31 C
Phnom Penh

ភាគ​២៖ សេចក្តី​រាយការណ៍​អំពី​សេដ្ឋី និង​សេដ្ឋិនី​ខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯនាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក?

តទៅ​នេះ ជា​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា។

ឯកសារ​ប៉ាណាម៉ា (Panama Papers) ដែល​ធ្លាយ​ចេញ​ជា​សាធារណៈ​ធ្លាក់​ក្នុង​ដៃ​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists = ICIJ) នៅ​ឆ្នាំ​២០១៦ មាន​ចំនួន ១១​លាន ៥​សែន​ឯកសារ។ ឯកសារ​ទាំងនេះ​មាន​រឿង​ទាក់ទង​នឹង​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​ឯ​នាយ​សមុទ្រ (offshore shell companies) ចំនួន​ជាង ៤​សែន​ក្រុមហ៊ុន ដែល​បង្កើត​ឡើង​ដោយ​ទាំង​អ្នក​រកស៊ី​ដែល​ចង់​លាក់​លុយ លាង​លុយ និង​គេច​បង់​ពន្ធ​ឲ្យ​រដ្ឋ ទាំង​មន្ត្រី​ពុករលួយ​ធំ​តូច​គ្រប់​ជនជាតិ​ពី​ប្រទេស​ជាង ២០០ ក្នុង​ពិភពលោក។

តាម​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន Bloomberg នៅ​ខែ​កក្កដា ឆ្នាំ​២០១៩ និង​សារព័ត៌មាន Business Insider នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ការ​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​នៅ​ក្រៅ​ស្រុក មាន​លក្ខណៈ​ងាយស្រួល មិន​ពិបាក​ទេ។ អ្នក​មាន​លុយកាក់​ដូច​គំនរ​ចាយ​មិន​អស់ គេ​រក​ក្រុមហ៊ុន​រត់ការ​ភាគច្រើន​ជា​ក្រុម​មេធាវី ដោយ​បង់​កម្រៃ​បម្រើ​ការ ហៅថា សេវា។ ម្ចាស់​លុយ​មិន​ចាំបាច់​ដាក់​ឈ្មោះ​ខ្លួនឯង​ក៏​បាន គឺ​រក​អ្នក​ផ្សេង​ឈរ​ឈ្មោះ​តំណាង​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​នោះ សម្រាប់​ជា​អ្នក​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្នែក​កិច្ចការ​រដ្ឋបាល ឬ​ជាមួយ​អ្នកកាសែត។ មាន​ករណី​ខ្លះ ម្ចាស់​លុយ​មិន​ចង់​មាន​ឈ្មោះ​ក្នុង​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នោះ​ទេ ព្រោះ​គេ​លាក់​អត្តសញ្ញាណ​ភាព​របស់​គេ​ពី​រដ្ឋាភិបាល​ប្រទេស​របស់​គេ។

ក្រៅពី​ពាណិជ្ជករ សេដ្ឋី សេដ្ឋិនី​បរទេស​រាប់​សែន​នាក់​លាក់​លុយ​លើ​កោះ British Virgin Islands នៅ​អាមេរិក​កណ្តាល ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១​ម៉ឺន ៥​ពាន់​លាន​ដុល្លារ (US$1.5 trillion) អ្នកមាន​ស្រុក​ខ្មែរ​មួយ​ចំនួន​ក៏​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​លាក់​លុយ​នៅ​លើ​កោះ​នោះ​ដែរ។ ថ្វីបើ​មាន​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ខ្លះ​បើក​ហើយ​បិទ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​យ៉ាងណា​ក្តី នេះ​មិន​សន្មត​ថា​ម្ចាស់​ក្រុមហ៊ុន​ដក​ខ្លួន​ដក​លុយ​ចេញ​អស់​នោះ​ទេ។ គេ​អាច​បិទ​ឈ្មោះ​ក្រុមហ៊ុន​មួយ ប៉ុន្តែ​ទៅ​បើក​ថ្មី​មួយ​ទៀត​ដាក់​ឈ្មោះ​ផ្សេង ដូរ​ឈ្មោះ​តំណាង​របស់​គេ ព្រោះ​ថា​នៅ​លើ​កោះ​នោះ​មាន​ភ្នាក់ងារ​រង់ចាំ​ស៊ីឈ្នួល​ចេញ​មុខ​ឈរ​ឈ្មោះ​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក ដើម្បី​រក​កម្រៃ។ ម្យ៉ាងទៀត ម្ចាស់​លុយ​អាច​ផ្ទេរ​លុយ​របស់​គេ​ទៅ​ដាក់​លើ​កោះ​ដទៃ ឬ​ប្រទេស​ដទៃ ដើម្បី​បង្វែង​ដាន។ កោះ ឬ​ប្រទេស​គេ​អាច​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ ដើម្បី​លាក់​លុយ​មាន​ប្រមាណ ២៥ ហើយ​ក្នុង​ចំនួន​នេះ​មាន​ចំនួន ១៥ ភាគច្រើន​នៅ​អាមេរិក​កណ្តាល ដែល​មាន​ឈ្មោះ​លើ​គេ​ក្នុង​ពិភពលោក។

ឈ្មោះ ដេវិដ យ៉ាន (David Yan) មាន​ក្រុមហ៊ុន​ពីរ៖

  • មួយ​ចុះ​ឈ្មោះ​លើ​កោះ British Virgin Islands
  • មួយ​ទៀត​នៅ​លើ​កោះ សាម័រ (Samoa)

ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នៅ British Virgin Islands ឈ្មោះ​ក្រុមហ៊ុន EVER-GLORY ENTERPRISES (H.K.) Ltd. ចុះបញ្ជី​ឆ្នាំ​២០០០ ក្នុង​នាម​ជា​ម្ចាស់​ហ៊ុន​ផង ជា​អ្នក​ទទួល​មរតក​ផង។ អ្នក​ចូល​ហ៊ុន​ឯ​ទៀត​មាន​ឈ្មោះ៖

  • កាង ហ័កិ (Kang Huake)
  • កាង យូហ័ (Kang Yuhua)
  • លី នីង (Li Ning)
  • ស៊ុន ជៀជុន (Sun Jiajun)
  • វ៉ី រូជិន (Wei Ruqin)
  • យ៉ាន រ៉ាន (Yan Ran)

អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ​សម្រាប់​ក្រុមហ៊ុន​នេះ គឺ​ផ្ទះ​លេខ​៦១ អឺ​៣ ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​កណ្តាល២ ខណ្ឌ​ដូនពេញ ក្រុង​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ឈ្មោះ ដេវិដ យ៉ាន (David Yan) បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​មួយ​ទៀត​នៅ​លើ​កោះ​សាម័រ (Samoa) ស្ថិត​ក្នុង​មហាសាគរ​ប៉ាស៊ីហ្វិក ខាង​កើត​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ មាន​រដ្ឋធានី​ឈ្មោះ អាពីយ៉ា (Apia) ឈ្មោះ​ថា​ក្រុមហ៊ុន BEST DREAM INTERNATIONAL LTD. ដោយ​ប្រើ​ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​ឈ្មោះ Comwell Investment Consultant Ltd. មាន​អាសយដ្ឋាន​ជាន់​ទី​៩ CLI Building, 313 Hennessy Road, Wanchai, Hong Kong, China។ រីឯ​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ គឺ​ប្រើ​អាសយដ្ឋាន​ដដែល។

ឧកញ៉ា ណាង សុធី (Nang Sothy) ថៅកែ​ក្រុមហ៊ុន THY Holding Group Company, Ltd. អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អនុប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​ថា CAMFEBA បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ដាក់​ឈ្មោះ​ខ្លួន​ពីរ​ជា​ម្ចាស់​ហ៊ុន និង​ជា​អ្នក​ទទួល​មរតក ឈ្មោះ​ក្រុមហ៊ុន LAK Resources International Ltd. ចុះបញ្ជី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០០៥ នៅ​កោះ British Virgin Islands។ ឧកញ៉ា ណាង សុធី ប្រើ​ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​ឈ្មោះ Integrated Financial Services Ltd. ជាន់​ទី​១១ អគារ Dah Sing Life, 99 Des Voeux Road, Central Hong Kong និង​ប្រើ​អាសយដ្ឋាន​ស្រុក​ខ្មែរ​ផ្ទះ​លេខ​៧ ផ្លូវ​លេខ​៦០៦ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ឧកញ៉ា ណាង សុធី (Nang Sothy) ថៅកែ​ក្រុមហ៊ុន THY Holding Group Company, Ltd. អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អនុប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​ថា CAMFEBA

ឈ្មោះ ស្ការ៉េត ស៊ិនដ្រេ (Skaret Sindre) ទំនង​ជា​ឈ្មោះ​ជនបរទេស​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នៅ​កោះ British Virgin Islands ចុះបញ្ជី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ ឈ្មោះ​ក្រុមហ៊ុន Golden Luck Winner Ltd. ជាមួយ​ដៃគូ​ហ៊ុន​ពីរ​នាក់​ទៀត៖

  • ឈ្មោះ Miller Thomas Robbins ពី​ក្រុង Wexford សាធារណរដ្ឋ​អៀកឡង់ដ៍
  • ឈ្មោះ Pang Peter Chiusing មាន​អាសយដ្ឋាន​នៅ​អាប៊ូដាប៊ី ប្រទេស​អារ៉ាប់រួម

ក្រុមហ៊ុន Golden Luck Winner Ltd. ជួល​ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​ឈ្មោះ Prime Treasure Registration Services Ltd. មាន​ទីតាំង​ស្ថិត​នៅ​បន្ទប់​លេខ​៦១០ ជាន់​ទី​៦ Tower 1, Silvercord 30, Canton Road, Tsim Sha Tsui, Kowloon, Hong Kong។ ក្រុមហ៊ុន Golden Luck Winner Ltd. ប្រើ​អាសយដ្ឋាន​ស្រុក​ខ្មែរ ផ្ទះ​លេខ​D01 ផ្លូវ​លេខ​១០១ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ទូរស័ព្ទ​លេខ ០១៣ ៧២៨ ៦៦៩ រាជាណាចក្រ​កម្ពុជា។

ឈ្មោះ ឡុង វីរៈ (Long Vireak) បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ shell company ចំនួន​ប្រាំ​តែ​ម្នាក់ឯង​នៅ​សាធារណរដ្ឋ​កោះសីស្ហែល (Seychelles) ស្ថិត​ក្នុង​មហាសមុទ្រ​ឥណ្ឌា ប៉ែក​បូព៌ា​ទ្វីប​អាហ្រ្វិក ដែល​មាន​រដ្ឋធានី​ឈ្មោះ Victoria។

ឡុង វីរៈ ចុះបញ្ជី​ក្រុមហ៊ុន​ឈ្មោះ Big Aim Ltd. នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ដោយ​ជួល​សាខា​ក្រុមហ៊ុន​នៅ​ប៉ាណាម៉ា ឈ្មោះ Mossack Fonseca ពី​ប្រទេស​ថៃឡង់ដ៍។ ក្រុមហ៊ុន​ចំនួន​បួន​ទៀត​ឈ្មោះ៖

  • Ultra Media Entertainment Ltd.,
  • Speedquick Media Ltd.,
  • Solid Media Solutions Ltd.
  • Easyflow Media Ltd.

ក្រុមហ៊ុន​ទាំងនេះ ចុះបញ្ជី​នៅ​កោះ British Virgin Islands ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៨ ដោយ​ប្រើ​ឈ្មោះ និង​អាសយដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ឈ្មោះ Nick Macao, ១៥៣០ Roosevelt Road, Long Beach, CA 90807 និង​អាសយដ្ឋាន​ស្រុក​ខ្មែរ ផ្ទះ​លេខ​២២ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។ អាសយដ្ឋាន​ស្រុក​ខ្មែរ​មួយ​ទៀត​នៅ​ផ្ទះ​លេខ​E-12 វិថី​កម្ពុជាក្រោម ឬ​ផ្លូវ​លេខ​១០៨ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ឈ្មោះ ចន្ទ តារា (Chan Dara) ជួល​ក្រុមហ៊ុន​មេធាវី​នៅ​ប៉ាណាម៉ា ឈ្មោះ Mossack Fonseca ពី​ប្រទេស​សិង្ហបុរី បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​តែ​ម្នាក់ឯង ឈ្មោះ GUD Ventures Ltd. ហើយ​ចុះបញ្ជី​នៅ​កោះ British Virgin Islands ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ក្រុមហ៊ុន​បម្រើ​ការ​យក​កម្រៃ​នៅ​សិង្ហបុរី Mossack Fonseca ស្ថិតនៅ​អាសយដ្ឋាន ១៩ Keppel Road, ជាន់​ទី​៣ បន្ទប់​លេខ​០៣−០៥ អគារ​ជីត ប៉ូហ៍ (Jit Poh), សិង្ហបុរី ០៨៩០៥៨។

ឈ្មោះ តារា ចន្ទ (Dara Chan) ជួល​ក្រុមហ៊ុន​មេធាវី​នៅ​ប៉ាណាម៉ា ឈ្មោះ Mossack Fonseca ពី​ប្រទេស​សិង្ហបុរី បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក មាន​បួន​ហ៊ុន ឈ្មោះ៖

  • Lee’s Cambodia Holding Ltd.,
  • Lee’s Frozen Food Sdn. Bhd.,
  • The Tower Hotel Sdn. Bhd.

ក្រុមហ៊ុន​ទាំងនេះ ចុះបញ្ជី​នៅ​កោះ British Virgin Islands ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៤ ដោយ​មាន​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ ផ្ទះ​លេខ​៦៤​Beo ផ្លូវ​លេខ​១១ សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ជនបរទេស​ឈ្មោះ Okubo Alejandro Marcelo បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​នៅ​លើ​កោះ British Virgin Islands ដាក់​ឈ្មោះ​ថា Triumph Business Development Ltd. ហើយ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១២ ដោយ​ជួល​ក្រុមហ៊ុន W.Y. Fung & Co. លេខ 1/F Xiu Ping Commercial Building, 104 Jervois Street, Sheung Wan, Hong Kong។ ចំណែក​ឯ​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ គឺ​ផ្ទះ​លេខ​១០​AE1 ផ្លូវ​លេខ​៩៣ ក្រុម​១០៧ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ភាគ​បន្ត សូម​ជូន​នៅ​សប្តាហ៍​បន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស