38 C
Phnom Penh

យុវជន​និង​សង្គម​ស៊ីវិល៖ ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​មិន​ខុសច្បាប់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​បរិស្ថាន ដោយ​ថា​ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​មិនមែន​ជា​សកម្មភាព​ខុសច្បាប់។

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លើក​ជា​បដា​សរសេរ​ពាក្យ «ខ្ញុំ​ស្រឡាញ់​បរិស្ថាន និង​ភ្ជាប់​ជាមួយ​ឈ្មោះ​សកម្មជន​បរិស្ថាន​ទាំង ៦​នាក់» ហើយ​ថា ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ មិនមែន​ជា​សកម្មភាព​ខុសច្បាប់​នោះ​ទេ។ ជាង​នេះ​ទៅទៀត អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ជួយ​គាំទ្រ​ដល់​អ្នក​ការពារ​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​យុទ្ធនាការ​នេះ មាន​ដូចជា​អង្គការ​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CCHR សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​អង្គការ​សមធម៌​កម្ពុជា ជាដើម។

មិនមែន​តែ​អង្គការ​សង្គម​ស៊ីវិល​ទេ ក៏​មាន​យុវជន​មួយ​ចំនួន​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ​ដែរ ដោយ​អ្នក​ខ្លះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ខ្លះ​ទៀត​បាន​ចែករំលែក​បន្ត​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ «ខ្ញុំ​ស្រឡាញ់​បរិស្ថាន គ្មាន​កំហុស​ទេ។ សូម​ដោះលែង​សកម្មជន​បរិស្ថាន»។

មន្ត្រី​គម្រោង​តស៊ូ​មតិ​នៃ​គម្រោង​អ្នក​ការពារ​ព្រៃឈើ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក សាន់ ម៉ាឡា លើកឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ​ដើម្បី​ជួយ​លើក​ទឹកចិត្ត​ដល់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ដោយសារ​ការ​ខិតខំ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

លោក​បន្ត​ថា ការ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​បរិស្ថាន​ឱ្យ​មាន​សេរីភាព​វិញ ដោយសារ​សកម្មភាព​របស់​ពួកគាត់​ធ្វើ​កន្លង​មក​ដើម្បី​ការពារ​ផលប្រយោជន៍​សង្គម​ជាតិ ហើយ​សកម្មភាព​ទាំងនេះ​មិនមែន​ជា​បទឧក្រិដ្ឋ និង​អំពើ​ញុះញង់​ដែល​បង្ក​ឱ្យ​មាន​ភាព​វឹកវរ និង​ខូចខាត​ដល់​ផលប្រយោជន៍​សង្គម​ជាតិ​ឡើយ។

លោក សាន់ ម៉ាឡា ចាត់ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ការ​ចាប់​ខ្លួន និង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​អនុវត្ត​លើ​សកម្មជន​បរិស្ថាន​មិន​បាន​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ឡើយ។ ផ្ទុយទៅវិញ វិធានការ​នេះ​នឹង​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​កាន់តែ​អាក្រក់​ទៅ ហើយ​កម្ពុជា​នឹង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន ៣​នាក់ រួម​មាន​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ព្រមទាំង​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ពី​បទ «​រួម​គំនិត​ក្បត់» និង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ»។

សកម្មជន​បរិស្ថាន យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ អំឡុង​ពេល​ពួកគេ​ចុះ​ថត​វីដេអូ​ទឹក​ស្អុយ​ហូរ​ចូល​ទន្លេ​នៅ​ម្តុំ​មុខ​ព្រះបរមរាជវាំង។

ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២០ មក មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៦​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្នុង​នោះ​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី។ ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​នៅ​ពន្ធនាគារ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់​នោះ ក៏​មាន​ប្រតិកម្ម​ជាច្រើន​ពី​សាធារណជន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​ធំៗ​ប្រចាំ​នៅ​កម្ពុជា ក្នុង​នោះ​ស្ថានទូត​អាមេរិក ស្ថានទូត​ស៊ុយអែត និង​អូស្ត្រាលី ជាដើម ដោយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅលើ​យុវជន​បរិស្ថាន​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស