27 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ៖ ចិត្តសាស្ត្រ​នយោបាយ​វៀតណាម​គឺ​មាន​បំណង​បំបែក​បំបាក់​ស្មារតី​ខ្មែរ

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ប្រតិកម្ម​ថា ចិត្តសាស្ត្រ​នយោបាយ​របស់​វៀតណាម គឺ​មាន​បំណង​បំបែក​បំបាក់​ស្មារតី​ខ្មែរ​ឲ្យ​ច្របូកច្របល់ សង្ស័យ​គ្នា ចោទ​ប្រកាន់​គ្នា និង​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក។

អ្នកវិភាគ​នយោបាយ និង​សង្គម អះអាង​បែប​នេះ​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា គណបក្ស​ រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម នៅតែ​ចងចាំ និង​ដឹងគុណ​ជានិច្ច​ចំពោះ​ប្រជាជន​កម្ពុជា។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា ចិត្តសាស្ត្រ​នយោបាយ​វៀតណាម គឺ​បាន​បង្កប់​នូវ​ភាព​ពិសពុល មាន​ចេតនា​បំបែក​បំបាក់​សាមគ្គី​ខ្មែរ​ឲ្យ​ច្របូកច្របល់​ពេញ​ប្រទេស ព្រោះ​ថា​ពួកគេ​ឃើញ​ខ្មែរ​កំពុងតែ​វង្វេង​នឹង​សមរភូមិ និង​ចិត្តសាស្ត្រ​ក្នុង​បរិបទ​នយោបាយ​ខ្លួនឯង។

លោក​អះអាង​ថា សម្ដី​មន្ត្រី​រដ្ឋាភិបាល​យួន​បញ្ជាក់​អំពី​ការ​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ ប៉ុន្តែ​ពួក​មេដឹកនាំ​ខ្មែរ​មាន​គំនិត​ងាយៗ និយាយ​ធូរៗ និង​គ្មាន​សមត្ថភាព​ធ្វើ​នយោបាយ​តទល់​នឹង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​នេះ​តែងតែ​អនុវត្ត​តាម​ខ្សែ​ញាក់​របស់​វៀតណាម​ជានិច្ច ក្រោយ​ការ​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ មក។

លោក គឹម សុខ បញ្ជាក់​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម តែង​ប្រើ​យុទ្ធសាស្ត្រ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​កម្ពុជា​ផង និង​គំរាម​ផង ប៉ុន្តែ​ក្នុង​គោលបំណង​ជាក់លាក់​ដើម្បី​សម្រេច​ផែនការ​ឈ្លានពាន​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​តែប៉ុណ្ណោះ ត្បិត​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បាន​រៀបចំ​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ​ទុក​នៅ​កម្ពុជា​ជា​យូរ​មក​ហើយ ដើម្បី​ជួយ​បម្រើ​ការឈ្លានពាន​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក វ៉ូ ក្វាង មិញ បាន​អះអាង​ថា គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម នៅតែ​ចងចាំ និង​ដឹងគុណ​ជានិច្ច​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​តស៊ូ​របស់​ពលរដ្ឋ​វៀតណាម ដើម្បី​ឯករាជ្យ​ជាតិ ការ​រំដោះ និង​ការ​បង្រួបបង្រួម​ប្រទេស​ជាតិ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក វ៉ូ ក្វាង មិញ និង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក សាយ ឈុំ នៅ​វិមាន​ព្រឹទ្ធសភា​ជាតិ ដើម្បី​ជម្រាបលា​ក្នុង​ការ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

ក្នុង​ជំនួប​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក សាយ ឈុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​ប្រកប​ដោយ​ជោគជ័យ​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក វ៉ូ ក្វាង មិញ ដែល​បាន​ខិតខំ​រួមចំណែក​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​កាន់តែ​រឹងមាំ​ថែមទៀត​រវាង​កម្ពុជា-វៀតណាម ហើយ​ក៏​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

បែប​នេះ​ក្តី កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២១ ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា រយៈពេល ៤១​ឆ្នាំ​បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​នៃ​ប្រជាជន​វៀតណាម ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រទេស​កម្ពុជា អាច​ទទួល​បាន​សមិទ្ធផល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ស្ថានទូត​វៀតណាម បញ្ជាក់​ថា ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ បាន​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា ពី​អំពើ​ប្រល័យ​ពូជសាសន៍ ដោយ​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត និង​សិទ្ធិ​ជា​មនុស្ស គឺ​ដោយសារ​បក្ស​កុម្មុយនីស្ត​វៀតណាម​ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម បាន​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​មួយ​នេះ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា បើ​នៅតែ​ដឹកនាំ​ប្រទេស​តាម​របៀប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ មិន​ត្រឹមតែ​វៀតណាម​មិន​ដឹងគុណ​ខ្មែរ​ទេ វៀតណាម​នឹង​នៅតែ​បន្ត​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​រហូត​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​កន្លងមក បើ​ទោះបី​ពេល​ខ្លះ​ពួកគេ​និយាយ​ថា កម្ពុជា​មាន​គុណ​ជួយ​ពួកគេ​ក៏ដោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស