27 C
Phnom Penh

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ចម្រុះ​នៅ​ច្រក​របៀង​ឫស្សី​បី​គុម្ព បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​សត្វ​មាន់​ទា​ពី​វៀតណាម​ដោយ​ខុសច្បាប់

បទវិភាគ

ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម បាន​ឲ្យ​ដឹង​ថា បទល្មើស​នាំចូល​សត្វ​មាន់​ទា និង​ផលិតផល​ពី​បក្សី​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា នៅ​ពេល​យប់ តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព ស្ថិត​ក្នុង​ភូមិ​ជាវប្ដី ឃុំ​តាអូរ ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ធ្វើ​សកម្មភាព​គគ្រឹកគគ្រេង​ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញ​មុខ​បង្ក្រាប​នោះ​ទេ។

ប្រភព​បញ្ជាក់​ថា បទល្មើស​នេះ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ដោយសារ​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ ហើយ​បើក​ឲ្យ​រថយន្ត​ដឹក​សត្វ​បក្សី​ឆ្លងដែន​ពី​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​ទាំងនេះ ដោយ​គ្មាន​ឯកសារ​ស្ដីពី​សុខភាព​សត្វ​បក្សី​ពី​ភាគ​វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

ពលរដ្ឋ​បញ្ជាក់​ថា បញ្ហា​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ថៃ លី ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​តាកែវ ផង​ដែរ។

ប្រភព​បន្ត​ទៀត​ថា កាលពី​សប្ដាហ៍​មុន​នេះ មាន​សាច់ញាតិ​របស់​លោក ថៃ លី ឈ្មោះ សឿន ក៏​ជា​មន្ត្រី​ការិយាល័យ និង​បសុព្យាបាល​ខេត្ត​តាកែវ ក៏​បាន​បើក​ដៃ​ឲ្យ​រថយន្ត​ជាច្រើន​គ្រឿង​ដឹក​កូនមាន់ និង​កូនទា​ចេញពី​វៀតណាម នៅ​ម៉ោង​ជិត​ភ្លឺ ចូល​តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព ចូល​មក​កម្ពុជា​ដោយ​រលូន។

ចំពោះ​សកម្មភាព​នាំចូល​បក្សី​ពី​វៀតណាម ចូល​មក​កម្ពុជា​នេះ គឺ​បាន​អនុវត្ត​ផ្ទុយ​ពី​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី A/H5N1 ដែល​ផ្ទុះ​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម ហើយ​ក្រសួង​កសិកម្ម បាន​ហាម​ការនាំចូល​សត្វ​មាន់ សត្វ​ទា និង​ផលិតផល​បក្សី​គ្រប់​ប្រភេទ​ពី​វៀតណាម ត្រូវតែ​មាន​លិខិត​បញ្ជាក់​សុខភាព​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​អាជ្ញាធរ​វៀតណាម និង​មន្ត្រី​ជំនាញ​ពេទ្យ​សត្វ​ខ្មែរ​នៅ​តាម​ច្រក​ព្រំដែន​នីមួយៗ។

យ៉ាងនេះ​ក្តី The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ ដើម្បី​ឆ្លើយតប​ជុំវិញ​ការ​លួច​នាំចូល​សត្វ​មាន់​ទា និង​ផលិតផល​បក្សី​តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព មាន​ទីតាំង​នៅ​ភូមិ​ជាវប្តី ឃុំ​តាអូរ ស្រុក​គីរីវង់ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស