27 C
Phnom Penh

ពលរដ្ឋ​ថា​បទល្មើស​កាប់​ព្រៃកោងកាង​បន្ត​កើត​មាន​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ

បទវិភាគ

បទល្មើស​ចូល​ទន្ទ្រាន​កាន់កាប់​តំបន់​ការពារ​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់ បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ទេ ដោយ​ទុក​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​រាន​ស្រេច​តែ​អំពើ​ចិត្ត។

ពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​ថា បទល្មើស​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ចំណុច​ភូមិ​ជម្ពូខ្មៅ ឃុំ​ទួលទទឹង រាល់​ថ្ងៃ​នេះ គឺ​មិន​ឃើញ​មាន​អាជ្ញាធរ​មាន​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ សកម្មភាព​ទន្ទ្រាន​ដី​ព្រៃលិចទឹក​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ធ្វើ​នេសាទ​សមុទ្រ​របស់​ពលរដ្ឋ ដែល​អាស្រ័យផល​ពី​ព្រៃកោងកាង និង​ព្រៃលិចទឹក​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​សហគមន៍​នេសាទ​ជម្ពូខ្មៅ លោក ទេព កុសល បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា បទល្មើស​កាប់​រាន​ដី​ព្រៃលិចទឹក​ខាងលើ​នេះ រូប​លោក និង​ប្រជា​នេសាទ​សមុទ្រ​រស់នៅ​ឃុំ​ទួលទទឹង ធ្លាប់​បាន​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ទប់ស្កាត់​ជាបន្តបន្ទាប់​ដែរ ប៉ុន្តែ​បទល្មើស​ទាំងនេះ​នៅតែ​បន្ត​កើត​មាន​ដដែល។

ទាក់ទិន​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ព្រៃកោងកាង​សហគមន៍​នេសាទ​ជម្ពូខ្មៅ ឃុំ​ទួលទទឹង ស្រុក​ព្រៃនប់ ពិតជា​រង​ការ​កាប់​បំផ្លាញ​ជាបន្តបន្ទាប់​ពី​ជន​ទុច្ចរិត។ ចំណែក​ឯ​សកម្មភាព​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ មិន​មាន​ប្រសិទ្ធភាព​ឡើយ។

ប្រជា​នេសាទ​សមុទ្រ បាន​ស្នើ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ជន​ទុច្ចរិត​មួយ​ចំនួន​ដែល​ជួល​កម្មករ​កាប់​ព្រៃកោងកាង និង​ព្រៃលិចទឹក ដើម្បី​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ឲ្យ​បាន​ទាន់ពេល និង​នាំ​ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ឯម ភា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល ទទួល​បន្ទុក​ក្ដាប់​រួម​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​បទល្មើស​បំផ្លាញ​ព្រៃកោងកាង និង​ព្រៃលិចទឹក នៅ​ស្រុក​ព្រៃនប់ បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១។ ចំណែក​ឯ​លោក សរ កក្កដា អភិបាល​ស្រុក​ព្រៃនប់ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

មេភូមិ​ជម្ពូខ្មៅ លោក ផុង រិទ្ធិ បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃកោងកាង និង​ព្រៃលិចទឹក​ខុសច្បាប់​នៅ​មូលដ្ឋាន​នេះ ភាគច្រើន​ជា​មនុស្ស​មក​ពី​ខេត្ត​ផ្សេងៗ​ចូល​មក​ស៊ីឈ្នួល​កាប់​រាន​ព្រៃកោងកាង ឬ​ព្រៃលិចទឹក​ទាំងនោះ ឲ្យ​ជន​ទុច្ចរិត​ដែល​ជា​អ្នក​មាន​លុយ និង​មាន​អំណាច។ ករណី​នេះ រូប​លោក​ជា​អាជ្ញាធរ​ថ្នាក់​ភូមិ គឺ​មិន​មាន​សមត្ថភាព​ចុះ​ហាមឃាត់​បទល្មើស​ទាំងនេះ​ទេ។

តាម​ច្បាប់​ជលផល​ស្ដីពី​ការ​ថែរក្សា​អភិរក្ស​ព្រៃកោងកាង និង​ព្រៃលិចទឹក មាត្រា​៩៨ ចែង​ថា បុគ្គល​ ដែល​កាប់​ទន្ទ្រាន​ព្រៃកោងកាង និង​ព្រៃលិចទឹក នឹង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ចាប់ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៅតាម​ស្ថានភាព​នៃ​បទល្មើស។ ជាមួយ​គ្នា​នេះ ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែនដី​ក៏​មាន​ការ​ទទួល​ខុសត្រូវ និង​មាន​ទោស​ទណ្ឌ​ដូច​គ្នា​ដែរ ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃលិចទឹក និង​ព្រៃកោងកាង នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

មាត្រា​១០២ សរសេរ​ថា ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល មន្ត្រី​កងយោធពល​ខេមរភូមិន្ទ ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្ដល់​ការអនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ជលផល និង​ជួយ​ធ្វើ​សកម្មភាព​គ្រប់​បែបយ៉ាង​ផ្ទុយពី​បញ្ញត្តិ​ច្បាប់​នេះ ឬ​ធ្វើ​ការ​គំរាមកំហែង​ដល់​មន្ត្រី​រដ្ឋបាល​ជលផល ឬ​រាំងស្ទះ​ដល់​ការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​រដ្ឋបាល​ជលផល និង​កិច្ចប្រតិបត្តិការ​របស់​មន្ត្រី​រដ្ឋបាល​ជលផល ត្រូវ​ចាត់ទុក​ជា​បទល្មើស ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​ទៅ ៥០​លាន​រៀល៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស