27 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា ថា​សកម្មភាព​របស់​ខ្លួន​មិន​បាន​ល្មើស​នឹង​ផ្លូវច្បាប់​នោះ​ទេ

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា អះអាង​ថា ការ​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​កន្លងមក គឺ​មិន​បាន​បំពាន​ទៅលើ​ផ្លូវច្បាប់​នោះ​ទេ ព្រោះ​មន្ត្រី​គណបក្ស​របស់​ខ្លួន​គ្រាន់តែ​ចុះ​មូលដ្ឋាន​ដើម្បី​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ជូន​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ​ណាមួយ​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​គណបក្ស​កែទម្រង់​កម្ពុជា ផ្អាក​ធ្វើ​សកម្មភាព​របស់​ខ្លួន​មុន​នឹង​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ​ថា មក​ទល់​នឹង​ពេល​នេះ គណបក្ស​កែទម្រង់​កម្ពុជា កំពុងតែ​ស្វះស្វែង​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឲ្យ​បាន​ពេញលេញ ដើម្បី​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ដូចជា​ស្នាម​មេដៃ គោល​នយោបាយ និង​បទបញ្ជា​ផ្ទៃក្នុង​ជាដើម។

លោក​អះអាង​ថា ក្រសួង​មហាផ្ទៃ​អាច​នឹង​មាន​ការ​ភ័ន្តច្រឡំ​ចំពោះ​សកម្មភាព​ដែល​សកម្មជន​របស់​គណបក្ស​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​កន្លងមក។ ជាង​នេះ​ទៀត លិខិត​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​៣០ មិថុនា នោះ ក៏​អាច​នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យល់​ច្រឡំ​លើ​សកម្មភាព​របស់​គណបក្ស​ដែល​អាច​បង្ក​ជា​ការ​រាំងស្ទះ​ដល់​ដំណើរការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ថែមទៀត។

លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់​ថា ប្រសិនបើ​មិន​មាន​ការ​រាំងស្ទះ​ទេ គណបក្ស​កែទម្រង់​កម្ពុជា នឹង​បំពេញ​បែបបទ​ផ្លូវច្បាប់​ដាក់​ជូន​ក្រសួង​មហាផ្ទៃ​ឲ្យ​បាន​រួចរាល់​នៅ​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ​២០២១ នេះ ហើយ​គណបក្ស​របស់​លោក​នឹង​ប្រឹងប្រែង​រៀបចំ​តំណាង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ចូលរួម​ការបោះឆ្នោត​អសកល​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ចេញ​លិខិត​ទៅកាន់​គណបក្ស​កែទម្រង់​កម្ពុជា ថា គណបក្ស​នេះ​មិនទាន់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​បែរជា​ធ្វើ​សកម្មភាព​តាម​បណ្តា​រាជធានី-ខេត្ត​ដោយ​បំពាន​ទៅ​នឹង​មាត្រា​៩ និង​មាត្រា​១៩​ថ្មី នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទៅវិញ។

ក្រសួង​មហាផ្ទៃ ព្រមាន​ឲ្យ​គណបក្ស​កែទម្រង់​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​នយោបាយ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ជាបន្ទាន់ ហើយ​ត្រូវ​រង់ចាំ​រហូត​ដល់​គណបក្ស​បាន​ចុះបញ្ជី​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​រួចរាល់​ជា​មុន​សិន។

ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា លោក ទិន សៃ បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា ទៅ​ក្រសួង​មហាផ្ទៃ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២១ ក្នុង​នោះ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​នេះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គណបក្ស​កែទម្រង់​កម្ពុជា កំពុង​ចុះ​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ ដើម្បី​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ឲ្យ​បាន​ពេញលេញ​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដាក់​ជូន​ក្រសួង​មហាផ្ទៃ។

គណបក្ស​កែទម្រង់​កម្ពុជា គឺជា​គណបក្ស​ទី​៤​ហើយ​ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨។ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៩។ គណបក្ស​ខ្មែរ​អភិរក្ស បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៩ និង​គណបក្ស​បេះដូង​ជាតិ បាន​បង្កើត​ឡើង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ នេះ។

ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ​ចំនួន ១១៨​រូប ក៏​ត្រូវ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​ផង​ដែរ។

យ៉ាង​នេះ​ក្តី ចាប់តាំង​ពី​ឆ្នាំ​២០១៨ មក មន្ត្រី​ទាំងនោះ​បាន​នាំគ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ព្រោងព្រាត និង​ចេញ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ដោយ​ខ្លួនឯង​ថែមទៀត ទាំង​ភាគី​លោក កឹម សុខា និង​ភាគី​លោក សម រង្ស៊ី។

ក្នុង​ចំណោម​នោះ មាន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ២​រូប ភាគី​លោក សម រង្ស៊ី បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ គឺ​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី លី ស្រីវីណា និង​អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

សូម​ជម្រាប​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ គេ​សង្កេត​ឃើញ​លោក ប៉ុល ហំម លោក អ៊ូ ច័ន្ទរ័ត្ន រួម​ទាំង​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​កែទម្រង់​កម្ពុជា បាន​ចុះ​ធ្វើ​សកម្មភាព​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជាបន្តបន្ទាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស