កណ្ដាល​ក្រុង​បាងកក។ ក្រោយ​ពី​ប្រមូល​ផ្ដុំ​គ្នា​ហើយ ក្រុម​បាតុករ​បាន​ដង្ហែ​ក្បួន​ទៅកាន់​វិមាន​រដ្ឋសភា ចំ​ពេល​សមាជិក​សភា​កំពុង​ប្រជុំ។

ក្បួន​ដង្ហែ​របស់​បាតុករ​ដែល​ដើរ​លើ​មហាវិថី​ឆ្ពោះ​ទៅ​វិមានរដ្ឋ​សភា ជា​ការ​សម្ដែង​ការ​តវ៉ា​របស់​ពួកគេ​ឱ្យ​បញ្ចប់​ការ​ដឹកនាំ​របស់​លោក ប្រាយុទ្ធ។ ក្នុង​ការ​ទាមទារ​នេះ បាតុករ​ត្រូវការ​បី​ចំណុច៖

  • ទី​១ លោក ប្រាយុទ្ធ ត្រូវតែ​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ដែល​ជា​អាទិភាព​នៃ​ការ​រំឭក​ព្រឹត្តិការណ៍​ឆ្នាំ​១៩៣២
  • ទី​២ ទាមទារ​ឱ្យ​កាត់​បន្ថយ​អំណាច​របស់​រាជបល្ល័ង្គ​តាមរយៈ​ការ​រុះរើ​រដ្ឋធម្មនុញ្ញ
  • ទី​៣ ទាមទារ​ឱ្យ​រំលាយ​ចោល ឬ​រុះរើ​ស្ថាប័ន​ព្រឹទ្ធសភា ដែល​ពួក​បាតុករ​ហៅថា​ជា​ស្ថាប័ន​របស់​ពួក​យោធា​កើត​ចេញពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤។

មេដឹកនាំ​បាតុករ Parit Penguin Chiwarak ដែល​កំពុង​រង​ការចោទប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ព្រះមហាក្សត្រ ហើយ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែ​ឧសភា បាន​ចេញ​មុខ​តវ៉ា​សាជាថ្មី។

បាតុករ​ដែល​តុបតែង​ខ្លួន​ដូចជា​រូបសំណាក​សេរីភាព​នៅ​អាមេរិក និង​ក្រុម​បាតុករ​ផ្សេង​ទៀត​បាន​ដុត​រដ្ឋធម្មនុញ្ញ ឆ្នាំ​២០១៧ ព្រោះ​ជា​រដ្ឋធម្មនុញ្ញ​តាក់តែង​ឡើង​ដោយ​ពួក​យោធា ជា​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ក្លែងក្លាយ នៅ​ចំ​ពេល​រដ្ឋសភា​ថៃ កំពុង​ពិភាក្សា​អំពី​ការ​ផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​នេះ។

ក្រុម​បាតុករ​ខ្លះ​ទៀត​កាន់​ផ្ទាំង​បដា​ដែល​សរសេរ​ថា «លុបចោល​១១២»។ លេខ​១១២ គឺ​មាត្រា​នៃ​ច្បាប់​បរិហារ​កេរ្តិ៍​ព្រះរាជា​ប្រទេស​ថៃ។ មាត្រា​នេះ​មាន​ស្ថាន​ទម្ងន់​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ។

ការ​ដើរ​ក្បួន​បាតុកម្ម​នៅ​ថ្ងៃ​នោះ គឺជា​ការ​បន្ត​ធ្វើឡើង​ដូច​នឹង​កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ដែល​បាតុកម្ម​កើត​មាន​រាល់​ថ្ងៃ​នៅ​ទីក្រុង​បាងកក ក្នុង​គោលបំណង​ទម្លាក់​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ។

អតីត​មេបញ្ជាការ​កងទ័ព​ថៃ ប្រាយុទ្ធ ចាន់អូចា បាន​ឡើង​កាន់​អំណាច​តាំងពី​ឆ្នាំ​២០១៤ នៅ​ពេល​ឧត្តមសេនីយ៍​រូប​នេះ​ដឹកនាំ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល។ ពួក​យោធា​បាន​តាក់តែង​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋធម្មនុញ្ញ​នេះ​បាន​ចង្អុល​បង្ហាញ​ឱ្យ​មាន​ការ​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា​មាន​សមាជិក ២៥០​រូប ដោយ​ពុំ​ចេញ​ពី​ការបោះឆ្នោត។ ស្ថាប័ន​នេះ​គឺជា​ការ​ជួយ​លើក​ឱ្យ​លោក ប្រាយុទ្ធ បាន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចេញពី​ការបោះឆ្នោត​រួម​របស់​សមាជិក​សភា​ជាប់ឆ្នោត និង​សមាជិក​ព្រឹទ្ធសភា​ចាត់តាំង គឺ​ក្រោយ​ពី​ការបោះឆ្នោត​ខែ​មីនា ឆ្នាំ​២០១៩។

អ្នកវិភាគ​នយោបាយ​ថៃ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ នៃ​សាកលវិទ្យាល័យ ជួឡា ឡុងកន និង​ជា​នាយក​វិទ្យាស្ថាន​សិក្សា​សន្តិសុខ និង​កិច្ចការ​អន្តរជាតិ លោក Thitinan Pongsudhirak សង្កេត​ឃើញ​ព្រឹត្តិការណ៍​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ថា ទោះ​ជា​ធ្វើឡើង​ដើម្បី​រំឭក​ខួប ៨៩​ឆ្នាំ​នៃ​ការ​បញ្ចប់​របប​រាជា​និយម​ផ្ដាច់ការ​ក៏ដោយ តែ​យ៉ាងហោចណាស់ គឺជា​សម្ពាធ​មួយ​បន្ត​ដាក់​ទៅលើ​លោក ប្រាយុទ្ធ ឱ្យ​ដឹង​ថា ពួក​បាតុករ​ចង់​បាន​ចម្លើយ​ពី​លោក បា្រយុទ្ធ។

តែ​លោក​យល់ថា លោក ប្រាយុទ្ធ នឹង​មិន​ងាយ​ចុះចេញ​ពី​តំណែង​ទេ ព្រោះ​ពួក​យោធា និង​ក្រុម​រាជវាំង​នៅតែ​នៅ​ពីក្រោយ​លោក ប្រាយុទ្ធ នៅឡើយ។

តាម​អ្នកវិភាគ​រូប​នេះ គឺ​ការ​ផ្លាស់ប្ដូរ​អាច​ធ្វើ​បាន​ដោយ​រង់ចាំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ដែល​លោក​គិត​ថា​មុន​ការបោះឆ្នោត នឹង​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​បង្ខំ​ឱ្យ​មាន​ការ​រុះរើ​ស្ថាប័ន​ព្រឹទ្ធសភា និង​ការ​កែទម្រង់​ស្ថាប័ន​សំខាន់ៗ​ជាច្រើន​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស