29 C
Phnom Penh

អង្គការ​សហប្រជាជាតិ៖ ការ​លើកស្ទួយ​សិទ្ធិមនុស្ស​និង​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ

បទវិភាគ

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន បង្ហាញ​កង្វល់​ជា​ខ្លាំង​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការគោរព​សិទ្ធិមនុស្ស និង​បរិស្ថាន ហើយ​ថា​ការងារ​ឃ្លាំមើល និង​ការពារ​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ៤​នាក់ ប៉ុន្តែ​ម្នាក់​ត្រូវ​បាន​ដោះលែង​វិញ។ ចំណែក ៣​នាក់​ទៀត ក្នុង​នោះ​មាន​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ តាមរយៈ​អង្គភាព​សិទ្ធិមនុស្ស និង​កម្មវិធី​បរិស្ថាន​នៃ​អង្គការ​ពិភពលោក​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៣០ មិថុនា ដោយ​បាន​បង្ហាញ​កង្វល់​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នាយក​ប្រចាំ​តំបន់​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លោក Dechen Tsering បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សង្គម​ស៊ីវិល​ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​ការពារ​បរិស្ថាន គឺជា​ដៃគូ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ការ​បាត់បង់​ជីវចម្រុះ និង​ការ​បំពុល​បរិស្ថាន។

ចំណែក​លោកស្រី Cynthia Veliko តំណាង​អាស៊ី​អាគ្នេយ៍​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​បាងកក លើកឡើង​ដែរ​ថា ការងារ​សិទ្ធិមនុស្ស និង​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

លោកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធានា​ថា អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​គ្មាន​ការ​ភ័យខ្លាច និង​ការ​បំភិតបំភ័យ ហើយ​រាល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​សមាគម​ត្រូវ​បាន​ការពារ និង​គោរព។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​នានា​របស់​អង្គការ​សហប្រជាជាតិ​ដដែល​បញ្ជាក់​ថា យ៉ាងហោចណាស់​មាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ២៤​រូប ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១២​រូប ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។

ករណី​នេះ អង្គភាព​នានា​នៃ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង​អនុសាសន៍​ទាំងឡាយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​លុបបំបាត់ ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ រួម​ទាំង​អនុសាសន៍​នានា​ដែល​ត្រូវ​បាន​ទទួល​យក​ដោយ​ស្ម័គ្រចិត្ត​ក្នុង​អំឡុង​ពេល​ត្រួតពិនិត្យ​ជា​សកល ដើម្បី​ធានា​សិទ្ធិ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ការពារ​បរិស្ថាន។

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ត្រូវ​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ការ​ជួបជុំ និង​សិទ្ធិ​ចូលរួម​ក្នុង​សមាគម​ដោយ​គ្មាន​ការ​យាយី​រំខាន ការ​តាម​ឈ្លបមើល និង​ការ​រឹតត្បិត​ហួសហេតុ​ដទៃ​ទៀត។

អង្គភាព​នានា​នៃ​អង្គការ​សហប្រជាជាតិ ចាត់ទុក​ការ​លើកស្ទួយ និង​ការពារ​សិទ្ធិ​ផ្នែក​បរិស្ថាន ថា​មិនមែន​ជា​បទល្មើស​ឡើយ។

ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ មក មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៦​នាក់​ហើយ ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន ខណៈ​កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា រួម​ទាំង​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១៨​ខែ​ដល់ ២០​ខែ និង​ពិន័យ​ប្រាក់​មួយ​ចំនួន ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្រោយ​ពី​មាន​ការចោទប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ជាបន្តបន្ទាប់ ក៏​មាន​ប្រតិកម្ម​ជាច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​មួយ​ចំនួន ដោយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅលើ​សកម្មជន​បរិស្ថាន និង​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស